រដ្ឋបាល​ខេត្តកំពត​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​សម្រាប់​បុណ្យ​សមុទ្រ​លើក​ទី​៨

529
ចែករម្លែក

ដោយ​: បូកគោ / កំពត​: មុន​មួយថ្ងៃ​នៃ​ពិធីបុណ្យ​ចាប់ផ្តើម ពោលគឺ​កាលពី​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តកំពត​បា​ន​ធ្វើ​ពិធី​ក្រុង​ពាលី ដើម្បី​សុំ​សេចក្តីសុខ​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ ដែល​នឹង​អញ្ជើញ​មកលេង​កម្សាន្ត​ក្នុងឱកាស​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​។​

​ក្រោម​អធិបតីភាព​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​វត្ត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាល​ខេត្តកំពត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ អង្គភាព​នានា ពិធី​តាមបែប​ព្រហ្មញ្ញសាសនា​បានធ្វើ​ឡើង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តកំពត​ជា​កន្លែង​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ផ្ទាល់​។ អត្ថន័យ​ក្នុង​ពិធី​ក្រុង​ពាលី​គឺ​បួងសួង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ជួយ​ថែរក្សា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជិត​ឆ្ងាយ​ដែល​អញ្ជើញ​មក​កម្សាន្ត​សប្បាយ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ទាំងមូល​។​

​សូម​រំលឹកថា​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​នៅ​ខេត្តកំពត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩​។ ផ្អែកលើ​កត្តា​សុខសន្តិភាព និង​សមិទ្ធផល​ថ្មីៗ ក៏ដូចជា​សក្តានុពល​ដ៏​សម្បូរបែប ព្រមទាំង​ភាព​រីកចម្រើន​របស់​ខេត្តកំពត ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា​ពិធីបុណ្យ​សមុទ្រ​នេះ​នឹងមាន​ភ្ញៀវ​មក​កម្សាន្ត​ប្រមាណ​ជិត​៥០​ម៉ឺន​នាក់​។ ជាមួយ​កំណើន​ភ្ញៀវ​ដ៏​សន្ធឹកសន្ធាប់​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​ខេត្តកំពត​ធ្វើជា​ម្ចាស់ផ្ទះ​ដូចគ្នា​នោះ ក្រៅពី​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​អំពាវនាវ​ដល់​ជនរួមជាតិ ព្រមទាំង​ភ្ញៀវ​បរទេស​មេត្តា​ធ្វើ​អ្វីមួយ​គោរព​តាមច្បាប់​របស់​កម្ពុជា ពិសេស​មានការ​យោគយល់ សន្តោស​ប្រណី​ចំពោះ​បញ្ហា​ដែល​កើតឡើង​ដោយ​អ​ចេតនា​ណាមួយ​រវាង​គ្នា​។ លើសពីនោះ ក៏​សូមឱ្យ​ចូលរួម​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន​ដើម្បី​ភាពថ្លៃថ្នូរ​ក្នុងនាម​មនុស្សជាតិ​រស់នៅ​លើ​ភពផែនដី​តែមួយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម