ឥណ្ឌូនេស៊ី ដាក់ពង្រាយ​បុគ្គលិក​សន្តិសុខ​១៦​ម៉ឺន​នាក់​ដើម្បី​ការពារ​ព្រះវិហារ​គ្រិស្តសាសនា​

369
ចែករម្លែក

​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅ​ទូ​ទាំង​ឥណ្ឌូនេស៊ី នៅក្នុង​អំឡុង​បុណ្យ​គ្រី​សម៉ាស​(​ណូអែល​) ដោយ​ដាក់​ពង្រាយ​បុគ្គលិក​សន្តិសុខ​ប្រមាណ​១៦.០០០​នាក់​ចំពេល​មាន​ការភ័យខ្លាច​​អំពី​ការវាយប្រហារ​ភេរវកម្ម​។​

ប៉ូលិស​ឈរ​យាម​ព្រះវិហារ​និង​ដើ​ល្បាត​នៅ​ឥណ្ឌូនេស៊ី​

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា​បុគ្គលិក​សន្តិសុខ​ល្បាត​នៅ​ឆ្នាំ​នេះ​ស្ទើរតែ​កើនឡើង​ទ្វេ ធៀប​នឹង​ចំនួន​បុគ្គលិក​សន្តិសុខ​កាលពី​ឆ្នាំ​២០១៨ ដែល​គ្រានោះ​បុគ្គលិក​សន្តិសុខ​​រួម​មាន​ប៉ូលិស​និង​ទាហាន​ជិត​៩០.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​អោយ​ការពារ​ព្រះវិហារ​ប្រមាណ​៥០.០០០​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​

​មេ​ប៉ូលិស​ជាតិ បាន​និយាយថា បុគ្គលិក​យោធា​និង​សមាជិក​បណ្តា​ទី​ភ្នាក់ងាររដ្ឋ នឹង​ការពារ​ព្រះវិហារ និង​ទីតាំង​ទេសចរណ៍​នៅ​ទូ​ទាំង​អំឡុងពេល​បុណ្យ​គ្រី​សម៉ាស​និង​ចូល​ឆ្នាំ​​សកល ហើយ​ប៉ូលិស​ក្រុង​ហ្សា​ការតា បាន​និយាយថា ប៉ូលិស​ប្រមាណ​១​ម៉ឺន​នាក់​ត្រូវបាន​ដាក់ពង្រាយ​អោយ​រក្សា​សន្តិសុខ​ក្នុង​ក្រុង​។​

​សូមបញ្ជាក់​ថា ឥណ្ឌូនេស៊ី​កាន់តែ​មានកំ​ណើនគំនិត​អ៊ីស្លាម​រ៉ាឌីកាល់​និយម​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយ​ក្រុម​ភេរវកម្ម​មូលដ្ឋាន​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​​ឈ្មោះ ចា​ម៉ា​អះ អាន់​សា​រុត ដា​អ៊ូ​ឡះ​(JAD)​បាន​ធ្វើ​ការវាយប្រហារ​អត្តឃាត​លើ​ព្រះវិហារ​គ្រិស្ត​ជាច្រើន​។​

​ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​បាលី​ដែល​បាន​សម្លាប់​មនុស្ស​២០២​នាក់​នៅ​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​បង្កើន​ការបង្ក្រាប​លើ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម ​ហើយ​ជនសង្ស័យ​ជា​ភេរ​វករ​ជាង​១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំមុន​។​តែ​ការ​គំរាម​ថ្មីៗ​ចេញពី​ពួកនិយម​ជ្រុល​ដែល​ញាំ​ង​ចិត្ត​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​ផ្តោត​ការវាយប្រហារ​​លើ​កងកម្លាំង​សន្តិសុខ​និង​មន្ត្រី​។​កាលពី​ខែ​មុន ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​កើតឡើង​នៅ​ស្ថានីយ​ប៉ូលិស​ក្រុង​មេ​ដាន ដោយ​បណ្តាលអោយ​របួស​មនុស្ស​៦​នាក់​។​ការវាយប្រហារ​​នេះ បាន​កើត​ឡើង​ក្រោយប្តី​ប្រពន្ធ​មួយ​បាន​ចាក់​រដ្ឋមន្ត្រី​សន្តិសុខ​ឥណ្ឌូនេស៊ី​អោយ​រង​របួស​កាលពី​ខែតុលា​៕​ដោយ​៖​វាសនា​