​បុគ្គលិក​ធនាគារ​ស្ថាបនា​គ្រប់លំដាប់​ថ្នាក់​និង​សាធារណៈ​ចូលរួម​បរិច្ចាគ​ឈាម​

308
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​ស្ថាបនា​រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បានរៀបចំ​កម្មវិធី​បរិ​ច្ចាគ​ឈាម​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែធ្នូ​ឆ្នាំ​២០១៩​នៅ​បី​ទីតាំង​ផ្សេងៗ​គ្នា​គឺ​នៅ​សាខា​ខេត្តសៀមរាប សាខា​ខេត្តកំពង់ចាម និង នៅ​ភ្នំពេញ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​។​

​ជាមួយនឹង​ពាក្យស្លោក​“​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​ជីវិត​”​ការបរិច្ចាគ​ឈាម​របស់​ធនាគារ​ស្ថាបនា​គឺ​ដើម្បី​ចូលរួមចំណែក​ទ្រទ្រង់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​តាមរយៈ​សកម្មភាព​ស្ម័គ្រចិត្ត របស់​បុគ្គលិក​ធនាគា​រ ស្ថាបនា និង​សាធារណៈ​។​ឆ្នាំនេះ​គឺជា​ការចូលរួម​បរិច្ចាគ​ឈាម​លើក​ទី ១២ របស់ខ្លួន​ដើម្បី​ជួយសង្គ្រោះ អាយុជីវិត​មនុស្ស​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​និង​ដើម្បី​ជួយ​បង្កើន​បរិមាណ​ឈាម​ក្នុង​ស្តុក​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា​

​លោក​លឹម​អូន​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា​បាន​សម្តែង​ចំណាប់អារម្មណ៍​ថា​៖​កម្មវិធី​បរិច្ចាគ​ឈាម​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​(CSR)​របស់​ធនាគារ​ស្ថាបនា​ហើយ​ធនាគារ​នឹង​បន្ត​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ក៏ដូចជា​ការរួម​សហកា​រ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដ៏​មាន​អត្ថន័យ​និង​អត្ថប្រយោជន៍​នេះ​នា​ឆ្នាំក្រោយៗ​ទៀត​។​

​ក្នុង​កម្មវិធី​នេះ​អ្នកបរិច្ចាគឈាម​ទាំងអស់​គឺ​ត្រូវបាន​ពិនិត្យ​សុខភាព​មុននឹង​បរិច្ចាគ​ឈាម​ដើម្បីឱ្យ​ប្រាកដថា​ឈាម​ទាំងនេះ​គឺ​បានមកពី​អ្នកមាន​សុខភាព​ល្អ​។​ធនាគារ​ស្ថាបនា​គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​នេះ​ធនាគារ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​១.៦០០​លាន​ដុល្លារ​អាមេរិក​។

​ធនាគារ​ស្ថាបនា​មាន​បណ្តាញ​សាខា​ជាង​១៧០​សាខា​បុគ្គលិក​បម្រើ​ការងារ​ជាង​៤.០០០​នាក់​និង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន​ជាង​២០០​អេ​ធី​អឹម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ធនាគារ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​ដើម្បី​ផ្តល់​សេវា​ទូទាត់​ប្រាក់​ចល័ត​តាម​ទូរស័ព្ទដៃ​WingPipayTrueMoney​និង​LyHourVeluy​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​យើង​។​

​លោក​វេជ្ជបណ្ឌិត​សុខ​ប៉ូ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​មានប្រសាសន៍ថា​“​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​ថ្ងៃនេះ​”​គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ​សម្រាប់​យើងទាំងអស់គ្នា​ក្នុង​គោលបំណង​សំខាន់​២​។​ទី​១៖​បង្កើត​ទម្លាប់​និង​វប្បធម៌​នៃ​ការបរិច្ចាគ​ឈាម​ដោយ ស្ម័គ្រចិត្ត និង​ជម្រុញ​លើកកម្ពស់​ឱ្យ​យុវជន ប្រជាជន​ទូទៅ​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​សេវាកម្ម​ជាតិ​ផ្តល់​ឈាម​នៅ​ទូទាំងប្រទេស​។

​ទាំងនេះ​ដើម្បី​ធានាឱ្យមាន​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​មិន​ប្រកាន់​ជាតិ​សាសន៍​ឬ​សាសនា​។​ទី​២៖​ផ្សារភ្ជាប់​សកម្មភាព​នៃ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ទៅនឹង​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​ក្នុងសង្គម ។​

​លោក​បាន​បញ្ជាក់ថា​៖​តម្រូវការ​ឈាម​គឺ​២០០​ប្លោក​ក្នុង​១​ថ្ងៃ​។​ជា​មធ្យម​ក្នុង​១​ខែ​នៅ​ទូទាំងប្រទេស​ត្រូវការ​ឈាម​មិនតិចជាង​៦​ពាន់​ផ្លោក​ទេ​។​ចំណែក​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅមានកម្រិត​ទាប​មិនអាច​ឆ្លើយតប​ចំពោះ​តម្រូវការ​ទេ​។​ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ជួយ​បរិចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ឱ្យ​កាន់តែច្រើន​៕S/

​ចំណងជើង​រូបថត​៖​បុគ្គលិក​ធនាគារ​ស្ថាបនា​គ្រប់លំដាប់​ថ្នាក់​និង​សាធារណៈ​ចូលរួម​បរិច្ចាគ​ឈាម​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​(​រូបៈ​សុផល​)