ខួប ៦០ ឆ្នាំ នៃ​ឱសថ​គី​ណា​ល់​៖ សម្តេច​វិបុល​សេនា​ភក្តី ថា​បានផ្ដល់​តម្លៃ ដល់​ការស្រាវជ្រាវ គំនិត​ច្នៃប្រឌិត

661
ចែករម្លែក

ដោយ​៖ ទេព មង្គល​
​ភ្នំពេញ​៖
កាលពី​ថ្ងៃទី​១៨ ខែធ្នូ ២០១៩ នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ អបអរសាទរ​ខួប ៦០ ឆ្នាំ នៃ​ឱសថ​គី​ណា​ល់ និង​ពិធី​ប្រគល់​ពានរង្វាន់​គី​ណា​ល់ ប្រចាំឆ្នាំ​២០១៩ ដល់​ក្រុមនិស្សិត​ជ័យលាភី ដែល​បាន​រៀបចំឡើង ដោយ​មូលនិធិ គី​ណា​ល់ ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង ពី​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល ដោយ​សម្ដេច បាន​វាយតម្លៃថា បានផ្ដល់​តម្លៃ ដល់​ការស្រាវជ្រាវ គំនិត​ច្នៃប្រឌិត​។​

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ

​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម បាន​ប្រារព្ធ​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ឱសថ បំបាត់​ការឈឺ​ចុកចាប់ ដែលមាន​ឈ្មោះថា ឱសថ​គី​ណា​ល់ ដែល​ឱសថ​នេះ ត្រូវបាន​បង្កើតឡើង​ដំបូង​គេ នៅ​ប្រទេស​កម្ពុជា ដោយ​លោក​ឱសថ​បណ្ឌិត កុក សុខ​គីម​។ វត្តមាន​របស់​ឱសថ​គី​ណា​ល់ បានបញ្ជាក់​ពី​អាយុកាល នៃ​ការចាប់​កំណើត​របស់ ឧស្សាហកម្ម​ឱសថ នៅក្នុង​ប្រទេស​កម្ពុជា​យើង កាលពី ៦០ ឆ្នាំមុន​។​

​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​អគ្គនាយក សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល បាន​បញ្ជាក់ថា កាលពី​ទសវត្សរ៍ ឆ្នាំ​១៩៩០ លោក​បាន​រួបរួមគ្នា ជាមួយ​ឱសថការី ដែល​បាន​រស់រានមានជីវិត ពី​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម ដើម្បី​រួមគ្នា​បង្កើត​ឧស្សាហកម្ម ឱសថ នៅក្នុង​ប្រទេស របស់​យើង​ឡើងវិញ តាមរយៈ​ការបង្កើត​សហគ្រាស ផលិត​ឱសថ ប៉េ​ប៉េអឹម ហើយ​យើង​បានចាប់ផ្ដើម​ផលិត ឱសថ​គី​ណា​ល់ ឡើងវិញ ដោយ​បោះជំហាន តាម​លំនាំ​ស្ថាបនិក និង​សហគ្រិន​ជំនាន់​មុន របស់​សហគ្រាស​យើង​។​

លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង

​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង បាន​បញ្ជាក់ថា​៖ ” កាលពី​ឆ្នាំ ១៩៩២ ខណៈពេលដែល​ខ្ញុំ បាន​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមចំណែក កសាង​ប្រទេសជាតិ​ឡើងវិញ ក្នុង​វិស័យ​ឱសថ​សាស្ត្រ ដែលជា​ជំនាញ​របស់ខ្ញុំ ខ្ញុំ​មានគំនិត​រួចជាស្រេច ទៅហើយ​ថា នឹងធ្វើ​ឲ្យ​ឧស្សាហកម្ម​មួយ​នេះ រស់​ឡើងវិញ​។ ចាប់តាំងពី​ទសវត្ស​ន៍​ឆ្នាំ ១៩៦០ រហូតមកដល់ មុន​សម័យ​ខ្មែរក្រហម វិស័យនេះ មានការ​រីកចម្រើន យ៉ាងខ្លាំង​ក្លា ដែល​អាចឆ្លើយតប ទៅនឹង​តម្រូវការ​ផ្នែក​ឱសថ មួយផ្នែកធំ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង ” ។​

​លោក​ឱសថ​បណ្ឌិត បាន​បន្ថែមថា​៖ ” ឱសថ​គី​ណា​ល់ គឺជា​និមិត្តរូប នៃ​ការ​រស់​ឡើងវិញ នៃ​វិស័យ​ឧស្សាហកម្ម​ឱសថ នៅ​កម្ពុជា ព្រោះថា គី​ណា​ល់ គឺជា​ថ្នាំពេទ្យ ដែល​ផលិត​នៅ​ប្រទេស​ខ្មែរ លើកដំបូង​បង្អស់​។ ការជ្រើសរើស​នេះ មិនមែនជា​រឿង មនោសញ្ចេតនា​នោះទេ គឺ​កើតចេញពី​ឆន្ទៈ និង​ជំនឿ​យ៉ាង​មុតមាំ ក្នុងការ​ចូលរួមចំណែក កសាង​ប្រទេសជាតិ​ឡើងវិញ ក្នុងនាម​ជា​សហគ្រិន មួយរូប ព្រោះ​ខ្ញុំ​មើលឃើញថា ការអភិវឌ្ឍ​ជាតិ​ឡើងវិញ ត្រូវតែមាន​ឫស ទើប​មាន​ផ្លែ ហើយ គី​ណា​ល់ នេះហើយ គឺជា​ឫស និង​ជា​អត្តសញ្ញាណ នៃ​វិស័យ​ឧស្សាហកម្ម​ឱសថ នៅក្នុង​ប្រទេស​កម្ពុជា​យើង ។ ចាប់តាំងពី​ពេលនោះ​មក ផលិតផល​ឱសថ​ទាំងអស់ នៃ​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​ទីផ្សារ​ជាតិ និង​ទីផ្សារ​អន្តរជាតិ ហើយ​ឱសថ​គី​ណា​ល់ គឺជា​ឱសថ​ដែល​លក់ដាច់​ជាងគេ ក្នុងចំណោម​ផលិតផល​នាំចេញ ជាពិសេស​នៅ​ទ្វីបអាហ្វ្រិក ” ។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែង​ដោយ​ក្តី​រីករាយ ជា​អតិបរមា ដែល​សម្តេច​បាន​ចូលរួម ពិធី​ប្រារព្ធ​ខួប​លើក​ទី ៦០ ឆ្នាំ នៃ​ឱសថ​គី​ណា​ល់ និង​កម្មវិធី​ប្រគល់​ពានរង្វាន់ ជូន​ជ័យលាភី សម្រាប់​ការប្រកួត​ដណ្ដើម ពានរង្វាន់​គី​ណា​ល់ លើក​ទី​៧ នាពេលនេះ ស្រប​ពេលដែល​កម្ពុជា​យើង បាននិងកំពុង​បោះជំហាន​ទៅមុខ យ៉ាងរឹងមាំ លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។​

​សម្តេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក​ឱសថ​បណ្ឌិត កុក សុខ​គីម ថា​បានផ្ដល់​តម្លៃ​ដល់​ការស្រាវជ្រាវ គំនិត​ច្នៃប្រឌិត កា​លើក​តម្លៃ​សហគ្រាស និង​ការលើកទឹកចិត្ត តាមរយៈ​ការផ្ដល់​ពានរង្វាន់​គី​ណា​ល់ ដល់​ក្មួយៗ​និស្សិត​ពេទ្យ​។ អាស្រ័យ​ហេតុនេះហើយ ទើប គី​ណា​ល់ ឱសថ​បំបាត់​ការឈឺចាប់ មាន​គុណភាព​ស្របតាម​ស្តង់ដារ​អន្តរជាតិ មានឈ្មោះ​បោះ​សម្លេង នៅលើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស តាំងពី​ផលិត​ដំបូង មកម្ល៉េះ​។ ទន្ទឹមនឹងនេះ សម្តេច​វិបុល​សេនា​ភក្ដី ក៏បាន​ថ្លែង​អំណរ​សរសើរ ដោយស្មោះ ចំពោះ​លោ​ឧកញ៉ា ហៃ លី​អ៊ាង ដែល​បាន​ទទួលយក​មរតក នៃ​ការផលិត​ឱសថ គី​ណា​ល់ មក​អភិវឌ្ឍន៍ ស្របតាម​សភាពការណ៍​អភិឌ្ឍន៍​ថ្មី របស់​ប្រទេស​កម្ពុជា ធ្វើឱ្យ​គី​ណា​ល់ រក្សាបាន​នូវ​តួនាទី ជា​មោទនភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ និង​ដើម្បី​សុខភាព​របស់​ប្រជាជន​ខ្មែរ​យើង​។​

​សម្ដេច​វិបុល​សេនា​ភក្ដី បានចាត់ទុក​ថាៈ ” ភាពជោគជ័យ នៃ​គំនិត​បង្កើត​ថ្មី របស់លោក​ឱសថ​បណ្ឌិត កុក សុខ​គីម គឺជា​ភស្តុតាង បង្ហាញ​យ៉ាងច្បាស់​ថា ក្រុមហ៊ុន​សហគ្រាស​ឱសថ របស់​ព្រះរាជាណាចក្រ​កម្ពុជា ក៏មាន​លទ្ធភាព​បង្កើត​អ្វីដែល​ថ្មី សម្រាប់​ប្រជាជន​កម្ពុជា និង​សម្រាប់​ពិភពលោក គឺ​មិនមែន​មានតែ​ក្រុមហ៊ុន​ធំៗ របស់​បរទេស​នោះទេ ដែល​អាចបង្កើត​អ្វីដែល​ថ្មី​បាន ” ។ សម្ដេច​បាន​បន្តថាៈ ” កត្តា​ជោគជ័យ​របស់លោក​ឱសថ​បណ្ឌិត កុក សុខ​គីម គឺជា​ការផ្សាភ្ជាប់​ចំណេះដឹង ដែល​ទទួលបាន​ពីសា​លា ទៅនឹង​គំនិត​ច្នៃប្រឌិត​ផ្ទាល់ខ្លួន និង​សមត្ថភាព​ក្នុងការ​បង្កើត និង​គ្រប់គ្រង សហគ្រាស ដែលជា​គន្លឹះ​សំខាន់​ណាស់ ដើម្បី​ឈានទៅ​បង្កើត​ផលិតផល ដែល​អាច​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​សង្គម​យ៉ាងពិត​ប្រាកដ ” ។​

​សំដៅ​ទៅលើ​មូលធន​មនុស្ស និង​ធនធានមនុស្ស ដែលមាន​សារៈសំខាន់​បំផុត សម្រាប់​ប្រទេស​កម្ពុជា​នោះ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បាន​សំដែង​នូវ​ការសោកស្ដាយ​បំផុត ដែល​របប​ប្រល័យពូជសាសន៍ បាន​កាប់សម្លាប់​បញ្ញវ័ន្ត ស្ទើរតែ​ទាំងអស់ និង​បាន​បន្សល់ទុក​នូវ​ស្នាមដំបៅ​ដ៏​ជ្រៅ សម្រាប់​ប្រទេស​យើង រហូតមកទល់​ពេលនេះ ដែល​ធ្វើឱ្យ​យើង​ជួប​ការលំបាក ក្នុងការ​ប្រកួតប្រជែង​សេដ្ឋកិច្ច នៅលើ​ឆាក​អន្តរជាតិ ក្នុង​បរិបទ​នៃ សាកលភាវូបនីយកម្ម បច្ចុប្បន្ននេះ​។​

​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បាន​មានប្រសាសន៍ថាៈ យ៉ាងណាមិញ បើ​គ្មាន​សន្តិភាព គឺ​គ្មាន​ការអភិវឌ្ឍ បើ​គ្មាន ៧ មករា គឺ​គ្មានអ្វីៗ​ទាំងអស់ នៅពេលនេះ​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល ក្នុងការ​ថែរក្សា​សន្តិភាព បានអនុញ្ញាត​ឱ្យ​យើង ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ទទួលបាន កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​អត្រា​ប្រចាំឆ្នាំ ប្រមាណ ៧ ភាគរយ ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​ចុងក្រោយ ហើយ​បាន​កែប្រែ​មុខមាត់​ប្រទេស​យើង​ជាថ្មី គួរ​ជាទី​មោទនៈ និង​មានការ​រីកចម្រើន លើ​គ្រប់​វិស័យ​។

​សម្ដេច បាន​ថ្លែងថាៈ ” យើង​ត្រូវ​ចាប់យក​ឱកាស​នេះ​ឱ្យបាន ហើយ​វា​ជា​អ្វីដែល​រាជរដ្ឋាភិបាល កំពុងតែ​ធ្វើ ដើម្បី​បណ្ដុះបណ្ដាល ធនធានមនុស្ស ទាំង​ផ្នែក​វិជ្ជាជីវៈ ក៏ដូចជា​ផ្នែក​ស្រាវជ្រាវ ព្រោះ​ប្រទេស​យើង ត្រូវការ​ធនធាន​ទាំងនេះ ដើម្បី​អាច​រក្សា​សមត្ថភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច នៅលើ​ឆាក​អន្តរជាតិ តទៅទៀតបាន​។ ប្រទេសជាតិ កំពុងតែ​ត្រូវការ​យុវជន ជាទីបំផុត ដើម្បីឱ្យ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស ជាពិសេស​យុវជន ដែលមាន​សមត្ថភាព និង​ចាប់អារម្មណ៍​លើ​ការងារ ស្រាវជ្រាវ​បង្កើត​អ្វីដែល​ថ្មី នៅក្នុង​គ្រប់​វិស័យ​សំខាន់ៗ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ” ។​

​ជាទី​បញ្ចប់ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បាន​សូម​សម្ដែង​នូវ​ការកោតសរសើរ ដល់​សហការី​ទាំងអស់ របស់​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និ័​ង​ក្រុមហ៊ុន​ខុន​ហ្វី​រេល ចំពោះ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​សហគ្រាស និង​ចំពោះ​ការចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេស ប្រកបដោយ​និរន្តរភាព ការចុះ​សម្រុង​គ្នា និង​ចំពោះ​ការកសាង​កេរ្តិ៍ឈ្មោះ នៅលើ​ឆាក​អន្តរជាតិ​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម