កំពូលមនុស្ស! រ៉ូណាល់ដូហក់សំកាំងរយៈពេល១,៥វិនាទីនៅកម្ពស់២,៥៦ ម៉ែត្រដើម្បីតែតបញ្ចូលទីលើក្រុម Sampdoria

622
ចែករម្លែក

ការតែតបាល់មួយក្បាលដ៏អស្ចារ្យរ​បស់គ្រីស្ទាណូ រ៉ូណាល់ដូ បានជួយឱ្យ Juventus នាំមុខ ៣ ពិន្ទុលើកំពូលតារាងក្របខ័ណ្ឌបាល់ទាត់អ៊ីតាលី Serie A ជាមួយជ័យជម្នះ២-១លើក្រុមម្ចាស់ផ្ទះ Sampdoria កាលពីថ្ងៃពុធ។

តារាបាល់ទាត់ព័រទុយហ្គាល់រូបនេះបានបង្ហាញភាពជាអត្តពលិកអស្ចារ្យដែលមនុស្សធម្មតាមិនអាចធ្វើបាន ដោយលោតដល់កម្ពស់ ២,៥៦ ម៉ែត្រ និង សំកាំងបាន១,៥វិនាទី មុនពេលតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់យ៉ាងស្អាតពីកីឡាករអាឡិច សាន់ដ្រូ នៅតង់ទីមួយ ដែលជាគ្រាប់បាល់ជ័យជម្នះ។

ទាក់ទិននឹងការតែតបាល់ដ៏អស្ចារ្យនេះ រ៉ូណាល់ដូនិយាយថា “ខ្ញុំរីករាយសម្រាប់ការឈ្នះប្រកួតនេះ។ វាជាការប្រកួតដ៏លំបាក ព្រោះ Sampdoria លេងបានល្អខ្លាំងណាស់។ ក្រុមនេះមានឥរិយាបថល្អ។ គ្រាប់បាល់បញ្ចូលទីនោះគឺល្អខ្លាំងណាស់។ ខ្ញុំរីករាយដែលជួយក្រុមទទួលបានបីពិន្ទុ។ អ្វីដែលខ្ញុំចង់បានគឺជួយ Juventus ឈ្នះពានថ្មីៗថែមទៀត”។

រ៉ូណាល់ដូភ្ញាក់ផ្អើលខ្លាំងចំពោះស្ថិតិនៃការតែតបញ្ចូលទីនេះ ដោយនិយាយថា “ខ្ញុំមិនបានដឹងថាខ្ញុំស្ថិតនៅលើមេឃយូរដូច្នេះទេ”។

រ៉ូណាល់ដូបានសំកាំងលើមេឃយូរដូចប៉េឡេថតក្នុងរឿង Escape for Victory មុនពេលតែតបញ្ចូលទីផុតដៃអ្នកចាំទីឈ្មោះ អេមីល អូដេរ៉ូ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម