​សូត្រ ប៊ុន​ធី សាក​ជាមួយ ចេក សា​យ៉ា​ម​

551
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​២២ ធ្នូ ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ជួបប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ចេក សា​យ៉ា​ម (Chek Sayam) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​ចេក សា​យ៉ា​ម ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មួយរូប ដែល​ទើបតែ​ប្រកួត​ចាញ់ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ដោយសារ​មាន​របួស កាលពីពេល​ថ្មីៗ មកនេះ ។ តាមពិត អ្នក​ប្រដាល់​ថៃ​រូបនេះ ចង់​ប្រកួត​សងសឹក ជាមួយ សុខ ហ៊ុ​ច តែ​គេ​មិនមាន​ពេលវេលា ដើម្បី​សងសឹក​ឡើយ ។​

សូត្រ ប៊ុន​ធី និង ចេក សា​យ៉ា​ម​

​ជួប​ប្រកួត​ជាមួយ ប៊ុន​ធី ក៏​មិនមែនជា​រឿង ងាយស្រួល​ដែរ ព្រោះ ប៊ុន​ធី មាន​កែង​ច្បាស់ និង​ជង្គង់​ច្បាស់ ជាង​សុខ​ហ៊ុ​ច ទៅទៀត ។ របៀប​វ៉ៃ​របស់ ប៊ុន​ធី មិនសូវវាងវៃ​មែន តែ​ជង្គង់​របស់គេ តែងតែ​ធ្វើ​ឲ្យ​គូប្រកួត សន្លប់​យ៉ាង​ឆាប់​បំផុត ។ កែង​របស់គេ កាន់តែ​អស្ចារ្យ​ទៀត ។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១១៥​ដង ឈ្នះ​៨៨​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ ៥​ដង ។ ចំពោះ​ចេក សា​យ៉ា​ម វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩១​ដង ឈ្នះ​៨២​ដង ចាញ់​៨​ដង និង​ស្មើ​ពិន្ទុ ១​ដង ។ ជំនួប​មួយ​នេះ មិនដឹងថា នរណា​ឈ្នះ នរណា​ចាញ់​នោះទេ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ធន ស៊ី​ហុង ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដូចគ្នា តែ​របៀប​វ៉ៃ​របស់គេ មិន​អន់​ឡើយ ទោះបី​បទពិសោធន៍​របស់គេ នៅ​ខ្ចី​បន្តិច​មែន ពួកគេ​ចូលចិត្ត​វ៉ៃ​ប្ដូរ គ្រាន់តែ​ការ​វ៉ៃ​ចេញ​របស់គេ មិនសូវ​ច្បាស់​តែប៉ុណ្ណោះ ។ ពួកគេ​ទាំង ២ រូបនេះ សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា សំណាងល្អ ជា​របស់​នរណា​ឡើយ ។

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​ធា វាសនា ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ដែល​ពួកគេ​ទាំង ២ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​ ដេវីដ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង ដែល​ទើបតែ​ដណ្ដើមបាន ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​មួយ ។ ចំពោះ វាសនា មិនសូវមាន​នរណា​ស្គាល់​នោះទេ តែបើ​តាម​ការ​ឲ្យ​ដឹង ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា ពួកគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ហើយ​ការប្រកួត​នេះ ទាំង​អ្នកឈ្នះ ទាំង​អ្នកចាញ់ នឹង​ទ្រមខ្លួន​ដូចគ្នា ។​

​ម៉ូ ណារ៉ាក់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ សយ សី ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ឌឿ ចំរុង ក្លិប​យុវ​វាល​ស្បូវ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លី ទាក ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម