ប្រធានាធិបតី​ប្រេ​ស៊ីល វាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​កាសែត​ចុះផ្សាយ​ថា​កូនប្រុស​របស់​លោក​ពាក់​ព័ន្ធ​អំពើពុករលួយ​

327
ចែករម្លែក

​ប្រធានាធិបតី ប្រេ​ស៊ីល លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ កាលពី​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ​បាន​វាយប្រហារ​រិះគន់​លើ​ពួក​អ្នកកាសែត ដោយ​បាន​ចង្អុលមុខ​អ្នកកាសែត​ម្នាក់​ថា​ដូច «​ជន​ស្រឡាញ់​ប្រុស​​ដូចគ្នា​» ចំ​ពេល​មាន​របាយការណ៍​ថា កូនប្រុស​របស់​លោក​ពាក់​ព័ន្ធ​នឹង​អំពើពុករលួយ​។​

​លោក​បុល​សូ​ណារ៉ូ បាន​ចោទប្រកាន់​សារព័ត៌មាន​ថា​មាន​ជំហរ​លម្អៀង​ទៅខាង​ការប្រឆាំង​រូបលោក​និង​កូនប្រុស​របស់​លោក គឺ​សមាជិក​ព្រឹទ្ធសភា ផ្លា​វី​យ៉ូ បុល​សូ​ណារ៉ូ​។​

ប្រធានាធិបតី ហ្ស៊ែ​រ បុល​សូ​ណារ៉ូ​(​ស្តាំ​)​និយាយ​ទៅកាន់​កូនប្រុស លោក​ផ្លា​វី​យ៉ូ បុល​សូ​ណារ៉ូ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩

​លោក​ប្រធានាធិបតី​បាន​និយាយថា គ្រួសារ​របស់​លោក​ជា​ជនរងគ្រោះ ពី​យុទ្ធនាការ​សារព័ត៌មាន​និង​បាន​ចោទប្រកាន់​រដ្ឋអាជ្ញា​ថា​បាន​ធ្វើអោយ​លេច​ធ្លាយ​ព័ត៌មាន​អំពី​ករណី​​ចោទប្រកាន់​នេះ​។​លោក​ក៏​បន្ទោស​បញ្ហា​នេះ​លើ អភិបាលក្រុង​រី​យ៉ូ ដែល​ពីមុន​ជា​សម្ពន្ធមិត្ត តែ​ឥឡូវ​ចង់​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២២​។​

​សមាជិក​ព្រឹទ្ធសភា ផ្លា​វី​យ៉ូ បុល​សូ​ណារ៉ូ អាយុ​៣៨​ឆ្នាំ​ដែល​ជា​កូនប្រុស​របស់​លោក​ប្រធានាធិបតី ជាប់​សង្ស័យ​ពី​បទ​លាង​លុយ​ក្នុងពេល​លោក​នៅ​ជា​សមាជិក​សភា​តំបន់​ប្រចាំ​ក្រុង​រី​យ៉ូ ។​

​លោក បុល​សូ​ណារ៉ូ បាន​និយាយថា «​ការស៊ើបអង្កេត​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន តែ​ពួកគេ​មិន​បាន​រក​ឃើញ​អ្វី​ទេ​។​ប្រសិនបើ ផ្លា​វី​យ៉ូ បាន​ធ្វើ​អ្វី​ខុស នោះ​វា​ជា​ភារកិច្ច​របស់​គាត់​​ត្រូវ​ឆ្លើយតប មិនមែន​ខ្ញុំ​ទេ​»​។​

​លោក បុល​សូ​ណារ៉ូ បន្ទាប់មក​បាន​ងាក​ទៅរក​អ្នកយកព័ត៌មាន​និង​បាន​និយាយថា​«​អ្នក​មាន​មុខ​ដូចជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា តែ​មិន​មានន័យថា ខ្ញុំ​ចោទប្រកាន់​អ្នក​ថា​ជា​​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ …»​។​

​ផ្លា​វី​យ៉ូ បុល​សូ​ណារ៉ូ កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ពី​បទ​លាង​លុយ និង​បង្វែរ​មូលនិធិ​សាធារណៈ​កាលពី​ពេល​លោក​ធ្វើជា​សមាជិក​សភា​ចាប់ពី​ឆ្នាំ​២០០៣​ដល់​២០១៨​។​លោក​ត្រូវ​​បាន​ស៊ើបអង្កេត​ចំពោះ​ការប្រើ​និយោជិត​រដ្ឋ​មួយ​ក្រុម​ធំ ដែល​ប្រាក់ខែ​របស់​ពួកគេ​ត្រូវបាន​យក​ទៅ​ទិញ​ផ្ទះល្វែង​មួយ​និង​ហាង​មួយ​។​

​ទោះជា​យ៉ាងណា លោក ផ្លា​វី​យ៉ូ បាន​អះអាង​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​និង​កំពុង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល​សុំ​អោយ​រដ្ឋអាជ្ញា​ផ្អាក​ការស៊ើបអង្កេត​​លើ​រូប​លោក​៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម