សហរដ្ឋអាម៉េរិកសន្យាគិតគូរអំពីក្តីកង្វល់របស់ឥណ្ឌាក្នុងផែនការដកទ័ពចេញពីអាហ្វហ្គានីស្ថាន

326
ចែករម្លែក

កាលពីថ្ងៃពុធទី១៨ធ្នូសហរដ្ឋអាម៉េរិកបានសន្យាពិចារណាពីកង្វល់របស់ឥណ្ឌាខណៈដែលខ្លួនកំពុងព្យាយាមដកទ័ពចេញពីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់មួយដែលបានព្រមព្រៀងលើមធ្យោបាយជាច្រើនដើម្បីជំរុញសម្ព័ន្ធភាពកំពុងរីកចម្រើនរបស់ប្រទេសប្រជាធិបតេយ្យទាំងពីរ។

កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននេះធ្វើឡើងចំពេលកំពុងមានការតវ៉ាធំៗនៅក្នុងប្រទេសឥណ្ឌាជុំវិញច្បាប់ស្តីពីសញ្ជាតិ ដែលអ្នករិះគន់និយាយថាផ្តោតគោលដៅទៅលើប្រជាជនមូស្លីម ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បានប្រយ័ត្នប្រយែងមិនរំខានភ្ញៀវរបស់គាត់ ដោយនិយាយលើបញ្ហានេះទាំងបង្ខំនោះឡើយ។

ក្នុងកិច្ចពិភាក្សារយៈពេលមួយថ្ងៃជាមួយសមភាគីឥណ្ឌា លោកផមផេវនិងរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោកម៉ាក អេស្ពើ និយាយថា ពួកគេបាននិយាយស៊ីជម្រៅលើកិច្ចចរចាជាថ្មីរបស់សហរដ្ឋអាម៉េរិកជាមួយក្រុមតាលីបង់ក្នុងគោលបំណងបញ្ចប់សង្គ្រាមយូរបំផុតរបស់អាម៉េរិក។

លោកផមផេវបានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាយ៉ាងដូច្នេះ “យើងយល់ពីការព្រួយបារម្ភដែលឥណ្ឌាមានផងដែរ ពោលគឺការព្រួយបារម្ភត្រឹមត្រូវ ដែលពួកគេមានអំពីភេរវកម្មកើតចេញពីប៉ាគីស្ថាន”។

លោកបាននិយាយថា “យើងបានធានាដល់ពួកគេថាយើងនឹងពិចារណាលើរឿងនេះ”។

លោកផមផេវបានសម្តែងក្តីសង្ឃឹមថាកិច្ចចរចាជាមួយតាលីបង់ ដែលអ្នកចរចាជើងចាស់អាម៉េរិកលោកហ្សាល់មេ ខាលីហ្សាដជាអ្នកចាត់ចែងនោះ នឹងកាត់បន្ថយនូវ “អំពើហិង្សាគួរឱ្យកត់សម្គាល់” ដែលនឹងធ្វើឱ្យអាម៉េរិក “អាចកាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួន”។

ឥណ្ឌាគឺជាសត្រូវសួពូជរបស់ពួកតាលីបង់ ដែលរបបក្បាលរឹងរបស់ពួកគេពីឆ្នាំ ១៩៩៦-២០០១ គឺជាសម្ព័ន្ធមិត្តជាមួយគូប្រជែងប៉ាគីស្ថាននិងបានស្វាគមន៍ពួកជ្រុលនិយមអ៊ីស្លាមដែលប្រឆាំងឥណ្ឌា។

ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសគាំទ្រកំពូលៗរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយចំណាយប្រាក់ចំនួន ៣ ពាន់លានដុល្លារចាប់តាំងពីការលុកលុយដឹកនាំដោយសហរដ្ឋអាម៉េរិកបានផ្តួលរំលំរបបតាលីបង់ ក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ លើសហរដ្ឋអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេសអាម៉េរិកម៉ៃ ផមផេវ (ស្តាំ) និង រដ្ឋមន្ត្រីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាម ចៃសាន់កា ក្នុងសន្និសីទកាសែតរួមគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម