ពិនិត្យ​សិក្សា​ជាក់ស្តែង​ពី​ស្ថានភាព​ច្រាំងទន្លេ​បាក់ស្រុត​ដើម្បី​រក​មធ្យោបាយ​សង្គ្រោះ​

471
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​សិក្សា​ជាក់ស្តែង​ពី​ស្ថានភាព​ច្រាំង​ទន្លេមេគង្គ និង​ព្រែក​ដែល​បាន​បាក់ស្រុត​នាពេល​កន្លងមក នៅក្នុង​ស្រុក​ចំនួន​បី គឺ​ដើម្បី​រិះរក​មធ្យោបាយ និង​លទ្ធភាព​សង្គ្រោះ នៅ​ចំ​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង និង​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៩​។​
​លោក​យិន​វណ្ណ​:​អភិបាលស្រុក​កោះសូទិន​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ទីតាំង​ដំបូង​ដែល​អភិបាលខេត្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ចំណុច​បាក់​ច្រាំង​ទន្លេតូច​ជាប់​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​ពង្រ​លិច ឃុំ​ពង្រ និង​មួយកន្លែង​ចំណុច​បាក់​ច្រាំងទន្លេ​មេគង្គ​ក្បែរ​ផ្សារ​ជី​ហែ​ស្ថិត​ក្នុងភូមិ​ផ្សារ​ថ្មី​ឃុំ​ពាមប្រធ្នោះ​ស្រុក​កោះសូទិន​។​លោក​អភិបាលខេត្ត​ថា​នឹង​ស្នើ​ឲ្យ​ខាង​ជំនាញ​ចុះ​សិក្សា​ទីតាំង​ទាំងពីរ​ខាងលើនេះ​ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំង​បន្ថែមទៀត​។​

លោក​ស៊ឹម​គង់​អភិបាលស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹងថា​ខាង​ស្រុក​ស្រី​សន្ធរ​អភិបាលខេត្ត​លោក​បាន​ដឹកនាំ​មន្ត្រី​ជា​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ច្រាំង​ទន្លេមេគង្គ​បាក់ស្រុត​ចម្ងាយ​ជាង​១.០០០​ម៉ែត្រ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឬ​ស្សី​ស្រុក​ស្រុក​ស្រី​សន្ធរ​។​លោក​អភិបាលខេត្ត​ថា​នៅ​រដូវប្រាំង​នេះ​នឹង​សូម​ឲ្យ​ខាង​មន្ត្រី​ជំនាញ​បូម​ខ្សាច់​ចេញ​ដើម្បី​បញ្ជៀ​ស​មុខទឹក និង​ច្រក​បាវ​ខ្សាច់ ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​បន្តទៀត​។​

​លោក​មឿ​ន​ផា​អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹង​ដែរ​ថា​អភិបាលខេត្ត​កំពង់ចាម​នឹង​ស្នើ​ឲ្យ​ក្រុម​ការជំនាញ​ចុះ​សិក្សា នឹង​រិះរក​មធ្យោបាយ​កុំ​ឲ្យ​ការបាក់​ស្រុត​ច្រាំង​ព្រែក​អន្លង់​គគីរ ស្ថិតក្នុង​ឃុំ​ស្តៅ និង​ព្រែកកុយ ស្រុក​កងមាស បន្តទៀត​។ នៅ​ចន្លោះ នៃ​ការសិក្សា​នេះ គឺ​ខាង​ជំនាញ​បើកផ្លូវ​ធ្វើដំណើរ​នៅ​ខាង​ឃុំ​ស្តៅ​។​

​គួរ​បញ្ជាក់ថា ករណី​បាក់ស្រុត​ច្រាំងទន្លេ​មេគង្គ និង​ព្រែក​ក្នុង​ខេត្តកំពង់ចាម​រយ​:​ពេល​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​នេះ បាន​កើតឡើង​ចំនួន បួន លើក គឺ​បណ្តាល​ឲ្យ​បាក់​ស្រុតដី​ច្រាំង​ប្រវែង ២.៤៤៥ ម៉ែត្រ និង​ទទឹង ៨១​ម៉ែត្រ និង​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១២ ខ្នង​ស្មើនឹង ១២ គ្រួសារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម