មនុស្សរាប់ពាន់នាក់ភៀសខ្លួន ខណៈអំពើហិង្សាផ្ទុះឡើងជាថ្មីនៅស៊ីរី

311
ចែករម្លែក

អង្គការសហប្រជាជាតិនិយាយថាជនស៊ីវិលរាប់ពាន់នាក់កំពុងភៀសខ្លួនពីការទម្លាក់គ្រាប់បែកនៅក្នុងតំបន់អ៊ីដលីបរបស់ស៊ីរី ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងមូលដ្ឋានរបស់ពួកជីហាត ដោយរឹតបង្កឱ្យមានវិបត្តិមនុស្សធម៌ដែលកំពុងធ្ងន់ធ្ងរស្រាប់។

តំបន់អ៊ីដលីប ដែលជាកន្លែងរស់នៅរបស់ប្រជាជនប្រមាណ ៣ លាននាក់រួមទាំងមនុស្សជាច្រើននាក់ដែលផ្លាស់ទីលំនៅដោយសង្រ្គាមស៊ីវិលនៅស៊ីរី ត្រូវបានគ្រប់គ្រងដោយអតីតសម្ព័ន្ធមិត្តអាល់កៃដារបស់ប្រទេសនេះគឺពួក ហាយ៉ាត់ ថារៀ អាល់សាម (Hayat Tahrir al-Sham)។ របបក្រុងដាម៉ាស់បានប្តេជ្ញាម្តងហើយម្តងទៀតថានឹងដណ្តើមការគ្រប់គ្រងអ៊ីដលីបឡើងវិញ។

អង្គការឃ្លាមើលសង្គ្រាមបាននិយាយកាលពីថ្ងៃសុក្រទី២០ធ្នូថា អំពើហិង្សាកាន់តែផ្ទុះខ្លាំងឡើងនៅក្នុងតំបន់អ៊ីដលីបចាប់តាំងពីថ្ងៃចន្ទ ហើយបើទោះបីជាអ.ស.បអំពាវនាវឱ្យកាត់បន្ថយការប៉ះទង្គិចគ្នាក៏ដោយ ក៏វានៅតែផ្ទុះឡើងខ្លាំងរវាងកងកម្លាំងរបបស៊ីរីនិងក្រុមប្រដាប់អាវុធនានាក្នុងរយៈពេល ២៤ ម៉ោង ដោយសម្លាប់មនុស្សជាង ៨០ នាក់ទាំងសងខាង។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅជុំវិញទីប្រជុំជនម៉ាអារ៉េតអាល់នូម៉ាន់ (Maaret al-Numan) ដែលកាន់កាប់ដោយក្រុមជីហាដនិយមនៅភាគខាងត្បូងអ៊ីដលីប។

អង្គការនិយាយទៀតថា ការប្រយុទ្ធនេះកើតឡើងនៅពេលយន្តហោះចម្បាំងមកពីសម្ព័ន្ធមិត្តស៊ីរីគឺរុស្ស៊ីបានទម្លាក់គ្រាប់បែកជុំវិញទីប្រជុំជនម៉ាអារ៉េតអាល់នូម៉ាន់និងទីប្រជុំជនក្បែរខាង សារ៉ាខេប (Saraqeb) ជាមួយនឹងការវាយប្រហារតាមអាកាសជាហូរហែ។

ទីភ្នាក់ងារមនុស្សធម៌អ.ស.ប OCHA បាននិយាយថាជនស៊ីវិលរាប់ពាន់នាក់បានភៀសខ្លួនចេញពីភាគខាងត្បូងអ៊ីដលីបចាប់តាំងពីថ្ងៃចន្ទនិងឆ្ពោះទៅភាគខាងជើងដើម្បីសុវត្ថិភាព ខណៈមនុស្សរាប់ពាន់នាក់ទៀតកំពុងរង់ចាំមើលអំពើហិង្សាថមថយ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម