ភ្ញាក់ផ្អើលទាំងព្រឹក មាតាបិតាសិស្ស តក់ស្លុតនាំគ្នាទៅជួបនាយកសាលា រឿងពាក្យចចាមអារ៉ាមរថយន្តបុក សិស្សស្លាប់៣នាក់

239
ចែករម្លែក

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមពេញទីប្រជុំជនក្រុងប៉ៃលិនបណ្តាលឲ្យមាតាបិតា អាណាព្យាបាលសិស្សតក់ស្លុតឈូឆរនាំគ្នាទៅជួបសាកសួរនាយកសាលាក្រោយការលេចលឺពាក្យចចាមអារ៉ាមរថយន្តបុកសិស្សស្លាប់ចំនួន៣នាក់។

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក តក់ សំអុល នាយករងនៃវិទ្យាល័យអូរតាពុកក្រោមបានចេញមុខបកស្រាយបំភ្លឺថា សិស្សរៀននៅក្នុងសាលារៀនរបស់លោកមិនមាននណាម្នាក់រងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួស ឬស្លាប់នោះទេ លោកបានជួបប្រជុំសាកសួរដល់លោកគ្រូ អ្នកគ្រូទាំងអស់រួចហើយបន្ទាប់ពីមានមាតាបិតា អាណាព្យាបាលសិស្សមកសួរជាច្រើននាក់ បន្តបន្ទាប់គ្នា ទាំងអារម្មណ៍ភ័យព្រួយ ព្រោះព្រួយបារម្ភខ្លាចក្រែងប៉ះលើកូនរបស់ខ្លួន។

លោកបានបន្តថា ដំណឹងជុំវិញកូនសិស្សត្រូវរថយន្តដឹកស្វាយបុកបណ្តាលឲ្យស្លាប់រហូតដល់៣នាក់ជារឿងមិនពិតនោះឡើយ មុននេះបន្តិចខាងការិយាល័យអប់រំក្រុងបានសាកសួរមកកាន់សាលាយើងខ្ញុំដែរ ហើយក៏បានបន្តបោះដៃសួរនាំពីដំណឹងនេះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដែរបញ្ជាក់ថាមិនមានជនរងគ្រោះណាម្នាក់រងរបួស ឬស្លាប់ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឡើយ។

គួររម្លឹកថា ការបង្កការភ្ញាក់ផ្អើលស្ទើរពេញទីប្រជុំជនក្រុងប៉ៃលិននេះបានកើតឡើងចាប់តាំងពីអំឡុងវេលាម៉ោង៧.០០នាទីព្រឹកមកម្លេះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដែលគេនិយាយតៗគ្នាជាច្រើននាក់ ពិសេសនៅតាមបណ្តាទីផ្សារនានាក្នុងក្រុងប៉ៃលន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម