ប្រធានាធិបតីអ៊ីរ៉ង់រិះគន់អាម៉េរិកចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ “ឥតសមហេតុផល”

347
ចែករម្លែក

ប្រធានាធិបតីអ៊ីរ៉ង់លោកហាសសាន់ រូហានីកាលពីថ្ងៃសុក្រទី២០ធ្នូបានរិះគន់ការដកខ្លួនឥតសមហេតុផលរបស់អាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុជាតិស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈលោកជួបនាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូ អាបេនៅទីក្រុងតូក្យូ។

ដំណើរទស្សនកិច្ចរបស់លោករូហានីទៅកាន់ប្រទេសជប៉ុនកើតឡើងបន្ទាប់ពីមានបាតុកម្មដ៏ប្រល័យកាលពីខែមុនជុំវិញការឡើងថ្លៃប្រេងនៅអ៊ីរ៉ង់ កន្លែងដែលសេដ្ឋកិច្ចរបស់ខ្លួនបានរងទណ្ឌកម្មពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

លោករូហានី ដែលក្លាយជាប្រមុខរដ្ឋអ៊ីរ៉ង់ដំបូងគេធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងរយៈពេល ២ ទសវត្សរ៍ បាននិយាយថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងលើសហរដ្ឋអាម៉េរិកចំពោះការដកខ្លួនចេញជាឯកតោភាគីនិងមិនសមហេតុផល” ពីកិច្ចព្រមព្រៀងនេះ។ ខ្ញុំសង្ឃឹមថា ជប៉ុននិងប្រទេសដទៃទៀតនឹងខិតខំប្រឹងប្រែងដើម្បីរក្សាកិច្ចព្រមព្រៀងនេះ”។

សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញក្នុងឆ្នាំ ២០១៨ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិដែលមានគោលបំណងដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក អាលី រ៉ាប៊ីអ៊ី បាននិយាយសម្រាលអំពីការរំពឹងសុំការសម្របសម្រួលក្នុងទស្សនកិច្ចនេះ ថា “ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូគ្មានអ្វីទាក់ទងនឹងបញ្ហាផ្សេងៗដូចជា ការសុំចរចាជាមួយអាម៉េរិកនោះឡើយ”។

ទោះយ៉ាងណា លោកបានទទួលស្គាល់ថា “មិត្តជប៉ុនរបស់យើងតែងតែបញ្ជូនសារឬគំនិតផ្តួចផ្តើមដែលយើងស្វាគមន៍…ហើយពិនិត្យមើលយ៉ាងហ្មត់ចត់”។

ក្នុងនាមជាសម្ព័ន្ធមិត្តសំខាន់របស់អាម៉េរិក ដែលនៅតែរក្សាទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ លោកអាបេបានព្យាយាមកសាងស្ពានភ្ជាប់រវាងមហាអំណាចគូប្រជែងទាំងពីរ។

ក្នុងឱកាសជួបជាមួយលោករូហានី លោកអាបេបាននិយាយថា “ជប៉ុននឹងបន្តយ៉ាងអត់ធ្មត់នូវកិច្ចប្រឹងប្រែងការទូតរបស់ខ្លួនដើម្បីបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា”។ នេះយោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុន។

មន្ត្រីរូបនោះនិយាយថា “មេដឹកនាំទាំងពីរបានយល់ព្រមរក្សាការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ”។

លោកអាបេបានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់កាលពីខែមិថុនាដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់នៅឈូងសមុទ្រពែក្ស។

កន្លងមកជប៉ុនធ្លាប់ជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់ប៉ុន្តែបានបញ្ឈប់ការទិញដើម្បីអនុវត្តតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។

លោកអាបេបានពន្យល់ដល់លោករូហានីនូវផែនការរបស់ទីក្រុងតូក្យូក្នុងការបញ្ជូននាវាចម្បាំងជប៉ុនទៅកាន់ឈូងសមុទ្រអូម៉ង់ដើម្បីការពារការដឹកជញ្ជូននៅទីនោះខណៈអំពាវនាវឱ្យតេហេរ៉ង់ទទួលយក “ការទទួលខុសត្រូវ” ដើម្បីធានាការពារផ្លូវសមុទ្រនៅក្នុងតំបន់។

អ្នកនាំពាក្យរដ្ឋាភិបាលលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា និយាយនៅព្រឹកថ្ងៃសុក្រថា “គោលនយោបាយប្រភេទនេះមានគោលបំណងធានាសុវត្ថិភាពដល់នាវាជប៉ុន” ដោយបន្ថែមថា ៩០ ភាគរយនៃការនាំចូលប្រេងឆៅរបស់ជប៉ុនគឺចេញមកពីតំបន់មជ្ឈិមបូព៌ា៕ ដោយ៖ កញ្ញាដាលីស

លោករូហានីក្លាយជាប្រមុខរដ្ឋអ៊ីរ៉ង់ដំបូងគេធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងរយៈពេល ២ ទសវត្សរ៍

ទីតាំងផ្សាយពាណិជ្ជកម្ម