សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស យាង​ចូលកាន​កាន់តំណែង​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ​

583
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ និង​បំពាក់​ព្រះ​ភូសា​ផាយ​ថ្វាយ​សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​បន្ត​ពីស​ម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី នា​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​សម្តេច​ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ពិធី​សច្ចាប្រណិធាន នា​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​។​

​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជក្រឹត្យ​តែងតាំង សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ជំនួស​បន្ត​ក្នុង​អាណត្តិ​ពីស​ម្តេច​រាជបុត្រី​ព្រះរាម នរោត្តម បុប្ផា​ទេវី​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១​រូប គឺ​លោក អ៊ឹម ឈុនលឹម និង​សមាជិក​ចំនួន​៨​រូប រួមមាន​: លោក​អ៊ឹម សួស្តី​, លោក​កែវ ពុធ​រស្មី , លោក​អ៊ុក ឈន ,​លោក​ហ៊ី សោភា ,​លោកស្រី លី វួ​ច​ឡេង , សម្តេច​នរោត្តម ចក្រពង្ស​, សម្តេច​នរោត្តម បុប្ផា​ទេវី (​សោយ​ទីវ​ង្គ​ត​) និង​លោក សំ ព្រហ្មនា​។​

​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សមាជិក​ទាំងអស់​ចំនួន​៩​រូប​។ ស្ថាប័ន​មានអំណាច​តែងតាំង និង ជ្រើសតាំង គឺ​ព្រះមហាក្សត្រ​តែងតាំង ៣​រូប តាម​ព្រះរាជក្រឹត្យ​។ ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បោះឆ្នោត​ជ្រើសតាំង ៣​រូប ដែល​បន្ទាប់មក ត្រូវបានតែងតាំង ដោយ​ព្រះរាជក្រឹត្យ​។ រដ្ឋសភា បោះឆ្នោត​ជ្រើសតាំង ៣​រូប ដែល​បន្ទាប់មក​ត្រូវបានតែងតាំង​ដោយ ព្រះរាជក្រឹត្យ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម