ស៊ី ជីន​ពីង ៖​កិច្ចការ​របស់​ហុងកុង​និង​ម៉ា​កាវ ជា​កិច្ចការ​ផ្ទៃក្នុង​ចិន​សុទ្ធសាធ​

446
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​មាន​ប្រកាស​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ​ថា កិច្ចការ​របស់​ទីក្រុង​ហុងកុង​និង​ម៉ា​កាវ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ និង​ថា​ចិន​​នឹង​មិន​អត់ឱន​ចំពោះ​ការជ្រៀតជ្រែក​ពី​បរទេស​ឡើយ​។​

លោកស៊ី ស្វាគមន៍មេដឹកនាំម៉ាកាវនិងហុងកុង ក្នុងពិធីរំលឹកខួបទី២០នៃការប្រគល់ទឹកដីម៉ាកាវិញ

​លោក​ស៊ី​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​ស្រង់​សម្តី ដែល​បាន​មានប្រសាសន៍​ដូច្នេះ​ថា​« ខ្ញុំ​ចង់​សង្កត់ធ្ងន់ថា ក្រោយ​ការប្រគល់​ហុងកុង​និង​ម៉ា​កាវ​មក​ចិនដីគោក​វិញ កិច្ច​​ការ​របស់​តំបន់​រដ្ឋបាល​ពិសេស​ទាំងពីរ ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ដែល​មិន​ត្រូវ​អោយ​កម្លាំង​បរទេស​ចង្អុលបង្ហាញ​អោយ​ធ្វើ​ដូច្នេះ​ដូច្នោះ​នោះទេ​»​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​ចិន​រូបនេះ​កំពុង​ចូលរួម​ពិធី​រំលឹក​ខួប​ទី​២០​នៃ​ការប្រគល់​ទីក្រុង​ល្បែង​ម៉ា​កាវ​មក​អោយ​ចិន​គ្រប់គ្រង​វិញ​។​មុននេះ លោក​ស៊ី បាន​ធ្វើ​ជា​អធិបតី​នៃ​ការ​​ចូលកាន់​តំណែង​រដ្ឋបាល​ម៉ា​កាវ​ថ្មី ដែល​ដឹកនាំ​ដោយ​លោក ហូ អៀ​ត​សេង​។​

​ហុងកុង​កំពុង​ឆ្លងកាត់​ដំណាក់កាល​ប្រឆាំង​តវ៉ា​មួយ ដែល​បាន​ចាប់ផ្តើម​តាំងពី​ខែ​មីនា ដោយសារតែ​ពង្រាង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ​។​ការប៉ះទង្គិច​ហិង្សា​រវាង​ប៉ូលិស​​និង​បាតុករ នៅតែ​មាន​ទោះជា​ច្បាប់​នេះ​ត្រូវបាន​អាជ្ញាធរ​លុប​ចោល​កាលពី​ខែតុលា​។​ពួក​អ្នក​ប្រឆាំង​តវ៉ា​ចោទប្រកាន់​អាជ្ញាធរ​ថា​រំលោភ​អំណាច​និង​គាបសង្កត់​ពួកគេ ជាការ​​អះអាង​ដែល​រដ្ឋាភិបាល​បដិសេធ​។​ពួក​គេ​ទាមទារ​អោយ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​លើ​ការប្រើ​កម្លាំង​របស់​ប៉ូលិស ដោះលែង​អ្នក​ត្រូវ​ចាប់ខ្លួន និង​សិទ្ធិ​បោះឆ្នោត​សម្រាប់​ពលរដ្ឋ​​ហុងកុង​ជ្រើសរើស​មេដឹកនាំ​និង​សភា​របស់​គេ​ដោយផ្ទាល់​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​ចិន​ប៉េកាំង​យល់ឃើញថា សភាពការណ៍​វឹកវរ​នៅ​ហុងកុង​កើតចេញ​ពី​ការ​លូក​ដៃ​របស់​បរទេស​ម​ក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​បាន​បង្ហាញ​ការ​​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ហុងកុង​លើ​អ្នក​ប្រឆាំង​តវ៉ា​។​

​កាលពី​ថ្ងៃ​២៧​វិច្ឆិកា សេត​វិមាន​បាន​និយាយថា ប្រធានាធិបតី​អាម៉េរិក​បាន​ចុះហត្ថលេខា​លើ​ពង្រាង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ​២០១៩ និង​ច្បាប់​មួយ​​ទៀត​ហាមឃាត់​នាំចេញ​គ្រឿង​បរិក្ខា​ប៉ូលិស​របស់​អាម៉េរិក​ទៅកាន់​ហុងកុង​។​តែ​អាជ្ញាធរ​ហុងកុង​បាន​ចាត់ទុក​ច្បាប់​អាម៉េរិក​នេះ​ថា​ជា​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​របស់​ខ្លួន​​និង​ថា​វា​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​និង​ផលប្រយោជន៍​រវាង​ហុងកុង​និង​អាម៉េរិក​។​

​ចំណែក ក្រសួងការបរទេស​ចិន​វិញ​បាន​និយាយថា ចិន​នឹង​ដាក់​ទណ្ឌកម្ម​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាម៉េរិក​មួយចំនួន រួមមាន​អង្គការ​Human Rights Watch​ក្នុង​វិធានការ​​ត​តប​វិញ​៕​ដោយៈ​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម