ភ្ញៀវទេសចរបរទេសរូបនេះលេង​ឲ្យចូលស្រុកខ្មែរជារៀងរហូត​

324
ចែករម្លែក

ដោយ:មូលសម្បត្ត/ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសម្រេចបិទទិដ្ឋាការ និងដាក់ឈ្មោះបុរសបរទេសម្នាក់ដែលបង្ហោះវីដេអូឲ្យភ្ញៀវបរទេសកុំមកលេងកម្ពុជា ចូលក្នុងបញ្ជីហាមឃាត់ជាស្ថាពរ មិនឲ្យចូលមកប្រទេសកម្ពុជា។

ការសម្រេចបិទទិដ្ឋាការលើជនបរទេសនេះ ធ្វើឡើងតាមសំណើរបស់ក្រសួងទេសចរណ៍។ ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួងទេសចរណ៍នឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បីស្នើសុំឲ្យលុបវីដេអូនោះចោល។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះថា ជនបរទេសរូបនេះ ត្រូវបានដាក់ឈ្មោះនៅក្នុងបញ្ជីខ្មៅ និងហាមឃាត់ចូលមកប្រទេសកម្ពុជា ដោយសារតែរូបគេបានថតវីដេអូនៅកន្លែងមួយចំនួន មកបង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដែលធ្វើឲ្យប៉ះពាល់កិតិ្តយស និងគោលដៅទេសចរណ៍កម្ពុជា។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា «យើងបានស្រាវជ្រាវស្គាល់អត្តសញ្ញាណហើយ ចូលមកតាំងពីខែកក្កដាមកម្ល៉េះ។ យើងបានដាក់ចេញវិធានការ និងសុំគោលការណ៍ពី សម្តេចក្រឡាហោម ហើយសម្តេចបានសម្រេចដាក់នៅក្នុងបញ្ជីហាមឃាត់ជាស្ថាពរចូលមកកម្ពុជាទៀតទេ»។ បើតាមនាយឧត្តមសេនីយ៍ បុរសជនបរទេសម្នាក់នេះ បានចូលមកកម្ពុជាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយក៏បានត្រឡប់ទៅវិញតែម្តង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ក៏បានបើកកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បីរកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងប្រាប់បណ្តាញព័ត៌មានកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩កន្លងមកថា បន្ទាប់ពីមានបុរសជនជាតិបរទេស ដែលបានបង្ហោះវីដេអូឲ្យភ្ញៀវបរទេស កុំមកលេងកម្ពុជា ដែលប៉ះពាល់កិត្តិយស និងគោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បីរកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ។

គួរជម្រាបថា កាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ ដែលអះអាងថា ជាជនជាតិអ៊ីរ៉ង់ រស់នៅប្រទេសហូឡង់ មាន YouTube ឈ្មោះថា «James FT» បានថតវីដេអូនៅកន្លែងមួយចំនួន របស់កម្ពុជា បង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយរូបគេក៏បាននិយាយក្នុងវីដេអូនោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោលដៅទេសចរណ៍កម្ពុជា ។

បន្ទាប់ពីមានការបង្ហោះនេះ ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានប្រតិកម្មថ្កោលទោស ចំពោះទង្វើដ៏គម្រក់នេះ និងស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះជនបរទេសរូបនោះផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម