ក្រសួងវប្បធម៌ មិនចង់ឱ្យមានការ​រុះរើស្ពានថ្មចាស់អាយុជាង១០០ឆ្នាំ​សម័យបារាំងនៅបាត់ដំបង

611
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ យោងទៅតាមសំណើរមួយច្បាប់ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ បានឲ្យដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដាក់សំណើរទៅកាន់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សុំអ្នកជំនាញចុះពិនិត្យលើសំណើរសុំធ្វើការរុះរើស្ពានថ្មចាស់សម័យបារាំងស្ថិតនៅមុខសាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងលិខិតដែលចុះហត្ថលេខាដោយ លោកស្រី ភឿង ​សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថា៖ រដ្ឋបាលខេត្តបាត់ដំបងបានស្នើសុំគោលការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំងស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈយល់ឃើញថា ពុំគួរធ្វើការរុះរើស្ពានថ្មចាស់សម័យបារាំងនោះទេ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ ដែលបានកសាងនៅក្នុងសម័យអាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។ ម្យ៉ាងទៀត ស្ពាននេះចាត់ទុកជាមរតកដ៏កម្រមួយដែលបន្ស​ល់ទុកតាំងពីសម័យអាណានិគមបារាំងគួរតែថែរក្សាទុកនិងធ្វើការជួសជុលឡើងវិញហើយប្រើប្រា​ស់ជាស្ពានថ្មើរជើង។

លិខិតដដែលបានលើកឡើងថា៖អាស្រ័យមូលហេតហេតុនេះ ក្រសួងវប្បធម៌ស្នើសុំកិច្ចសហការជាមួយអ្នកជំនាញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះទៅពិនិត្យសិក្សាផ្ទាល់ដល់ទីតាំង នៅថ្ងៃទី១៩ និង២០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងរកដំណោះស្រាយមួយដ៏ល្អ ក្នុងន័យអភិរក្ស ដើម្បីអភិវឌ្ឍន៍និងអភិវឌ្ឍន៍ ដើម្បីអភិរក្សប្រកបដោយចីរភាព។

សគួរកត់សម្គាល់ផងដែរ ស្ពានថ្ម​ចាស់​ មាននៅ​ទីតាំង​នៅមុខ​សាលាខេត្ត​បាត់ដំបង ជា​ស្ពាន​ដែល​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩១៦​។ បច្ចុប្បន្ន ស្ពានថ្ម​នេះ ជា​កន្លែង​កម្សាន្ត​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​មក​ស្រូបយក​ខ្យល់អាកាស​នាពេល​ល្ងាច​។ ក្រៅពី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ធ្វើដំណើរ​ឆ្លងកាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ ស្ពានថ្ម​ដែល​នៅលើ​ស្ទឹង​សង្កែ​នេះ នៅតែ​បន្ត​ឈរ​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ថ្មើរជើង និង​ហាត់ប្រាណ រួមទាំង​អង្គុយលេង​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម