លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និងមជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​-​ឡាន​ឆាង​ ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ លើកទីមួយ ​សម្រាប់​ការគ្រប់ គ្រង​ទន្លេមេគង្គ​ឲ្យ​បាន​កាន់តែ​ប្រសើរ​

408
ចែករម្លែក
លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង
​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​-​ឡាន​ឆាង​
​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ លើកទីមួយ
​សម្រាប់​ការគ្រប់គ្រង​ទន្លេមេគង្គ​ឲ្យ​បាន​កាន់តែ​ប្រសើរ​

ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩៖ ការផ្លាស់ប្តូរ​ទិន្នន័យ និង​ព័ត៌មាន ការពិនិត្យ​តាមដាន​អាង​ទន្លេ និង​ការវាយតម្លៃ​រួមគ្នា​លើ​ធនធានទឹក​ទន្លេមេគង្គ និង​ធនធាន​ពាក់ព័ន្ធ​ដទៃទៀត គឺជាសកម្មភាព​សំខាន់ៗ ដែល​នឹង​ទទួលបាន​ពី​ភាពជា​ដៃគូ​រវាង​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ (​ដែល​ហៅ​កាត់​ថា MRCS) និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក​មេគ​ង្គ​-​ឡាន​ឆាង (LMC Water Center)​។​

​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស រវាង MRCS និង LMC Water Center បាន​លេចចេញ​ជា​រូបរាង​កាលពី​ម្សិលមិញ ខណៈដែល​ភាគី​ទាំងពីរ​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​បញ្ជាក់​ពី​ចំណង​សម្ព័ន្ធ​ភាពជា​ផ្លូវការ​។

​អនុស្សរណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន MRC និង​បណ្ឌិត ចុង យុង (Dr. Zhong Yong) អគ្គលេខាធិការ LMC Water Center នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​-​ឡាន​ឆាង នៅ​ទីក្រុងប៉េកាំង ដោយ​រួមមាន​វត្តមាន​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​បរិស្ថាន មកពី​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​-​ឡាន​ឆាង​ទាំង​៦​។​

​បណ្ឌិត ហត្ថ​ដា បាន​លើកឡើងថា “​អនុស្សរណៈ​នេះ តំណាង​ឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្រោម នៅពេលដែល​យើង​ស្វែងរក​ឲ្យ​មានការ​គ្រប់គ្រង​អាង​ទន្លេមេគង្គ​លើ​-​ក្រោម ប្រកបដោយ​ប្រសិទ្ធភាពសម្រាប់​ផលប្រយោជន៍​រួម និង​និរន្តរភាព​នាពេល​អនាគត​។​”

​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ ភាគី​ទាំងពីរ​នឹងធ្វើ​ការរួម​គ្នា​តាមរយៈ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​នានា ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព សម្រាប់​ប្រទេស​តាម​អាង​ទន្លេមេគង្គ​។​

​គោលដៅ​សកម្មភាព​បច្ចេកទេស​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ រួមមាន​ការចែករំលែក​បទពិសោធន៍ ការផ្លាស់ប្តូរ​ទិន្នន័យ និង​ព័ត៌មាន ការពិនិត្យ​តាមដាន​អាង​ទន្លេ ការសិក្សា និង​វាយតម្លៃ​រួមគ្នា ការគ្រប់គ្រង​ចំណេះដឹង ព្រមទាំង​ការកសាង​សមត្ថភាព​ជំនាញ​ពាក់ព័ន្ធ​។​

​បណ្ឌិត ចុង បាន​មានប្រសាសន៍ថា “​ខ្ញុំ​ជឿជាក់ថា អនុស្សរណៈ​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​មជ្ឈមណ្ឌល​របស់​យើង និង​លេខាធិការដ្ឋាន​MRC កាន់តែ​ជិតស្និទ្ធ​ជាង​មុន​និង​បង្កើត​នូវ​សហ​ថាមពល​ក្នុង​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ក្នុង​តំបន់​។ វា​ក៏​នឹង​ជួយ​យើង​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​ការរស់នៅ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅក្នុង​អាង​ទន្លេមេគង្គ​-​ឡាន​ឆាង​ឲ្យ​បាន​កាន់តែ​ប្រសើរ​។​”

​នៅក្នុង​ជំហាន​ដំបូង ភាគី​ទាំង​ពីរបាន​យល់ព្រម​រៀបចំ​ធ្វើការ​ស្រាវជ្រាវ​រួមគ្នា​មួយ លើ​គ្រោះរាំងស្ងួត​ឆ្នាំ​២០១៩ និង​ស្ថានភាព​លំហូរ​ទឹក​ទាប​តាម​អាង​ទន្លេមេគង្គ ដោយ​ការសិក្សា​នេះ​នឹង​គ្របដណ្តប់​ទាំង​អាង​ទន្លេមេគង្គ​ក្រោម និង​អាង​ទន្លេមេគង្គ​លើ​ក្នុងប្រទេស​ចិន ដែល​តំបន់​នេះទន្លេមេគង្គ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ទន្លេ​ឡាន​ឆាង​។​

​ការស្រាវជ្រាវ​រួមគ្នា ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​មករា និង​បញ្ចប់​នៅ​ខែកញ្ញា​ឆ្នាំ​២០២០ មាន​គោលបំណង​កំណត់​នូវ​មូលហេតុ និង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត និង​ស្ថានភាព​លំហូរ​ទឹក​ទាប​នៅក្នុង​ឆ្នាំ​២០១៩​។​

​ដោយ​ផ្អែកលើ​លទ្ធផល​ដែល​កើតចេញពី​ការសិក្សា​នេះ គេ​រំពឹងថា​នឹងមាន​ការផ្តល់​នូវ​វិធាន​អនុសាសន៍ និង​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន និង​ធ្វើ​ឲ្យ​កិច្ចការ​នេះ​កាន់តែ​ប្រសើរឡើង​ក្នុង​បណ្តា​ប្រទេស​តាម​អាង​ទន្លេ​។ ការសិក្សា​នេះក៏​នឹង​ផ្តល់នូវ​របៀប​រៀបចំ​ពិធីការ​ទំនាក់ទំនង​ឲ្យ​បានច្បាស់លាស់ និង​ពង្រឹង​ប្រតិបត្តិការ​នានា​លើ​អាង​ស្តុក​ទឹក​ទាំង​នៅក្នុង​ប្រទេស​ចិន និង​តាម​បណ្តា​ប្រទេស​ទន្លេមេគង្គ​ប្រកបដោយ​ភាព​សម្របសម្រួល សម្រាប់ធ្វើ​ការឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅនឹង​បញ្ហា​គ្រោះរាំងស្ងួត និង​លំហូរ​ទឹក​នាពេល​បច្ចុប្បន្ន ក៏ដូចជា​នាពេល​អនាគត​។​

​យោងតាម​លទ្ធផល​ការពិនិត្យ​តាមដាន​លំហូរ​ទឹក​របស់ MRC​ចុងក្រោយ​បំផុត​បាន​បង្ហាញថា គ្រោះរាំងស្ងួត​ឆ្នាំ​២០១៩ បាន​បណ្តាល​ឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ឬ​ក្នុងកំឡុងពេល​៦០​ឆ្នាំ​ចុង​ក្រោយនេះ​។ តំបន់​ភាគច្រើន​តាម​អាង​ទន្លេ កំពុង​ជួបប្រទះ​នូវ​លំហូរ​ទឹក​ទាប​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​ខែមិថុនា​មក​។​

​លទ្ធផល​បានបង្ហាញ​បន្ថែមថា លំហូរ​ទឹក​ទាប​ខ្លាំង ការធ្លាក់ចុះ​យឺត​នៃ​សារធាតុ​កករ និង​វត្តមាន​សារាយ​ឬ​ស្លែ​នៅលើ​ដីខ្សាច់ និង​ស្រទាប់​បាតទន្លេ គឺជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​ពណ៌​ទឹកទន្លេ​មេគង្គ​ប្រែជា​ពណ៌​ខៀវ​បៃតង​នាពេល​ថ្មីៗ​នេះ​។
​គណៈកម្មការ​ទន្លេមេគង្គ គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែលមាន​តួនាទី​ជំរុញ​លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ ស្ថាប័ន​នេះ បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​ការទូត​ទឹក ក៏ដូចជា ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​ការអភិវឌ្ឍ​តំបន់​នេះ ប្រកបដោយ​ចីរភាព​៕​សរន​/Ha

(ផ្តល់ឲ្យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ)

ទីតាំងផ្សាយពាណិជ្ជកម្ម