កម្ពុជា​នឹង​រៀបចំ «​ព្រឹត្តិការណ៍​ឌីជីថល​ខេ​ម​បូ​ឌា​ឆ្នាំ​២០២០» លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​

428
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្រសួង​ចំនួន​៦ សហការ​ជាមួយ​វិស័យ​ឯកជន នឹង​រៀបចំ​ព្រឹត្តិការណ៍ “​ឌីជីថល​កម្ពុជា ២០២០ (Digital Cambodia 2020) ពីថ្ងៃ​ទី ២០ ដល់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​និង​បញ្ជ្រាប​អំពី​សារៈសំខាន់​និង​ភាព​មិនអាច​ខ្វះ​បាន​នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​

សន្និសីទ​សារព័ត៌មាន​អំពី​ព្រឹត្តិការណ៍​“​ឌីជីថល​កម្ពុជា​២០២០​មានការ​ចូលរួម​ពី​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង ទូរគមនាគមន៍ ,​លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT និង​លោក ជី សីលា នាយក​ក្រុមហ៊ុន Sabay (​រូបៈ សុផល​)

​នា​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT)​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​អំពី​ព្រឹត្តិការណ៍​“​ឌីជីថល​កម្ពុជា​២០២០(Digital Cambodia 2020)”​ក្រោម​អធិបតីភាព​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​មូលនិធិ នៃ​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង ព័ត៌មាន​(​ស​.​អ​.) សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT និង​ជា​សេនាធិការ​អនុវត្ត​គម្រោង ស​.​អ​. និង​លោក ជី សីលា នាយក​ក្រុមហ៊ុន Sabay ដែលជា​ដៃគូ​សហការ​រៀបចំ​ព្រឹត្តិការណ៍​។​

​ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងត្រូវ​បានរៀបចំ​ចាប់ពី​ថ្ងៃទី ២០ ដល់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ដែលមាន​វិទ្យាស្ថាន​ជាតិ NIPTICT ជា​ម្ចាស់​ព្រឹត្តិការណ៍​, គាំទ្រ​ដោយ​ក្រសួង​ចំនួន ០៦ រួមមាន ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ក្រសួងពាណិជ្ជកម្ម​, និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទទួលបាន​ការសហការ​ឧបត្ថម្ភ​ដោយ​មូលនិធិ ស​.​អ​. ដែល​ក្នុងនោះ​ចំណែក​វិភាគទាន​ធំ​ពី ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Viettel (Cambodia) និង ICT Division​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន Sabay Digital Corp. និង​ក្រុមហ៊ុន COMPASS Advertising​។​

​ព្រឹត្តិការណ៍ Digital Cambodia 2020 ជា​ព្រឹត្តិការណ៍​ឈានមុខ​ប្រចាំឆ្នាំ​លើក​ទី​២​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ដែលមាន​គោលបំណង​បង្កើត​ផ្លេ​ត​ហ្វ​ម (Platform) ថ្នាក់ជាតិ​ដើម្បី​៖ ១. បង្ហាញ​អំពី​បរិយាកាស និង Ecosystem ប្រកបដោយ​អំណោយផល និង​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា​, ២. បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ក្របខ័ណ្ឌ​គោលនយោបាយ​និង​គតិយុត្ត និង​ផលិតផល​និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​, ៣. បញ្ជ្រាប​អំពី​សារៈសំខាន់​និង​ភាព​មិនអាច​ខ្វះ​បាន​នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដល់​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​យុវជន​និង​ស្ត្រី ក្នុងន័យ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ការអប់រំ​សម្រាប់​សិស្ស​-​និស្សិត និង​ជំនាញ​បច្ចេកទេស បង្កើន​ប្រសិទ្ធភាព​ការងារ​និង​ផលិតភាព និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​របស់​កម្ពុជា​លើ​ឆាក​តំបន់​និង​អន្តរជាតិ​, ៤. កៀរគរ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន រួមមាន ស្ថាប័ន​រាជរដ្ឋាភិបាល អ្នកវិនិយោគ​ជាតិ​និង​អន្តរជាតិ អាជីវកម្ម​បង្កើត​ថ្មី (Tech Startup) អ្នក​វិជ្ជាជីវៈ និង​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ ព្រមទាំង​សង្គម​ស៊ីវិល ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ និង​ពិភាក្សា​យោបល់​អំពី​និន្នាការ​ថ្មីៗ​ក៏ដូចជា​អំពី​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គម នាគ​មន៍​និង​ព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរជាតិ​, ៥. ជំរុញ​លើ​សហគ្រិនភាព និង​នវានុវត្តន៍​ថ្មីៗ​, និង​៦. អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​អាជីវកម្ម​បង្កើត​ថ្មី (Startup) ជាមួយ​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​។

​គួរបញ្ជាក់​ផងដែរ​ថា​កម្មវិធី​ធំៗ​ក្នុង​ព្រឹត្តិការណ៍​Digital Cambodia 2020​មានដូចជា​៖​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​អាស៊ាន និង​កិច្ចសន្ទនា​រវាង​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន អាស៊ាន ជាមួយនឹង​វិស័យ​ឯកជន​មកពី​ថ្នាក់​តំបន់ និង​ពិភពលោក​។ វេទិកា​សម្រាប់ Tech Startup និង​វេទិកា​សម្រាប់​អ្នក​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​។​សន្និសីទ និង​សិក្ខាសាលា​សម្រាប់​ថ្នាក់ដឹកនាំ​និង​អ្នកជំនាញ​ដើម្បី​ចែករំលែក​អំពី​បច្ចុប្បន្នភាព និង​អនាគត​នៃ បច្ចេកវិទ្យា​ឌីជីថល​។​ពិព័រណ៍​ឌីជីថល​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​។​ការប្រគល់​ពានរង្វាន់ Cambodia ICT Awards, Women in Tech Awards, USO and CBRD Funds Awards, and Young Entrepreneur Awards សម្រាប់​ផលិតផល​បច្ចេកវិទ្យា​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត និង​នវានុវត្តន៍​។​

​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បាន​មានប្រសាសន៍ថា “​ព្រឹត្តិការណ៍ Digital Cambodia 2020 នេះ គឺជា​លើក​ទី​២​ហើយ​ដែល​វិទ្យាស្ថាន​ជាតិ NIPTICT ធ្វើជា​ម្ចាស់​ព្រឹត្តិការណ៍​។ Digital Cambodia 2020 ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ ៖​ទេពកោសល្យ ខាង​ឌីជីថល (Digital Talents)​។ ក្នុងនាម​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT ដែលជា​គ្រឹះស្ថាន​អប់រំ និង​ស្រាវជ្រាវ​លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​និង​ជំនាញ​ដល់​យុវជន លោក​ជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹង​ក្លាយជា​វេទិកា​មួយ​ដែល​ប្រមូលផ្តុំ​យុវជន​ឱ្យមក​ចាប់អារម្មណ៍​លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ដែលជា​វិស័យ​អាទិភាព​និង​ជា​ឆ្អឹងខ្នង​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​មូលនិធិ ស​.​អ​. បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជា​ផ្នែក​មួយ​ការចូលរួមចំណែក​ឱ្យសម្រេចបាន​នូវ​ផែនការ​កសាង​សមត្ថភាព និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឆ្នាំ​២០១៩ និង​២០២០ ដែល​បាន​ដាក់ចេញ​ដោយ​ក្រុមប្រឹក្សា​មូលនិធិ ស​.​អ​. ពោលគឺ​ដើម្បី ១. ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ២. ជំរុញ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ នវានុវត្តន៍ ខាង​ផ្នែក ប​.​គ​.​ព​. និង​៣. ជំរុញ​ការអភិវឌ្ឍ Tech Startup Ecosystem ។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានផ្តល់​ចំណាប់អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍ Digital Cambodia 2020 ថា “Digital Cambodia 2020 គឺជា​សរសរ​ស្តម្ភ​មួយ​ដើម្បី​សម្រេចបាន​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ ពោលគឺ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​និង​រដ្ឋាភិបាល​ឌីជីថល​។ លោក​ជឿជាក់ថា ការអភិវឌ្ឍ​យុវជន​ប្រកបដោយ​ទេពកោសល្យ នឹងចូលរួម​ចំណែក​ស​ម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​-​ចតុកោណ​តំណាក់កាល​ទី​៤ សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ជាពិសេស​ដើម្បី​ត្រៀមខ្លួន​ចាប់យក​សេដ្ឋកិច្ច​ឌីជីថល និង​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​គួរបញ្ជាក់​ផងដែរ​ថា Digital Cambodia 2020 នឹងមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​អាស៊ាន និង​វាគ្មិន​ដែល​បាន​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ប្រមាណ ១២០ រូប​។ ព្រឹត្តិការណ៍​នេះ​ក៏មាន​ការតាំង​ពិ​ព័ណ៌​ប្រមាណ ១៧០ ស្តង់ និង​ស​ង្ឈឹ​ម​ថា​នឹងមាន​អ្នកចូលរួម​លើសពី ៣០, ០០០ នាក់ មកពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ រួមមាន ស្ថាប័ន​រាជរដ្ឋាភិបាល ទូត ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា​ធនាគារ មីក្រូហិរញ្ញវត្ថុ អាជីវកម្ម​បង្កើត​ថ្មី (Tech Startup)​អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម