បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កំពុងបើក​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

438
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿងកំពុង​បត់​ឆ្លងផ្លូវ​ពេញទំហឹង​។ ហេតុការណ៍​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៩​​ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប​ ចំណុច​មុខ​សាលាបឋមសិក្សា​​ជ្រោយ​​ ​ច​ង្វា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។ សព​ជនរងគ្រោះ​មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​សេ៊រីទំនើប​ម៉ាក LANG ROVER ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2W 1007 បើក​ចេញពី​សាលា​ឆ្លង​ផ្លូវបត់​ឆ្វេង​បាន​ពាក់​កណ្ដាលផ្លូវ ស្រាប់​តែមាន​ម៉ូតូ​សង់​ប៊ិច​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1BJ 8720 ជិះ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​ចំពាក់​កណ្ដាល​រថយន្ត​ពេញទំហឹង​ បណ្ដាលឲ្យបោក​ក្បាល​ផ្ទប់​ជាមួយ​រថយន្ត​បាក់ក​ស្លាប់​គួរ​ឲ្យ​រន្ធត់​។ ដោយឡែក​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ​។

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ និង​ប្រគល់​ឲ្យ​រថយន្ត​ដឹក​សាកសព​ដឹកយក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម