​ស្ត្រី​ម្ចាស់​ហាង​ដែល​អធិការរង​នគរបាល​ក្រុង​បាវិត​បាញ់ប្រហារ​នោះបាន​ស្លាប់​ហើយ​

281
ចែករម្លែក

​វ៉ៃ​កូ​ស្វាយរៀង​៖​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​សារព័ត៌មាន​ប្រចាំ​នៅ​ខេត្តស្វាយរៀង​បានឱ្យដឹង​នា​រសៀល​ថ្ងៃនេះ​ថា​ជនរងគ្រោះ​ជា​ស្ត្រី​ម្ចាស់​ហាង​ដែល​ត្រូវ​អធិការរង​នគរបាល​ក្រុង​បាវិត​បាញ់ប្រហារ​នោះបាន​ស្លាប់​ហើយ​នៅឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​ខណៈពេល​នេះ​សព​កំពុង​ត្រូវបាន​បញ្ជូន​ត្រឡប់មក​កាន​ស្រុកកំណើត​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួ​រំលឹកថា កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩​ជនបង្ក​ជា​អធិការរង​ក្រុង​បាវិត​ឈ្មោះ កែវ​ចិ​ត្រា​បាន​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់​ដោយ​មួយ​គ្រាប់​បាញ់​ឡើងលើ​និង​មួយ​គ្រាប់​ទៀត​បាញ់​ចំ​ស្ត្រី​ជា​ម្ចាស់​ហាង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​វៀតណាម​។​

​ដោយឡែក​បើ​យោងតាម​ការបញ្ជាក់​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា​អធិការរង​នគរបាល​ក្រុង​បាវិត​ដែល​បាញ់ប្រហារ​ស្ត្រី​ម្ចាស់​ហាង​«​តន្ត្រី​សំណាង​ដា​ណេ​»​បណ្តាល​ឲ្យ​របួសធ្ងន់​ចំក្បាល​នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៩​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ហាង​ភោជនីយដ្ឋាន តន្ត្រី​សំណាង​អា​ណេ ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​នេះ​ដោយសារ​ជនដៃដល់​ខឹង​ម្ចាស់​ហាង​យក​ម្ហូប​មក​យឺត​ពេក​។​លោកស្នងការ​ថា​ជនសង្ស័យ​នឹង​បញ្ជូន​ទៅកាន់​តុលាការ​ហើយ​មិនអាច​ទុក​បាន​នោះទេ​ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អង្គភាព​និង​នគរបាលជាតិ​។​ក្រោយ​ការបាញ់ប្រហារ​ជនដៃដល់​កែវ​ចិ​ត្រា​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​និង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​ស្ត្រី​រងគ្រោះ​មានឈ្មោះ​សឿន​ដា​ណេ​វ័យ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​អាត់​ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មករក​ស៊ី​នៅ​ក្រុង​បាវិត​។​

​អធិការរង​នគរបាល​រូបនេះ​ត្រូវបាន​ដឹងថា​ទើបតែ​ត្រូវបាន​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ដែលមាន​តួនាទី​ជា​អធិការរង​ក្រុង​បាវិត​ទទួល​ផែន​គ្រឿងញៀន​ជា​អតីត​ជា​នគរបាល​នៅ​ក្រុង​បាវិត ទើបតែ​ប្រកាស​តែងតាំង​ជា​អធិការរង​បាន ៥​ទៅ ៦​ថ្ងៃ​ប៉ុណ្ណោះ​។​

​ជនសង្ស័យ​នេះ​ត្រូវបាន​អ្នកក្រុង​បាវិត​មួយចំនួន​ស្គាល់​ថា​ជា​មនុស្ស​មាន​ច​រឹក​មិនល្អ​និង​ធ្លាប់ជា​ក្មេង​ទំនើង ស្រាប់តែ​មានសំណាង​បានធ្វើ​ជា​អធិការរង​នគរបាល​ក្រុង ក្រោម​ការជួយជ្រោមជ្រែង​ពី​ឪពុក របស់ខ្លួន​។​បើតាម​បុគ្គលិក​បម្រើ​ការងារ​ហាង​តន្ត្រី​សំណាង​ដា​ណេ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់ បាន​ចូលមកក្នុង​ហាង​នៅ​កញ្ចុះ​លេខ​៦៦៦៦​។​

ក​ម្ម៉​ង់​មី​ស្រុះ​មួយ​ចាន បន្ទាប់មកទៀត​បាន​ប្រាប់​បុគ្គលិក​ឲ្យ​ហៅ​ម្ចាស់​ហាង​មកជួប​ស្រាប់តែ​បុរស​នោះបាន​ដក​កាំភ្លើង​បាញ់​ឡើងលើ​មួយ​គ្រាប់​និង​មួយ​គ្រាប់​ទៀត​បាញ់​តម្រង់​ក្បាល​ស្ត្រី​រងគ្រោះ​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ និង​ភ្ញៀវ​ជួយ​លើក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​រួច បុរស​ដែល​ឃាតក បាន​ដើរ​ចេញពី​ហាង​គេចខ្លួនបាត់ តែ​ត្រូវបាន​ឃាត់ខ្លួន​នៅពេល​បន្ទាប់មក​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ