ប្រធានាធិបតីចិន ស៊ី ជីនពីង ដឹកនាំពិធីអបអរខួបប្រគល់ម៉ាកាវឱ្យចិនវិញ

529
ចែករម្លែក

នៅថ្ងៃសុក្រទី២០ធ្នូនេះ ទីក្រុងម៉ាកាវប្រារព្ធខួបលើកទី២០ ចាប់តាំងពីអតីតទឹកដីអាណានិគមព័រទុយហ្កាល់នេះត្រូវបានប្រគល់ឱ្យចិនវិញ ជាមួយពិធីអបអរមួយដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនពីង ដោយរូបលោកផ្ទាល់បានលើកសរសើរខ្លាំងចំពោះភាពរីកចម្រើនរបស់មជ្ឈមណ្ឌលល្បែងដ៏ធំនេះ ស្របពេលហុងកុងកំពុងពុះកញ្ជ្រោល។

ពិធីអបអរនៅថ្ងៃសុក្រនេះនឹងផ្តោតសំខាន់លើការសម្ពោធឡើងកាន់តំណែងរបស់មេដឹកនាំថ្មីសម្រាប់ទីក្រុងម៉ាកាវ ដែលចិនចាត់ទុកជាគំរូត្រចះត្រចង់នៃ “ប្រទេសមួយ​ប្រព័ន្ធពីរ”។

លោក ហូ អាតសេង អតីតសមាជិកនៃស្ថាប័នសភាកំពូលរបស់ចិន បានឈ្នះការប្រកួតប្រជែងនៅរដូវក្តៅនេះដើម្បីក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុងម៉ាកាវ ដែលតំណែងនេះត្រូវបានជ្រើសរើសដោយ​គណៈកម្មាធិការសភា ដែលមានសមាជិក៤០០នាក់សុទ្ធសឹងជាអ្នក​ស្មោះស្ម័គ្រនឹងរបបក្រុងប៉េកាំង។

ក្នុងចំណោមអ្នកដែលចូលរួមពិធីអបអរនេះគឺមានសមភាគីហុងកុង លោកស្រី ខារី ឡាំ ដែលបច្ចុប្បន្នកំពុងមានការធ្លាក់ចុះប្រជាប្រិយភាព និងកំពុងជួបការលំបាក​ក្នុងការបញ្ចប់ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យទ្រង់ទ្រាយធំនិងមានហិង្សាញឹកញាប់ ដែលបានបន្លាយពេល៦ខែមកហើយ។

ចាប់តាំងពីការប្រគល់ម៉ាកាវពីព័រទុយហ្គាល់ឱ្យមកចិនក្នុងឆ្នាំ១៩៩៩មក ទីក្រុងនេះ​ពុំសូវមានការប្រឆាំងជំទាស់ខ្លាំងដូចនៅហុងកុងទេ ហើយបានក្លាយជាទីក្រុង​មានខ្លាំង​បំផុតមួយលើពិភពលោក ដោយសារតែម៉ាកាវជាកន្លែងតែមួយគត់​នៅក្នុងប្រទេសចិន ដែលល្បែងស៊ីសងត្រូវបានអនុញ្ញាត។

ក្នុងដំណើរមកម៉ាកាវបីថ្ងៃ លោកស៊ីបានប្រាប់ប្រតិភូនៅក្នុងពិធីជប់លៀង​អបអរខួបនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញថា “ប្រសិនបើក្រុមគ្រួសារ​រស់នៅដោយសុខដុម នោះរាល់កិច្ចការទាំងឡាយនឹងទទួលបានជោគជ័យ”។

លោកបានបន្ថែមថា “ការស្រឡាញ់មាតុភូមិ ក៏ដូចជាម៉ាកាវ បានក្លាយជា​តម្លៃស្នូលនៅទូទាំងសង្គមទាំងមូល”។ លោកបន្ថែមទៀតថា ទីក្រុងម៉ាកាវ​ច្រានចោលរាល់ការរំខានពីមជ្ឈដ្ឋានខាងក្រៅ៕ ដោយ៖ កញ្ញាដាលីស/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម