បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​លួច​លុយ​ក្នុង​កាស៊ីណូ​ក្រោ​ន​

497
ចែករម្លែក

ដោយ​: គ្រញូង / ប៉ៃលិន​: កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​លួច​លុយ​ក្នុង​កាស៊ីណូ​ក្រោ​ន​។​

​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ត្រូវ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្ទឹង​កាច់ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​អំពី​ករណី លួច (​លួច​លុយ​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន​)​។​

​ឈ្មោះ មាស ចន្ថា ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជា​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន បានដាក់​ពាក្យបណ្តឹង និង​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ខេត្ត ប៉ៃលិន មាន​ចោរ​មិនដឹង​ចំនួន​បាន​កាត់​សោ​កាស៊ីណូ​ក្រោ​ន​ចូល​លួច​លុយ​អស់​មួយចំនួន ហើយ​រត់គេចខ្លួន​អស់​។​

​លោក រី តារា អធិការនគរបាល​ស្រុក សាលា ក្រៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ ឈុន សុ​ខេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ និង​ឈ្មោះ ឆា​ម សុខ​ខិត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត ប៉ៃលិន​។

​លោក ហ៊ីង យ៉ាន់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​បញ្ជាក់ថា ក្រោយពី​ធ្វើការ​សាកសួរ រួច​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​សារភាពថា ពិតជា​បាន​លួច​លុយ​នៅក្នុង​កាស៊ីណូ​ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម