ភ្ញៀវ​ប្រមាណ​២០​ម៉ឺន​នាក់​បាន​ដើរ​លម្ហែ​កម្សាន្ត​នា​ពិធីបុណ្យ​សមុទ្រ​ថ្ងៃ​ដំបូង​

440
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ពេញ​មួយថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ភ្ញៀវ​ប្រមាណ​ប្រហែល​២០​ម៉ឺន​នាក់​បាន​ដើរ​លម្ហែ​សប្បាយ​តាម​ទី​កម្សាន្ត​និង​កន្លែង​សំខាន់ៗ​ក្នុង​ក្រុង​កំពត​។​ប្រាប់ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩​លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ពេញ​មួយថ្ងៃ​ដោយ​គិត​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃទី​២០​ខែធ្នូ​ភ្ញៀវ​ជិត​ឆ្ងាយ​ប្រមាណ​ប្រហែល​២០​ម៉ឺន​នាក់​។​

​លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍បានឱ្យដឹងទៀតថា​ពួកគាត់​បាននាំគ្នា​ដើរ​លម្ហែ​សប្បាយ​តាម​ទី​កម្សាន្ត​និង​កន្លែង​ប្រជុំជន​ក្នុង​ក្រុង​កំពត​។​ជាធម្មតា​ពេល​ថ្ងៃ​មិនសូវមាន​ភ្ញៀវ​ទេ​ពោលគឺ​ក្រោយ​ព្រះអាទិត្យ​លិច​ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់​ទើប​ភ្ញៀវ​សម្រុកចូល​មកកាន់​ទីតាំង​នៃ​ពិធីបុណ្យ​យ៉ាងគំហុក និង​កុះករ​បំផុត​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ជាក់ស្តែង​នៅ​ថ្ងៃទី​ពីរ​គិត​ត្រឹម​ម៉ោង​៣​រសៀល​ដែល​មេឃ​កំពុង​ក្តៅ​នៅឡើយ​វត្តមាន​ភ្ញៀវ​ទើប​តែមាន​ប្រហែល​បី​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ប៉ុន្តែ​លោក​ជឿជាក់ថា​នៅ​យប់​ទី​ពីរ​នេះ​នឹងមាន​ភ្ញៀវ​កើនឡើង​ជាង​យប់​ដំបូង​ក្នុង​បរិមាណ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។

​ពាក់ព័ន្ធ​នឹង​សភាពការណ៍​ផ្សេងៗ​លោក​សយ​ស៊ី​ណុល​បាន​បញ្ជាក់ថា​ក្នុង​ថ្ងៃ​ទីមួយ​កន្លងទៅនេះ​ដំណើរការ​គ្រប់យ៉ាង​មាន​លក្ខណៈ​ល្អប្រសើរ​ទាំង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ការរៀបចំ​កម្ម​វិធី​នានា​ព្រមទាំង​រក្សាបាន​នូវ​បរិស្ថាន​អនាម័យ​យ៉ាង​ល្អប្រសើរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម