ស៊ូដង់បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មនៅដាហ្វួរប្រឆាំងនឹងក្រុមមន្ត្រីរបស់របបលោកបាសៀ

369
ចែករម្លែក

រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃអាទិត្យទី២២ធ្នូថាស៊ូដង់បានបើកការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋដែលបានប្រព្រឹត្តនៅក្នុងតំបន់ដាហ្វួរដោយសមាជិកនៃរបបអតីតប្រធានាធិបតីលោកអូម៉ា អាល់បាសៀរ ដែលគេបណ្តេញចេញពីអំណាច។

ជម្លោះរវាងកងកម្លាំងគាំទ្ររដ្ឋាភិបាលនិងក្រុមឧទ្ទាមជនជាតិភាគតិចបានបណ្តាលឱ្យមនុស្សប្រមាណ ៣០០.០០០ នាក់ស្លាប់និង ២,៥ លាននាក់ផ្លាស់ទីលំនៅ។

ពេលមកដល់ទីក្រុងខាទុមក្រោយការធ្វើដំណើរទៅប្រទេសអារ៉ាប់រួមអេមីរ៉ាត លោករដ្ឋអាជ្ញា ថាហ្គែលសៀ អាល់ហេបឺ បាននិយាយថា “យើងបានបើកការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋដែលបានប្រព្រឹត្តនៅដាហ្វួរពីឆ្នាំ ២០០៣”។

លោកបានបន្ថែមថា ទាំងនេះគឺជា “ករណីប្រឆាំងនឹងអតីតមន្រ្តីរបបនេះ” ដែលមានទំនាកទំនងជាមួយលោកបាសៀ ដែលត្រូវតាមចាប់កាត់ទោសដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំពោះតួនាទីរបស់គាត់នៅក្នុងជម្លោះដាហ្វួរ។

ដីកាចាប់ខ្លួនអតីតមេដឹកនាំផ្តាច់ការរូបនេះត្រូវបានចេញដោយ ICC ក្នុងឆ្នាំ ២០០៩ និង ២០១០ ពីបទប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប៉ុន្តែលោកបាសៀរមិនត្រូវបានបញ្ចូនទៅកាន់ទីក្រុងឡាអេ ដែលទីតាំងរបស់តុលាការ ICC នោះទេ។

រដ្ឋាភិបាលអន្តរកាលថ្មីរបស់ស៊ូដង់ ដែលឡើងកាន់អំណាចបន្ទាប់ពីចលនាបាតុកម្មបានផ្តួលរំលំលោកបាសៀ បានប្តេជ្ញាបង្កើតសន្តិភាពនៅក្នុងតំបន់ដែលមានជម្លោះ រួមទាំងដាហ្វួរ។

នៅថ្ងៃទី ១៤ ខែធ្នូលោកបាសៀត្រូវបានកាត់ទោសដោយតុលាការនៅទីក្រុងខាទុំឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំនៅក្នុងមណ្ឌលកែប្រែពីបទពុករលួយនៅក្នុងករណីដំបូងនៃបណ្តឹងជាច្រើនប្រឆាំងនឹងរូបលោក។

លោកបាសៀក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរចំពោះតួនាទីរបស់គាត់នៅក្នុងរដ្ឋប្រហារឆ្នាំ ១៩៨៩ ដែលធ្វើឱ្យគាត់ឡើងកាន់អំណាច៕ ដោយ៖ កញ្ញាដាលីស

អតីតប្រធានាធិបតីស៊ូដង់លោកអូម៉ា អាលបាសៀ អង្គុយក្នុងទ្រុងដែកអំឡុងការកាត់ក្តីអំពីអំពើពុករលួយរបស់គាត់នៅទីក្រុងខាទុមកាលពីថ្ងៃទី១៤ធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម