សង្គហបណ្ឌិត ​ឃួន​ សុដារី៖​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត សរសើរ​និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្មករ-កម្មការិនី​អនាម័យទាំងអស់ធ្វើពលិកម្ម​ប្រឈម​នឹងភាពស្អុយកខ្វក់

271
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ លោកស្រីគតិសង្គហបណ្ឌិត ឃួន​ ​សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា​ តំណាង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិ​​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន​ថ្លែងទៅកាន់កម្មករ កម្មការិនីជាង​២​ពាន់​នាក់ថាៈកាកបាទក្រហមកម្ពុជា នឹង​បន្ដ​រួមសុខ រួមទុក្ខ និងជួយ​សង្គ្រោះរាល់​ការ​លំបាក របស់​បង​ប្អូន​ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកស្រីគតិសង្គហបណ្ឌិត បានថ្លែងដូច្នេះ នៅក្នុងឱកាសជួបសំណេះសំណាល សួរ​សុខ​ទុក្ខ និង​ចែកអំណោយចែកអំណោយជាស្បៀង សម្ភារៈនិងថវិកា ជូនកម្មករ កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី ចំនួន ២,០៨៣នាក់ និងកម្មករ កម្មការិនី មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញចំនួន​៤៧១​នាក់និងក្រុមការងារបោសសម្អាតអនាម័យរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ៨៣នាក់ដែលប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាល កាក​បាទក្រហមកម្ពុជា នៅរសៀល​ថ្ងៃ ​ទី​១៨ ខែធ្នូ ឆ្នាំ២០១៩។

លោកស្រីអនុប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីនឹករលឹក ជាមនោសញ្ចេត​នា​អាណិត​ស្រឡាញ់ជ្រាលជ្រៅ ព្រមទាំងសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មករ-កម្ម​ការិនីអនាម័យទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយភាពថ្លៃថ្នូរ ប្រាកដប្រជា សុច្ច​រិត ជាពិសេស ធ្វើពលិកម្ម តស៊ូ ប្រឈម​​​​​នឹងភាពស្អុយកខ្វក់ ហាលក្តៅ ហាលភ្លៀង ហាលខ្យល់ យក​សុខភាព​របស់​ខ្លួនប្តូរជាមួយសុខភាពអ្នកដទៃ ដើម្បីទីក្រុងមានសោភ័ណភាព បរិស្ថាន និង​អនាម័យ​ល្អដែល​ជាមុខមាត់ប្រទេសជាតិ។សម្ដេច​កិត្ដិ​ព្រឹទ្ធបណ្ឌិតតែងតែដឹងសុខទុក្ខរបស់កម្មករនិយោ​ជិត និង​ដោះ​ស្រាយ​បញ្ហាប្រឈមរបស់ពួកគេផងដែរដោយ​ក្តីមេត្តា​ ករុណា​ គិតគូរ​និងផ្តល់ក្តី​សង្ឃឹម​ជំនឿ​ចិត្ត​ដល់​ប្រជាជនទូទៅជួបការលំបាក​ដោយ​គ្មាន​ការរើសអើងមិនប្រកាន់វណ្ណៈពូជសាសន៍ពណ៌​សម្បុ​រ​សា​​ស​នាឬនិន្នាការនយោបាយអ្វីឡើយដោយកន្លែងណាមានទុក្ខលំបាកគឺមានកាក​បាទ​ក្រហ​ម​កម្ពុ​ជា ។

លោក ខួង ​ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា​ក្នុងឱកាសព្រះរាជពិធី​បុណ្យ​អុំ​ទូក​ដែលប្រព្រឹត្តិទៅ៣ថ្ងៃ១០, ១១, ១២ ខែវិច្ឆិកា​ កន្លងទៅ ​បរិមាណសំរាមដែលប្រមូល​បានមាន​ចំនួនរហូតដល់ទៅ៧២៩តោន ថយចុះ៦២៧តោន ស្មើនឹង៤៦%ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨។

ចំពោះសម្រាមក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក សាលារាជធានីភ្នំពេញ​ បានដាក់ពង្រាយ​​កញ្ឆេនិងធុងសម្រាមចំនួន១៤០០គ្រឿងនិងបានរៀបចំចាត់ចែងកម្លាំង បុគ្គលិក កម្មករ​គ្រប់​ផ្នែក​ជា​ពិសេសយុវជនស្ម័គ្រចិត្តដើម្បីធ្វើការអប់រំ  ប្រមូល វេចខ្ចប់ ដឹកជញ្ជូន​សំរាម​លាង​សម្អាតផ្លូវ កម្រាល​ថ្មម៉ាត និងថែទាំ​សួនច្បារ​ក្រោយ​ពេលបញ្ចប់កម្មវិធីជារៀង​រាល់ថ្ងៃ។​ការងារ​នេះអាជ្ញាធរមូលដ្ឋាន​និង​បងប្អូនកម្មករ កម្ម​ការិនីយើង បានលះបង់​ពេលវេលា​សំរាក​ពេលយប់​ដើម្បី​បំពេញការងារបាន​ទាន់​ពេលវេលា ធ្វើ​ឲ្យ​បញ្ហាអានាម័យ បរិស្ថាន​មានភាពល្អប្រសើរជាង​បណ្តាឆ្នាំ​កន្លង​មកនិង​ទទួលបាន​ការ​គាំទ្រ​លើក​ទឹក​ចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ នេះ កម្មករ-កម្មការិនី​អនា​ម័យ ទាំងអស់មានចំនួន២៦៣៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ ទឹកសុទ្ធ១ដបធំ និងថវិកា ១០០,០០០រៀល៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម