យានអវកាសថ្មី Starliner របស់ក្រុមហ៊ុន Boeing បរាជ័យក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ

646
ចែករម្លែក

កាលពីថ្ងៃសុក្រទី២០ធ្នូអង្គការណាសានិងក្រុមហ៊ុន Boeing បានសាកល្បងការហោះហើរយានអវកាសថ្មី Starliner ដោយគ្មានមនុស្សបើក ដោយយាននេះបានបរាជ័យក្នុងការចុះចតជាមួយស្ថានីយអវកាសអន្តរជាតិតាមការគ្រោងទុក។

យាន CST-100 Starliner របស់ក្រុមហ៊ុន Boeing តម្លៃ ៤,២ ពាន់លានដុល្លារបានប្រឈមមុខនឹងឧបសគ្គដ៏ធំកាលពីថ្ងៃសុក្រ បន្ទាប់ពីកំហុសបច្ចេកទេសពីរបានបណ្តាលឱ្យយានអវកាសហោះហើរខុសគន្លង។ នេះជាអ្វីដែលបានកើតឡើង៖

ការហោះហើរសាកល្បងបានចាប់ផ្តើមយ៉ាងរលូន បន្ទាប់យាននេះត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Atlas V ចេញពីស្ថានីយទ័ពអាកាសខេបខាណាវើរ៉លក្នុងរដ្ឋផ្លរីដានៅម៉ោង ៦:៣៦ នាទីព្រឹកថ្ងៃសុក្រ។

ប៉ុន្មាននាទីក្រោយមក រ៉ុក្កែតនិងយានបានផ្តាច់ចេញពីគ្នាដោយជោគជ័យ ហើយយាន Starliner បានអណ្តែតចូលទៅក្នុងគន្លងគោចរ។

ហើយនៅ៣០នាទីក្រោយមក ក្រុមហ៊ុន Boeing បានសរសេរនៅលើ Twitter ថា យាន Starliner “ជួបបញ្ហាបច្ចេកទេសពីរក្នុងការស៊កបញ្ចូល” ដូច្នេះមានន័យថា យាននេះបរាជ័យក្នុងការស៊កបញ្ចូលខ្លួនវាទៅក្នុងគន្លងគោចរ ដែលនឹងអនុញ្ញាតឱ្យវាទៅដល់ស្ថានីយអវកាសអន្តរជាតិតាមការគ្រោងទុក។

ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃសុក្រ ក្រុមមន្ត្រីអង្គការណាសានិងក្រុមហ៊ុន Boeing រួមទាំងប្រធានណាសា លោក ជីម ប្រ៊ីដេស្ទីន បានបញ្ជាក់ថា ពួកគេកំពុងព្យាយាមនាំយានអវកាសត្រឡប់មកផែនដីវិញ ដោយហេតុថាយាននេះបានដុតចំហេះឥន្ធៈច្រើនពេកអំឡុងការស៊កបញ្ចូលខ្លួនវាទៅក្នុងគន្លងគោចរដើម្បីហោះចូលទៅដល់ស្ថានីយអវកាសអន្តរជាតិ៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ