អាម៉េរិក​បង្កើត​កងកម្លាំង​សម្រាប់​សង្គ្រាម​អវកាស​នាពេល​អនាគត​

363
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក ជួប​ការ​ប្រឈម​យុទ្ធសាស្ត្រ​កាន់តែ​ខ្លាំង​ឡើង​នៅ​សតវត្សរ៍​ទី​២១​ពី​រុស្ស៊ី​និង​ចិន ហើយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ ឆ្នាំ​២០១៩​បាន​បង្កើត​កងកម្លាំង​អវកាស​អាម៉េរិក​ជា​ផ្លូវ​​ការ​មួយ​នៅក្នុង​ក្រសួង​ការពារជាតិ​។​

​ធ្វើតាម​មហិច្ឆតា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សេត​វិមាន​បានបង្ហាញ​ការប្តេជ្ញា​ចិត្ត​មិន​បោះបង់​ចោល​ការចង់​រក្សា​ឧត្តមភាព​នៅក្នុង​សង្គ្រាម​ផ្កាយរណប​ពិឃាត ឬ​សព្វាវុធ​​ប្រល័យ​ផ្កាយរណប​នាពេល​អនាគត ដូច​ក្នុង​រឿង​វិទ្យាសាស្ត្រ​ប្រឌិត​«​សង្គ្រាម​ផ្កាយ​»​។​

​លោក​ប្រធានាធិបតី ត្រាំ បានធ្វើអោយ​ក្តី​ស្រម៉ៃ​បង្កើត​កងកម្លាំង​ដូច្នេះ​ក្លាយជា​ការពិត ដោយ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​អំណាច​ការពារ​ជាតិ​ឆ្នាំ​២០២០ ដែល​លៃ​ថវិកា​សំរាប់​​កងកម្លាំង​មួយ ដែល​មាន​ឋានៈ​ស្មើ​នឹង​សាខា​៥​ទៀត​នៃ​កងកម្លាំងប្រដាប់អាវុធ​អាម៉េរិក​។​

លោក​ត្រាំ ចាប់រ​លាក់​ដៃ​ជាមួយ ឧត្តមសេនីយ៍ទ័ពអា​កា​ស ជេ រ៉ា​យ​ម៉ុន(ឆ្វេង) ដែល​នឹង​ដឹកនាំ​កងកម្លាំង​អវកាស​ទើប​បង្កើត​ថ្មី នៅ​មូលដ្ឋាន​មួយ កាលពី​ថ្ងៃ​២០​ធ្នូ ឆ្នាំ​២០១៩

​ត្រាំ បាន​ប្រាប់​សមាជិក​យោធា​នៅ​មូលដ្ឋាន​ទ័ពអាកាស​មួយ​ថា «​នឹង​មាន​រឿង​ជាច្រើន​កើត​ឡើង​ក្នុង​អវកាស ដោយសារ​វា​ជាទី​តាំង​សង្គ្រាម​ថ្មី​របស់​ពិភពលោក​»​។​

​កងកម្លាំង​អវកាស​នេះ នឹង​ជា​សាខា​ទី​៦​របស់​យោធា​អាម៉េរិក បន្ទាប់​ពី​កងទ័ពជើងគោក អាកាស ជើង​ទឹក ម៉ា​រី​ន​និង​ឆ្មាំ​ឆ្នេរសមុទ្រ​។​

​ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ ម៉ាក អ៊ី​ស​ភើ បាន​និយាយថា​«​ការពឹង​លើ​សមត្ថភាព​នៅក្នុង​អវកាស​បាន​កើនឡើង​យ៉ាងគំហុក​និង​ចាប់ពី​ថ្ងៃនេះ​ទី​អវកាស​ពាក់ព័ន្ធ​នឹង​សង្គ្រាម​។​​រក្សា​ឧត្តមភាព​អាម៉េរិក​នៅក្នុង​សង្គ្រាម​នេះ​ជា​បេសកកម្ម​នៃ​កងកម្លាំង​អវកាស​អាម៉េរិក​»​។​

​ការបង្កើត​កងកម្លាំង​ថ្មី​នេះ កើត​ឡើង​ក្រោយ​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​យោធា បាន​ព្រមាន​នៅក្នុង​របាយការណ៍​មួយ​នៅ​ឆ្នាំ​នេះ​ថា ចិន​និង​រុស្ស៊ី​បាន​អភិវឌ្ឍ​សេវា​អវកាស​«​ដ៏​ខ្លាំង​​ក្លា​និង​មាន​សមត្ថភាព​»​សំរាប់​ការងារ​ស៊ើបការណ៍​និង​ធ្វើ​ចារកម្ម​។​

​របាយការណ៍​បាន​និយាយថា «​រដ្ឋ​ទាំង​ពីរ កំពុង​អភិវឌ្ឍ​សមត្ថភាព​បង្កើត​រលកសញ្ញា​ស្ទះ​រំខាន​ការទាក់ទង​តាម​រលកធាតុអាកាស និង​សង្គ្រាម​អ៊ិន​ធឺ​ណែ​ត សព្វាវុធ​ថាមពល​ សមត្ថភាព​នៅ​លើ​គន្លង​ផែនដី និង​កាំជ្រួច​ប្រឆាំង​ផ្កាយរណប​។ កូរ៉េខាងជើង និង​អ៊ីរ៉ង់ ដ៏​ចូ​ច្នេះ​ដែរ កាន់តែ​បង្កើន​សកម្មភាព​យោធា​របស់​គេ​ទៅ​ក្នុង​ទី​អវកាស​ដោយ​ធ្វើអោយ​​ស្ទះ​សញ្ញា​ទាក់ទង​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​កាំជ្រួច​ផ្លោង​»​។​

​ចិន​កាលពី​ឆ្នាំ​២០១៧ បានបង្ហាញ​រួចហើយ​ថា​ខ្លួន​អាច​បាញ់​ទម្លាក់​ផ្កាយរណប​ណាមួយ ដោយ​ប្រើ​កាំជ្រួច​តាំង​នៅ​លើ​ដី​។​

​កងកម្លាំង​ថ្មី​ដែល​ស្ថិត​ក្រោម​បញ្ជាការ​អវកាស​អាម៉េរិក នេះ​នឹង​មាន​ទាហាន​ទ័ពអាកាស​និង​អ្នកជំនាញការ​ស៊ីវិល​ចំនួន​១៦.០០០​នាក់ និង​មាន​ឯកសណ្ឋាន​ផ្ទាល់​របស់​វា​ទោះជា​​វា​ស្ថិត​នៅក្រោម​កងទ័ពអាកាស​៕​ដោយ​៖​វាសនា​