ឥណ្ឌូនេស៊ី​ចាប់​បណ្តើរ​អាក្រោស​ជនបរទេស​ដែល​ប្រព្រឹត​បទល្មើស​ថ្នាំញៀន​នៅ​កោះ​បាលី​

509
ចែករម្លែក

​អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​ធ្នូ​ថា ខ្លួន​បាន​ចាប់​ជន​បរទេស​៦​នាក់​ចំពោះ​ការ​លួច​នាំ​ចូល​ថ្នាំញៀន​មក​ក្នុង​កោះ​កម្សាន្ត​បាលី​របស់ខ្លួន​។​ពួកគេ​រួម​មាន ស្វីស​ម្នាក់ ថៃ​ម្នាក់ ស្ត្រី​សិង្ហ​បុរី​ម្នាក់ បុរស​ឈី​លី​ម្នាក ព្រមទាំង​បុរស​ហុងកុង​២​នាក់ ។​

​ដោយ​តំរូវអោយ​ពាក់​ខោអាវ​អ្នកទោស​ពណ៌​ទឹកក្រូច ពួកគេ​ត្រូវបាន​ចង​បណ្តើរ​ទៅកាន់​កន្លែង​ធ្វើ​សន្និសីទកាសែត​មួយ​ក្រុង​ទីក្រុង ដេន​ប៉ា​សា ក្នុង​ខេត្ត​បាលី​។​

​អ្នកនាំពាក្យ​ការិយាល័យ​គយ​តំបន់​បាលី​បាន​និយាយថា ជនសង្ស័យ​ទាំង​នេះ​ត្រូវបាន​ចាប់ខ្លួន​ដាច់ដោយឡែក​ពីគ្នា​ចាប់តាំងពី​ខែ​មុន​នៅ​ពេល​ពួកគេ​បាន​មកដល់​អាកាស​​យានដ្ឋាន​ជាមួយនឹង​ថ្នាំញៀន​ខុសច្បាប់​។​

​អ្នកនាំពាក្យ​បាន​និយាយថា ជនជាតិ​ស្វី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​៤​វិច្ឆិកា ជាមួយនឹង​កញ្ឆា​៣០,០៤​ក្រាម នៅក្នុង​វ៉ា​លី​ស​របស់គេ​។​នៅ​២​ថ្ងៃក្រោយ មន្ត្រី​គយ​ចាប់​បុរស​ថៃ​ម្នាក់​​ជាមួយនឹង​កញ្ឆា​១៧,៧៦​ក្រាម​លាក់​ក្នុង​ខោ​ក្នុង​របស់គេ​។​ចំណែក​ស្ត្រី​សិង្ហ​បុរី ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​១៤​វិច្ឆិកា ក្រោយ​ការ​ឆែក​ឃើញ​ថ្នាំញៀន​កូកាអ៊ីន​០,៣៥​ក្រាម​នៅក្នុង​លិ​​ខិត​ឆ្លងដែន​របស់​នាង ចំណែក​បុរស​ឈី​លី ត្រូវបាន​ចាប់ខ្លួន​នៅ​២​សប្តាហ៍​ក្រោយ ជាមួយនឹង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​រាវ​នៅក្នុង​វ៉ាលីស​អីវ៉ាន់​។​

​អ្នកនាំពាក្យ​បាន​បន្តថា បុរស​ហុងកុង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​៤​ធ្នូ​ក្រោយ​គេ​រកឃើញ​ថ្នាំ​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​៣,២​គីឡូក្រាម​នៅក្នុង​វ៉ា​លី​ស​របស់​គាត់​រីឯ​បុរស​ហុងកុង​​ម្នាក់​ទៀត​ត្រូវបាន​ឃាត់ខ្លួន​កាលពី​សប្តាហ៍​មុន ជាមួយនឹង​ថ្នាំញៀន​ម៉ា​ទឹកកក​៤​គីឡូក្រាម​៕​ដោយ​៖​វាសនា​

មន្ត្រី​គយ​ឥណ្ឌូនេស៊ី អម​ការពារ​ជនសង្ស័យ​ថ្នាំញៀន មក​កាន់​កន្លែង​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​កោះ​បាលី​កាលពី​ថ្ងៃ​១៨​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម