ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ប្រកាស​នូវ​គំនិត​ផ្តួចផ្តើម​ចម្បង​ជំរុញ​គណនេយ្យភាព​សង្គម​

378
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ប្រកាស​គំនិត​ផ្តួចផ្តើម​ចម្បង​មួយ ដើម្បី​ជួយ​ពង្រឹង​គណនេយ្យភាព​សង្គម​សម្រាប់​ការផ្តល់​សេវាសាធារណៈ​នៅតាម​តំបន់​ទីប្រជុំជន​ក្នុង​ខេត្ត​មួយចំនួន​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ រួមមាន​គម្រោង​មួយចំនួន នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ក្នុងការ​លើកកម្ពស់​គុណ​ភាព​សេវាសាធារណៈ​ដូចជា សេវា​សុខភាព អប់រំ រដ្ឋបាល និង​ការប្រមូល​សំរាម​។​

​លោកស្រី វី​ណា រេ​ដ​ឌី នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា​៖ «​គំនិត​ផ្តួចផ្តើម​នេះ​មាន​រយៈពេល​ប្រាំ​ឆ្នាំ រួមបញ្ចូល​នូវ​គម្រោង​មួយចំនួន ជម្រុញ​ឲ្យ​ប្រើប្រាស់​នូវ បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ អាច​ត្រួតពិនិត្យ និង​ប្រើប្រាស់​ទិន្នន័យ ក្នុងការ​លើកកម្ពស់​សេវាសាធារណៈ​»​។​

​សេចក្តីប្រកាស​ពត៌មាន​របស់​ស្ថានទូត​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា​គំនិត​ផ្តួចផ្តើម​នេះ​រួមមាន​៖ គម្រោង​«​បច្ចេកវិទ្យា​ថ្មី​សម្រាប់​គណនេយ្យភាព​សង្គម ឬ Innovations for Social Accountability» ដែល​អនុវត្ត​ដោយ​អង្គការ Family Health International 360 ឬ FHI360 មាន​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​អាច​ផ្តល់យោបល់​ចូលរួម​ស្ថាបនា​សេវា​សុខភាព អប់រំ ទឹកស្អាត​និង​សេវា​ផ្សេងៗ​ទៀត នៅតាម​តំបន់​ទីប្រជុំជន​នៃ​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ឆ្នាំង និង​កំពត​។

​គម្រោង​មួយទៀត​ដែលមាន​ឈ្មោះថា «​បច្ចេកវិទ្យា​សម្រាប់​ទីក្រុង​បៃតង ឬ Tech for Green Cities» នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទិន្នន័យ​ក្នុងការ​គ្រប់គ្រង​កាកសំណល់​រឹង នៅក្នុង​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ និង​អនុវត្ត​ដោយ​ក្រុមហ៊ុន Institute for Development Impact ឬ I4DI​។ គម្រោង​មួយទៀត​ដែល​ស្រដៀង​គ្នា​នេះដែរ អនុវត្ត​នៅក្នុង​ខេត្តសៀមរាប និង​កំពង់ធំ មាន​ឈ្មោះថា «​កម្មវិធី​គណនេយ្យភាព​សម្រាប់​គ្រប់គ្រង​កាកសំណល់​រឹង ឬ Solid Waste Accountability Platform» ដោយ​ក្រុមហ៊ុន Triangle Environmental health Initiative​។ គម្រោង​ចុងក្រោយ ដែលមាន​ឈ្មោះថា «​កម្មវិធី​លើកកម្ពស់​គណនេយ្យភាព​នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ ឬ One Window Service Offices – Platform to Enhance Accountability» នឹង​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​ត្រួតពិនិត្យ និង​ពង្រឹង​សេវា​រដ្ឋបាល​សាធារណៈ នៅក្នុង​ខេត្តបាត់ដំបង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម