សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រគល់​ពានរង្វាន់​គី​ណា​ល់ ប្រចាំឆ្នាំ​២០១៩ ដល់​ក្រុមនិស្សិត​ជ័យលាភី

328
ចែករម្លែក

ដោយ​៖ ទេព មង្គល
​ភ្នំពេញ​៖
សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែធ្នូ ២០១៩ នេះ បានប្រគល់​ពានរង្វាន់​គី​ណា​ល់ ប្រចាំឆ្នាំ​២០១៩ ដល់​ក្រុមនិស្សិត​ជ័យលាភី ដែល​បាន​រៀបចំឡើង ដោយ​មូលនិធិ​គី​ណា​ល់ ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង ពី​សហគ្រាស ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល ខណៈពេលដែល​សហគ្រាស ក្រុមហ៊ុន​នេះ ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៦០ ឆ្នាំ នៃ​ឱសថ​គី​ណា​ល់​។​

​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ របស់​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល នេះ ពានរង្វាន់​គី​ណា​ល់ ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ ២០១៣ ក្នុង​គោលបំណង​ជំរុញ​និស្សិត​កម្ពុជា ផ្នែក​វិទ្យាសាស្ត្រ សុខាភិបាល ឲ្យ​មានឱកាស​ធ្វើការ សិក្សា​ស្រាវជ្រាវ ស្របតាម​ស្តង់ដារ វិទ្យាសាស្ត្រ​អន្តរជាតិ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍ ឲ្យ​បាន​ពេញលេញ ក្នុង​វិស័យ​អប់រំ និង​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ ការសិក្សា​ស្រាវជ្រាវ លក្ខណៈ​បែប​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​។​

​តាមរយៈ​ឈ្មោះ «​ពានរង្វាន់​គី​ណា​ល់​» ឬ​ហៅថា « KINAL Prize» ពានរង្វាន់​នេះ មាន​គោលបំណង លើកទឹកចិត្ត ឲ្យ​យុវជន​ជំនាន់​ក្រោយ យក​គំរូ​តាម លោក​ឱសថ​បណ្ឌិត កុក សុខ​គីម ដែល​កាលពី ៦០ ឆ្នាំមុន លោក​បាន​ផលិត​ថ្នាំ​បំបាត់​ការឈឺចាប់ (​មាន​ឈ្មោះថា គី​ណា​ល់​) ដែលជា​ថ្នាំពេទ្យ​ខ្មែរ ដំបូង​គេ ផលិត​ក្នុងប្រទេស​កម្ពុជា ខណៈពេលដែល នៅ​ប្រទេស​យើង ទើបតែ​ប្រកាស​ទទួល បាន​ឯករាជ្យ​ថ្មីៗ ពី​បារាំង​។​

​លោក​ឧកញ៉ា ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​មូលនិធិ​គី​ណា​ល់ និង​ជា​ប្រធាន​អគ្គនាយក សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម បាន​គូសបញ្ជាក់ថា ពានរង្វាន់​គី​ណា​ល់​នេះ បាន​ចូលរួម បណ្តុះបណ្តាល ធនធានមនុស្ស ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ឲ្យ​ប្រទេស​តូច​មួយ ដូចជា​ប្រទេស​កម្ពុជា អាច​ប្រកួតប្រជែង ជាមួយ​បណ្តា​ប្រទេស មហាអំណាច​អន្តរជាតិ ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ និង​បង្កើត​ថ្មី​។​

​មូលនិធិ​គី​ណា​ល់ ត្រូវបាន​បង្កើតឡើង ក្នុងអំឡុង​ឆ្នាំ​២០១៣ ក្នុង​គោលដៅ​លើកស្ទួយ វិស័យ​ស្រាវជ្រាវ ផ្នែក​សុខាភិបាល តាមរយៈ​ពានរង្វាន់​គី​ណា​ល់ និង​ពានរង្វាន់​ត្នោត​មាស សម្រាប់​ការស្រាវជ្រាវ ផ្នែក​កសិកម្ម និង​ចំណីអាហារ​។ ក្នុងចំណោម​និស្សិត​ចំនួន ២០ ក្រុម មកពី​មហាវិទ្យាល័យ ផ្នែក​សុខាភិបាល​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចុះឈ្មោះ ចូលរួម​ប្រកួត​ដណ្តើម ពានរង្វាន់​គី​ណា​ល់ លើក​ទី​៧ ក្រោម​ប្រធានបទ «​ការវិវត្តន៍​នៃ​ការព្យាបាល ការឈឺចាប់ ពី​អតីតកាល រហូតមកដល់ បច្ចុប្បន្នកាល​»​។ ហើយ​ក្នុងនោះ​ផងដែរ មាន​និស្សិត​ចំនួន ១៥ ក្រុម ដែល​បាន​ផ្ញើ​លទ្ធផល អត្ថបទ​សិក្សា​ស្រាវជ្រាវ របស់ខ្លួន ទៅ​គណៈមេប្រយោគ​ឯករាជ្យ​ទាំង ៤ រូប និង​ប្រធាន​គណៈមេប្រយោគ​។​

​ការវាយតម្លៃ​លើ ឯកសារ​ស្រាវជ្រាវ​ទាំងនេះ ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃ​អង្គារ ទី​៥ ខែវិច្ឆិកា នៅ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល ហើយ​និស្សិត ចំនួន ៦​ក្រុម ត្រូវបាន​ជ្រើសរើស ឲ្យ​ជាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ពួកគេ នឹងត្រូវ​ទៅ​ចូលរួម ការប្រកួតប្រជែង បន្តទៀត ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ភាសា​បារាំង នៃ​កម្ពុជា (IFC)​។ បន្ទាប់មក និស្សិត​ជ័យលាភី វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់​គី​ណា​ល់ ប្រចាំឆ្នាំ​២០១៩ ទាំង ៣ ក្រុម ដែល​ឈ្នះ ក្នុងការ​ប្រកួត​នេះ បានមក​ទទួល ពានរង្វាន់​គី​ណា​ល់ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ក្នុងឱកាស​ខួប ៦០ ឆ្នាំ នៃ​ការបង្កើត​ថ្នាំ​បំបាត់ ការឈឺចាប់ «​គី​ណា​ល់​» នាពេលនេះ​។​

​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បានលើកឡើង​ថាៈ ” ពានរង្វាន់​គី​ណា​ល់ និង​ពានរង្វាន់​ត្នោត​មាស សម្រាប់​ការងារ​ស្រាវជ្រាវ ផ្នែក​ក្សេត្រសាស្ត្រ និង​ការផលិត ចំណីអាហារ ដែល​បង្កើតឡើង ដោយ​ក្រុមហ៊ុន សហគ្រាស ប៉េ ប៉េ អឹម ខុន​ហ្វី​រេល គឺជា​ការលើកទឹកចិត្ត ដល់​ក្មួយៗ យុវ​និស្សិត ឱ្យចូល​រួម​ធ្វើ​ការងារ ស្រាវជ្រាវ និង​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដែល​នេះហើយ​គឺជា​អ្វី ដែល​ប្រទេសជាតិ​យើង ត្រូវការ ហើយ​ដែល​ថ្នាក់ដឹកនាំ​របស់​យើង កំពុងតែ​អនុវត្ត ” ។​

​នៅ​ទីបញ្ចប់​នៃ​កម្មវិធី អបអរសាទរ​ខួប ៦០ ឆ្នាំ នៃ​ឱសថ​គី​ណា​ល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​អញ្ជើញ​ជា​កិត្តិយស ប្រគល់​ពានរង្វាន់​គី​ណា​ល់ ប្រចាំឆ្នាំ​២០១៩ ដល់​ក្រុមនិស្សិត​ជ័យលាភី ក្នុងនោះ​ក្រុមនិស្សិត​ជ័យលាភី ចំណាត់ថ្នាក់​លេខ​១ បាន​ពានរង្វាន់​មួយ និង​ថវិកា ៤ លាន​រៀល ក្រោម​ប្រធានបទ ការសិក្សា​ពី​ការប្រើប្រាស់ រុក្ខជាតិ​ឱសថ​ព្យាបាល ការឈឺចាប់​នៃ​របួស នា​សម័យ​កម្ពុជា ប្រជាធិបតេយ្យ និង​នាពេល​បច្ចុប្បន្ន នៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ឆ្នាំ​២០១៩ ។ ក្រុមនិស្សិត​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​២ បាន​ពានរង្វាន់​មួយ និង​ថវិកា ២ លាន​រៀល ក្រោម​ប្រធានបទ ការវិវត្តន៍​នៃ​ការគ្រប់គ្រង​ការឈឺ​ធ្មេញ រវាង​អតីតកាល ក្រោម​អាយុ ១២​ឆ្នាំ និង​បច្ចុប្បន្ន ក្នុងចំណោម សិស្ស​ថ្នាក់​ទី​១២ នៃ​សាលាបង្រៀន​គូ​រ៉េដ​វែ​ល​។ ក្រុមនិស្សិត​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​៣ បាន​ពានរង្វាន់​មួយ និង​ថវិកា ១.២០០.០០០ លាន​រៀល ក្រោម​ប្រធានបទ ការវិវត្តន៍ នៃ​ការគ្រប់គ្រង ជំងឺ​ឈឺក្បាល និង​កត្តា​ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ ការព្យាបាល​ក្នុងចំណោម​និស្សិត នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (​ប្រទេស​កម្ពុជា​) ក្នុង​រយៈពេល ៣ ឆ្នាំ ចុងក្រោយ​។ ចំណែក​និស្សិត បី​ក្រុម​ទៀត ដែល​មិនបាន​ជាប់​ចំណាត់ថ្នាក់ ក្នុងការ​ប្រកួតប្រជែង ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក៏បាន​ត្រូវប្រគល់​រង្វាន់ លើកទឹកចិត្ត ៤០ ម៉ឺន​រៀល ក្នុង​មួយក្រុម​ផងដែរ​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម