ប៉ះទង្គិច​ជាថ្មី​នៅ​ឥណ្ឌា នៅពេល​ចំនួន​មនុស្ស​ស្លាប់​និង​ត្រូវ​ចាប់ខ្លួន​កើនឡើង​

369
ចែករម្លែក

​ការប៉ះទង្គិច​ថ្មីៗ រវាង​ប៉ូលិស​ឥណ្ឌា​និង​បាតុករ បាន​ផ្ទុះឡើង​ឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ ក្រោយ​មាន​ការតវ៉ា​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​មួយ​អស់​ពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ ។​

​អ្នក​តវ៉ា​ប្រឆាំង​៣​នាក់​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាហេតុ​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​នេះ​កើន​ដល់​៩​នាក់​។​

​ច្បាប់​ដែល​អនុញ្ញាត​អោយ​ក្រុម​ជនជាតិភាគតិច​មកពី​ប្រទេសជិតខាង​ចំនួន​៣​សុំ​សញ្ជាតិ​ឥណ្ឌា លើកលែងតែ​អ្នក​កាន់​សាសនា​អ៊ីស្លាម បាន​បង្ក​កំហឹង​ក្នុងចំណោម​អ្នក​កាន់​​សាសនា​អ៊ីស្លាម ដោយសារតែ​ពួកគេ​យល់ថា​វា​ជា​ការរើសអើង​និង​ម្យ៉ាង​ពួកគេ​ភ័យខ្លាច​ក្រែង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​រុញ​ឥណ្ឌា​អោយ​កា្លយ​ជាប្រទេស​កាន់​សាសនាហិ​ណ្ឌូ​មួយ​តែ​រដ្ឋា​​ភិបាល​បាន​បដិសេធ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចេញ​មក​តាម​ដង​ផ្លូវ​នៅ​ទូទាំង​ប្រទេស ដោយ​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ជាច្រើន រួម​ទាំង​ក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត ដែល​ជា​ស្រុកកំណើ​​តរបស់​នាយករដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី ផង​។​

​នៅ​ក្រុង ម៉ាន់​ហ្កា​ឡ័​រ កងកម្លាំង​សន្តិសុខ​បាន​បាញ់​លើ​ហ្វូងមនុស្ស​ប្រមាណ​២០០​នាក់​ដែល​មិន​ស្តាប់​បញ្ជា​អោយ​រំសាយ ។​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​នៅ​ទីនោះ​​និង​៤​នាក់​រងរបួស​។​

​អ្នក​ប្រឆាំង​តវ៉ា​ម្នាក់​ទៀត​បាន​ស្លាប់​ដោយសារ​របួស​ត្រូវ​គ្រាប់កាំភ្លើង​នៅក្នុង​ក្រុង ឡា​ក់​ណូវ ក្នុង​រដ្ឋ អ៊ុត​តា ប្រា​ដែស កន្លែង​ដែល​រថយន្ត​និង​ស្ថានីយ​ប៉ូលិស​ត្រូវ​ដុត​បំផ្លាញ​។​ប៉ូលិស​​បាន​បដិសេធ​ថា​មិន​បាន​បាញ់​នៅក្នុង​ទីក្រុង​នេះ​ទេ តែ​ឪពុក​ជនរងគ្រោះ​និយាយ​ថា​កូន​របស់​គាត់​ជាប់​ក្នុង​ហ្វូង​បាតុកម្ម​នៅ​ពេល​ដើរ​ទៅ​ទិញ​គ្រឿងទេស​ហើយ​ត្រូវ​គ្រាប់​។​

​ការប៉ះទង្គិច​ថ្មី​បាន​ផ្ទុះឡើង​នៅ​ក្រុង​ឡា​ក់​ណូវ កាលពី​ថ្ងៃ​សុក្រ នៅពេល​ប៉ូលិស​រារាំង​ដំណើរ​រប​ស់មនុស្ស​រាប់រយ​នាក់ ដែល​ធ្វើដំណើរ​ទៅ​ចូលរួម​ការប្រឆាំង​តវ៉ា​មួយ​។​កងកម្លាំង​​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​ហូរ​ទឹកភ្នែក​និង​ដេញ​វាយ​ពួកគេ​។​

ការប៉ះទង្គិចកាលពីថ្ងៃ១៩ធ្នូដែលនាំដល់ការចាប់ឃាត់ខ្លួនបាតុករជាង១ពាន់នាក់

នៅ​កន្លែង​ផ្សេងទៀត មិន​មាន​ការប៉ះទង្គិច​ធំដុំ​ទេ តែ​ប៉ូលិស​បាន​ចាប់​បាតុករ​ដាក់​រថយន្តក្រុង​ទាំង​ឡានៗ​នៅ​ក្រុង​ញូ​វ ដេលលី និង​បាង​ហ្កា​ឡ័​រ ក្រោយពី​ពួកគេ​មិន​ស្តាប​បំរាម​​ជួបជុំ​តវ៉ា​។​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​បាន​ចាប់ខ្លួន​អ្នក​ប្រឆាំង​តវ៉ា​ជាង​១.២០០​នាក់​នៅក្នុង​ទីក្រុង​ធំៗ​ដោយសារ​ពួកគេ​មិន​ស្តាប់​បំរាម​ស្តីពី​ការជួបជុំ​៕​ដោយ​៖​វាសនា​

ប៉ូលិស​វាយ​អ្នក​ប្រឆាំង​តវ៉ា និង​ប៉ូលិស​រត់​ចេញពី​ស្ថានីយ​ក្រោយ​រង​ការវាយប្រហារ​ពី​បាតុករ​នៅ​ក្រុង ឡា​ក់​ណូវ​កាលពី​ថ្ងៃ​១៩​ធ្នូ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ