ប៉ូលិសតាមចាប់​ខ្លួនក្រុមឈ្មួញធ្វើ ឯកសារ និង​ធ្វើឆៀករបស់ក្រសួង​ សាធារណការ

490
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងតាមចាប់​ខ្លួនក្រុមបណ្តាញធ្វើឯកសារ និង​ធ្វើឆៀក របស់ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ ក្រៅពីនេះ សមត្ថកិច្ចក៏ស្រាវ​ជ្រាវចាប់ខ្លួនកក្រុមឈ្មួញមួយចំនួនដែលពាក់​ព័ន្ធក្នុងករណីនេះផងដែរ។ នេះ​បើ​តាមការបញ្ជាក់​​របស់លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុ​ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​នៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០១៩ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ការ​តាមប្រមាញ់ក្រុមបណ្តាញធ្វើឯកសារ និង​ធ្វើឆៀក របស់ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺបន្ទាប់ពីសមត្ថកិច្ចបានចាប់​ខ្លួនជនសង្ស័យម្នាក់កាលពី​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ២០១៩។ ជនសង្ស័យបានឆ្លើយសារភាពមានការ​ពាក់​ព័ន្ធ​ជាមួយមនុស្សមួយចំនួនទៀត។

           

ការចាប់ខ្លួននេះ គឺបន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទទួលពាក្យបណ្តឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ប៊ុន ម៉ារ៉ាឌី ហៅពៅ អាយុ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។ ជនសង្ស័យ​ត្រូវ​បាន​តុលាការដាក់ឲ្យ​ស្ថិត​នៅក្រោមការត្រួតពិនិត្យពីបទ បញ្ចូល លុបបំបាត់ ឬកែប្រែដោយទុច្ចរិតនូវទិន្នន័យ (គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន) ប្រព្រឹត្តនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យត្រូវ​បាន​តុលាការសម្រេចឃុំ​ខ្លួនកាលពី​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុ​ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងថា ជនសង្ស័យបាន​ធ្វើសកម្មភាពក្លែងឯកសារ​អនុញ្ញាតឲ្យ​យានយន្ត​ធ្វើ​អាជីវកម្ម ដោយ​ក្នុងនោះដកហូតវត្ថុតាងមានដូចជា ឯកសារ​អនុញ្ញាតឲ្យ​យានយន្ត​ធ្វើ​អាជីវកម្មចំនួន៤៩ កាតគ្រីចំនួន​៨៤ ឆៀកចំនួន ១២៥។ ដោយលោកបញ្ជាក់ថា ការ​ធ្វើសកម្មភាព​នេះ គឺ​ជាបណ្តាញ ដោយ​សមត្ថកិច្ចកំពុង​ស្រាវ​ជ្រាវរកជន​ដែល​ពាក់ព័ន្ធ ក្នុងនោះមានទាំងឈ្មួញដែលឲ្យជនសង្ស័យធ្វើឯកសារក្លែងក្លាយទៅឲ្យប្រជា​ពលរដ្ឋដែល​ប្រើ​ប្រាស់យានយន្ត។ ហើយគេហទំព័រ (វេននសាយ) ដែល​ជនសង្ស័យបាន​បង្កើតនោះ ខាងនាយកដ្ឋាន​បាន​បិទហើយ។

លោកបន្តថា ការឈាន​ដល់ការចាប់​ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចបាន​ប្រើរយៈពេលមួយខែ និងបន្ទាប់ពីទទួលបានពាក្យបណ្តឹង​ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​ជាដើមបណ្តឹង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម