យុវជនជាគំរូក្នុងការងារអនាម័យ​ដើម្បីទីក្រុងពោរពេញដោយបរិស្ថានល្អ

519
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ដើម្បីឱ្យទីក្រុងពោរពេញដោយភាពស្រស់ស្អាត យុវជនគ្រប់រូបត្រូវធ្វើគំរូសម្រាប់ការងារអនាម័យបរិស្ថានជាប្រចាំ។

ថ្លែងក្នុងពិធីដឹកនាំយុវជនសម្អាតក្រុងកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មុនមួយថ្ងៃនៃពិធីបុណ្យសមុទ្រចូលមកដល់ លោកស្រីយូ សុគន្ធ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាដើម្បីឱ្យបរិស្ថានទីក្រុងមានភាពប្រសើរឡើង យុវជនគ្រប់រូបត្រូវធ្វើគំរូក្នុងកិច្ចការងារសម្អាតអនាម័យជាប្រចាំ។

ផ្អែកតាមអត្ថន័យនេះ និងឆ្លើយតបនូវការចង់បានរបស់រដ្ឋបាលខេត្ត ក៏ដូចជាស្របតាមប្រធានបទក្នុងឱកាសបុណ្យសមុទ្រលើកទី៨ ដែលផ្តោតជាសំខាន់លើទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង យុវជនត្រូវចូលរួមឱ្យបានផុលផុសសម្រាប់សកម្មភាពថែរក្សាអនាម័យក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យដ៏ឱឡារឹកនោះ។

លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថាទន្ទឹមនឹងការធ្វើជាគំរូចំពោះមជ្ឈដ្ឋានទូទៅ យុទ្ធនាការសម្អាតក្រុងទាំងបីថ្ងៃ ក៏ដូចជាក្រោយពេលបុណ្យសមុទ្រចប់នេះ កម្លាំងយុវជនស្ម័គ្រចិត្តដែលបានចូលរួមត្រូវបែងចែក និងធ្វើការសម្អាតតាមកន្លែងសំខាន់ៗ ដូចជា នៅលើដងផ្លូវ សួនសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ និងកន្លែងកម្សាន្តនានាទូទាំងក្រុងកំពត។ បន្ថែមលើសកម្មភាពសម្អាតអនាម័យនេះ ផងដែរ យុវជនទាំងអស់ត្រូវឆ្លៀតឱកាសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបំណងឱ្យពួកគាត់មានការចូលរួមទាំងអស់គ្នាដើម្បីផលប្រយោជន៍រួម៕B/

   

ទីតាំងផ្សាយពាណិជ្ជកម្ម