សាលាដំបូង​ខេត្ត​ប៉ៃលិន​បញ្ជូន​ជនសង្ស័យ​ដែល​ប្រើ​ហិង្សា​លើ​នាយ​ចឺម​ទៅ​ពន្ធនាគា​រ

480
ចែករម្លែក

ដោយ​ភ្នំ​ខៀវ​/​ប៉ៃលិន​:​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​អនុវត្ត​ច្បាប់​បញ្ជូន​ជនសង្ស័យ​ដែល​ប្រើ​អំពើហិង្សា​លើ​នាយ​ចឺម​តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​ទៅ​ពន្ធនាគា​តាម​ដីកា​បង្គាប់​ឃុំខ្លួន​។​ក្រោម​ការអនុវត្ត​ច្បាប់​ផ្អែក​តាម​នីតិវិធី​យ៉ាង​ហ្មត់ចត់​កាលពី​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​កន្លងមកនេះ​។​

​លោក​តាន់​គឹម​ហៀក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន​បានចេញ​ដីកា​បង្គាប់​ឱ្យកម្លាំង​សមត្ថកិច្ច​នាំខ្លួន​ជន​ដែល​ត្រូវ​ចោទ​ឈ្មោះ​ង៉ែត​លី​ទី​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​បន្ទាប់ពី​ជន​ត្រូវ​ចោទ​បាន​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​ធ្វើឱ្យ​ខូចខាត​ចេតនា​ធ្វើឡើង​នៅ​ចំណុច​បុរី​ម្តុ​ដ​ពេជ្រ​ឋិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩​មាន​ក្នុង​មាត្រា​ទី​២១៨ និង​មាត្រា​ទី​៤១០ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។​

​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ សុខ មេសា ហៅ​នាយ​ចឺម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​តារាចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ និង​ជាតា​រា​កំប្លែង​ល្បី​មួយរូប​ក្នុងប្រទេស​កម្ពុជា រស់នៅ​ភូមិ​ត្រាច​កោះ ឃុំ​មហា​ឬ​ស្សី ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ ។​

​ចំណែកឯ​ជនបង្ក​ឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅក្នុង ខេត្ត​ប៉ៃលិន​ជនសង្ស័យ​បាន​យក​កំណាត់​ឈឺ​ប្រវែង​ប្រហែល​១​ម៉ែត្រ​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យមាន​រងរបួស​ធ្ងន់ធ្ងរ​ត្រង់​កំភួនដៃ​ទាំងសងខាង​និង​បណ្តាលឱ្យ​បែកក្បាល​ជាច្រើន​កន្លែង​រួមទាំង​ខូចខាត​បែក​ទូរស័ព្ទ​អាយ​ហ្វូ​ន​អិ​ច​ទាំងស្រុង​មួយគ្រឿង​ថែមទៀត ។

​គួររំលឹកថា​ការផ្ទុះ​ឡើង​នូវ​អំពើហិង្សា​ខាងលើ​ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ប្រទេស​ពិសេស​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​កើតឡើង​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​តាមរយៈ​នាយ​ចឺម​មាន​ទំនាក់​ទង​ឆ្លងឆ្លើយ​ឆាត​តាម​ទូរស័ព្ទ​ដោយ​ពាក្យ​ផ្អែមល្ហែម លួងលោម​ជាមួយ​ដៃគូរ​សន្ទនា​ជា​មិត្ត​នារី​របស់​ជនបង្ក ៕S/

រូបថត​: ជនរងគ្រោះ​ឈ្មោះ សុខ មេសា ហៅ​នាយ​ចឺម និង​ជនដៃដល់​ឈ្មោះ ង៉ែត លី​ទី ព្រមទាំង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ( រូប​: ភ្នំ​ខៀវ )​

ទីតាំងផ្សាយពាណិជ្ជកម្ម