ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១ និង​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៧ ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប​

368
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១ និង ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៧ ប្រារព្វ​ឡើង​នៅ​ក្រុង​សៀមរាប ខេត្ត​សៀម​រាន នា​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ។​

​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១ និង ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៧ ក្រោម​ប្រធានបទ លុបបំបាត់​ឧបសគ្គ​រារាំង​ជន​មាន​ពិការភាព​ដើម្បី​សង្គម​មួយ​ប្រកបដោយ​បរិ​យាប​ន្ន រៀបចំឡើង​ដោយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី លោក ទេស ច័ន្ទ​គិរី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ។​

​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​ឲ្យ​ដឹងថា ទិវា​ជន​មាន​ពិការភាព​នេះ តែង​បាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ស្របតាម​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ដែល​បានកំណត់​យក​ថ្ងៃទី​០៣ ខែធ្នូ ជា​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ដូច្នេះ​ក្នុងឱកាស​នេះ សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ បណ្តា​អង្គការ​ដៃគូ មន្ទីរ និង​អង្គភាព​ជំនាញ​ក្នុង​ខេត្ត អង្គការក្រៅរដ្ឋាភិបាល សមាគម​សប្បរ​សជន ដែល​បានធ្វើ សកម្មភាព​គាំទ្រ​ដល់​បងប្អូន​ជន​មាន​ពិការភាព ប្រកបដោយ​មនុស្សធម៌ សាមគ្គីធម៌​ជាច្រើន​ទៅតាម​សហគមន៍ ធ្វើ​ឲ្យ​ការរស់នៅ​របស់​ពួកគាត់​មាន​ភាពកក់ក្តៅ សមស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយ​ឈរលើ​ស្មារតី​ត្រៀម​សហប្រតិបត្តិការ លើ​គោលការណ៍​ត្រឹមត្រូវ​មួយ​ក្នុងទិសដៅ​លើកកម្ពស់​ការយល់ដឹង​ទាំង​ផ្នែក​ស្មារតី សម្ភារៈ ដល់​បងប្អូន​ជន​មាន​ពិការភាព​និង​ខិតខំ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា ព្រមទាំង​បណ្តា​អង្គការ​ក្នុង និង​ក្រៅ​រដ្ឋាភិបាល ឲ្យ​កាន់តែ​ប្រសើរឡើង ។​

​លោក អោ ម៉ៅ បាន​បញ្ជាក់ថា តាម​របាយការណ៍​រប​ស់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​បង្ហាញថា​៖​ខេត្តសៀមរាប មាន​ជន​មាន​ពិការភាព​សរុប​ចំនួន ៧.៤៧៩​នាក់ ក្នុងនោះ​ជន​មាន​ពិការភាព​ដែល​កំពុង​បានទទួល​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល សរុប​ចំនួន ២.១៤១​នាក់ , ប្រពន្ធ ១.៧៩៩​នាក់ , កូន ១.៩៣៩​នាក់ និង អ្នកបម្រើ ១០១ នាក់ ។​

​លោក ទេស ច័ន្ទ​គិរី សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា តាមរយៈ​ខ្លឹមសារ នៃ​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ ដោយ​បន្ត​ប្តេជ្ញា​ថែរក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ សន្តិសុខ​ជាតិ កំណើនសេដ្ឋកិច្ច​ដោយ​ឈរលើ​មូលដ្ឋាន​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ខណៈ​សិទ្ធិ​របស់​ជន​មាន​ពិការភាព​ក៏ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ក្នុង​គោលបំណង​ការពារ​សិទ្ធិសេរីភាព ការពារ​ផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើង​ចំពោះ​ជន​មាន​ពិការភាព ដើម្បី​ធានា​ដល់​សិទ្ធិ​ស្មើភាព​គ្នា​នៃ​សកម្មភាព​ក្នុងសង្គម​រវាង​ជន​មាន​ពិការភាព​និង​មិន​ពិការភាព​។​

​លោក​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​លើកស្ទួយ​វិស័យ​ពិការភាព​កម្ពុជា​សំដៅ​ជួយ​ដល់​ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ​ឱ្យ​ទទួលបាន​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការ​រើស ទទួលបាន​សេវា​សង្គម និង​សេវាសាធារណៈ​ប្រកបដោយ​គុណភាព រួមទាំង​ជំរុញ​ឱ្យ​ជន​មាន​ពិការភាព​គ្រប់​សកម្មភាព​ក្នុងសង្គម ទាំង​ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​និង​ឈរឈ្មោះ​ជា​បេក្ខជន​ឱ្យគេ​បោះ​ការគោរព​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង​ការគិតគូរ​ដាក់បញ្ចូល​ការងារ​ពិការភាព​ក្នុង​គ្រប់​វិស័យ តាមរយៈ​ការសម្រួល​និង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ការចុះ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​វិស័យ​ពិការភាព​ទៅគ្រប់​ក្រសួង សាង​រដ្ឋ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​គាំទ្រ​ដល់​ការ​អភិ​ខ្មែរ​ប្រកបដោយ​ចីរភាព​សម្រាប់​ជន​មាន​ពិការភាព​គ្រប់រូប​នៅ​កម្ពុជា​។​

​លោក​ក៏បាន​បន្តទៀតថា ដើម្បី​ធានា​ដល់​ការធ្វើ​បរិ​យាប​ន្ន​និង​សមភាព​សម្រាប់​ជន​មាន​ពិការភាព រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៩-២០២៣ ក្នុងទិសដៅ​ឈានទៅ​លុបបំបាត់​រាល់​ទម្រង់​កេ​ប្រវ័ញ្ច​និង​រើសអើង​លើ​ជន​មាន​ពិការភាព ហើយ​ធ្វើយ៉ាងណា​ឱ្យ​ជន​មាន​ពិការភាព​កាន់តែ​ទទួលបាន​ការគាំទ្រ​ពី​សង្គម បង្កើន​គុណភាព​ជីវិត​ឱ្យ​កាន់តែ​ប្រសើរឡើង ទទួលបាន​ការយកចិត្ត​ទុកដាក់​ស្របតាម​ច្បាប់​ជាតិ​និង​លិខិតបទដ្ឋាន​អន្តរជាតិ​ដើម្បី​សង្គម​មួយ​មាន​សិទ្ធិ​ស្មើគ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម