មន្ត្រី​ជា​អធិការរង​នគរបាល​ក្រុង​បាវិត​ដក​កាំភ្លើង​បាញ់​២​គ្រាប់​ត្រូវ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

288
ចែករម្លែក

វ៉ៃ​កូ​ស្វាយរៀងៈ​មាន​ករណី​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​បណ្តាលឱ្យ​ត្រូវ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​ផឹកស៊ី​១​គ្រាប់​រងរបួស​ធ្ងន់​។​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​១០​នាទី​យប់​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​នៅ​ទីតាំង​ភោ​ជនី​ដ្ឋា​ន​យីហោ “​សំណាង​អា​ណេ​” មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​មាន​បទល្មើស​ព្រហ្មទណ្ឌ​មួយ​កើតឡើង បង្កដោយ​ជនសង្ស័យ​ឈ្មោះ កែវ ចិ​ត្ត្រា​(​ហៅ​ចិត្ត​)​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​កូនប្រុស​អធិការនគរបាល​ក្រុង​បាវិត​និង​ជា​អធិការ​ង​ក្រុង​បាវិត​មាន​ទីលំនៅ​ភូមិ​តា​បឹ​ប​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

ជននេះ​បាន​ផឹកស្រា​ស្រវឹង​ហើយ​យក​កាំភ្លើង​ខ្លីម៉ាក​NP42​ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១៨​។​បាញ់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​សឿន​ស្រី​ណ​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ម្ចាស់​ភោជនីយដ្ឋាន​សំណាង​អា​ណេ​មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ត្រូវចំ​ក្បាល​មួយ​គ្រាប់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល​បាន​បន្តថាៈ​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​វៀតណាម​។​រីឯ​ជនសង្ស័យ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ក៏បាន​ចូលខ្លួន​ទៅ​សារភាព​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​រហូតដល់​ព្រឹក​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​នៅ​ពុំទាន់​ដឹង​អំពី​ស្ថានភាព​របួស​របស់​ជន​រងគ្រោះ​នោះទេ​។​ចំណែក​ជនដៃដល់​ខាងលើ​ក៏​មិនដឹងថា​គេ​យក​ទៅណា​ដែរ​គឺ​បិទ​រឿង​ឈឹង​តែម្តង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម