ពាក្យ​ថា យួន ដែល​ខ្មែរ ហៅ​សំដៅ វៀតណាម មាន​ប្រភព និង សាវតារ​យ៉ាងណា ?

1001
ចែករម្លែក

​ភ្នំពេញៈ ពាក្យ​ថា “ យួន “ ត្រូវបាន​សង្គម​ខ្មែរ ប្រើ​សំដៅ​ដល់​ប្រទេស និង ជនជាតិ វៀតណាម ហើយ​ពាក្យ​ថា យួន នេះ ហាក់ដូចជា​បង្កប់​អត្ថន័យ​មិនសូវ​ឱ្យ​តម្លៃ​ទៅលើ​ប្រទេស ឬ ជនជាតិ វៀតណាម ថែមទាំង​ធ្វើឱ្យ​ជនជាតិ វៀតណាម ខឹង ឬ ទោមនស្ស យ៉ាងខ្លាំង​ទៀតផង ។ តើ​ពាក្យ​ថា យួន មាន​ប្រភព​មកពីណា ឬ មាន​សាវតារ​យ៉ាងណា ? ។​

​មាន​អ្នកខ្លះ​បកស្រាយ​ពាក្យ​ថា “ យួន “ នេះ មកពី​ពាក្យ​ថា Nguyên ( ង្វៀន ដែល​អ្នកខ្លះ​ច្រឡំ បញ្ចេញ​សូរសៀង​ថា យួន ) ដែលជា​ឈ្មោះ​រាជវង្ស វៀតណាម ពី​ឆ្នាំ ១៨០២ ដល់​ឆ្នាំ ១៩៤៥ ។ ប៉ុន្តែ​នៅពេលដែល​គេ​ពិនិត្យឡើងវិញ ឃើញថា ចម្លើយ​នេះ មិន​ត្រឹមត្រូវ​ទេ ដ្បិត​ម្យ៉ាង​ខ្មែរ​បាន ប្រើពាក្យ​ថា យួន សំដៅ​ដល់ វៀតណាម តាំងពី​មុនពេល​មាន​រាជវង្ស ថា Nguyên នេះ​ទៅទៀត ។

​ចំណុច​នេះ​កំណត់សម្គាល់ នៃ សៀវភៅ “ កម្ពុជា រវាង សៀម​-​យួន និង អាណា និគម បារាំង “ របស់លោក​សាស្ត្រាចារ្យ បណ្ឌិត ឥន សុផល បានសរសេរថា “ ដោយសារ​មាន​សង្គ្រាម​រវាង​ខ្មែរ និង ពួក ដាយ វៀត ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រាជវង្ស យន់ ( យាន យាន់ យួន ) បែបនេះហើយ ទើប​ខ្មែរ​ហៅ​ពួក ដាយ វៀត នោះ​ថា “ យួន “ រហូតមក ។

​ចំណុច​មួយ​នេះ ហាក់ដូចជា​សម​ហេតុ​ផ​ជាង ។​ដូច្នេះ​យើង​ត្រូវ​សិក្សា​ទៅក្នុង​ប្រវត្តិ សាស្ត្រ នៅពេលដែល​នគរ ដាយ វៀត ដែល​បច្ចុបន្ន គឺជា វៀតណាម ស្ថិតក្រោម​ការគ្រប់គ្រង​របស់ រាជវង្ស យន់ ( យាន យាន់ យួន ) ។​

មូលហេតុ ម៉ុង​ហ្គោល ឈ្លានពាន ដាយ វៀត
គិត​ត្រឹម​ទសវត្សរ៍​ឆ្នាំ ១២៥០ ជនជាតិ ម៉ុង​ហ្គោល បាន​គ្រប់គ្រង​ទៅលើ​តំបន់ Eurasia ដោយ​រួម ទាំង​ភាគច្រើនបំផុត នៃ អឺរ៉ុប​ខាងកើត , អាណា​តូ​លី , ចិន ភាគ​ខាងជើង , ម៉ុង​ហ្គោ​លី (​លាតសន្ធឹង​ហួស​ពី​តំបន់​ដែលជា​ប្រទេស ម៉ុង​ហ្គោល បច្ចុប្បន្នេះ​ទៀត ) , ម៉ាន់​ជូ​រី , អាស៊ី កណ្តាល , ទី​បេ​ត៍ និង អាស៊ី នារ​តី នាពេល​សព្វថ្ងៃនេះ ។ ឆ្នាំ ១២៥៩ ម៉ុង​គេ ខាន់ ( ខាន់ = អ​ធិ​រាជ្យ ) បានរៀបចំ​ផែនការ​វាយប្រហារ​ចេញពី ៣ ទិស ទៅ លើ រាជវង្ស សុង នៅ​ភាគខាងត្បូង នៃ ប្រទេស ចិន ។ អ​ធិ​រាជ្យ ម៉ុង​គេ បាន​បញ្ជា​ឱ្យ​ព្រះអង្គម្ចាស់ គូ​ប្លាយ បង្ក្រាប​អាណាចក្រ តា​លី ( សម្រាប់​ជា​ផ្លូវ​ឆ្ពោះទៅ​វាយប្រហារ​កងទ័ព សុង ព្រោះ តា​លី ឋិត​នៅ​តំបន់ ខេត្ត យួន​ណាន នៃ ប្រទេស ចិន ពី​ចន្លោះ​ឆ្នាំ ៩៣៧-១២៥៣ ) ទើប​សេនាប្រមុខ Uriyangkhadai ដឹកនាំ​យុទ្ធនាការ កងទ័ព​ដោយ​ជោគជ័យ នៅ​ភាគ​នារ​តី នៃ ប្រទេស ចិន និង បាន​បង្ក្រាប​កុលសម្ព័ន្ធ​នានា​នៅ ទី​បេ​ត៍ មុនពេល​ធ្វើដំណើរ​ទៅ​ទិសខាងកើត ឆ្ពោះទៅ អាណាចក្រ ដាយ វៀត ( គឺជា​ឈ្មោះ នៃ អាណាចក្រ វៀតណាម ពី​ឆ្នាំ ១០៥៤ ដល់​ឆ្នាំ ១៤០០ និង ម្តងទៀត ចាប់ពី​ឆ្នាំ ១៤២៨ ដល់​ឆ្នាំ ១៨០៤ ) នៅ​ឆ្នាំ ១២៥៧ ។​

​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ នៃ ឆ្នាំ ១២៥៧ សេនាប្រមុខ Uriyangkhadai បាន​ផ្ញើលិខិត​ជា​បន្តបន្ទាប់ ចំនួន ០៣ ច្បាប់​ទៅ​ព្រះ​ចៅ​អ​ធិ​រាជ្យ ត្រាន់ ថា​យ តុង ( ១៧ កក្កដា ១២១៨- ៥ ឧសភា ១២៧៧ គឺជា​អ​ធិ​រាជ្យ​ទី ១ ) នៃ នគរ ដាយ វៀត ដើម្បី ទាមទារ​ធ្វើដំណើរ​ឆ្លងកាត់​ឆ្ពោះទៅ​វាយលុក ប្រទេស ចិន ភាគ ខាងត្បូង ។ ប៉ុន្តែ​បេសកជន​ទាំង ៣ រូប​ត្រូវបាន​ចាប់​ដាក់គុក​ជា​បន្តបន្ទាប់​នៅ រាជធានី ថា​ង ឡុង ( បច្ចុប្បន្ន ហាណូយ ) នៃ នគរ ដាយ វៀត ទើប​សេនាប្រមុខ Uriyangkhadai បើក​ការ​លុកលុយ នគរ ដាយ វៀត ។

ការឈ្លានពាន​លើក​ទី ១ របស់ ម៉ុង​ហ្គោល ទៅលើ ដាយ វៀត
ក្នុង​ឆ្នាំ ១២៥៨ កងទ័ព ម៉ុង​ហ្គោល ក្រោម​ការដឹកនាំ​របស់​សេនាប្រមុខ Uriyangkhadai បាន លុកលុយ អាណាចក្រ ដាយ វៀត ។ បើតាម​ប្រវត្តិសាស្ត្រ​វៀតណាម កងទ័ព​ម៉ុង​ហ្គោល នាពេលនោះ​យ៉ាងហោចណាស់ ៣០.០០០ នាក់ ប៉ុន្តែ​ឯកសារ​លោកខាងលិច អះអាងថា កងទ័ព ម៉ុង​ហ្គោល មាន​ប្រមាណ​ជា ១០០.០០០ នាក់ បន្ថែម​ដោយ​កងទ័ព តា​លី ប្រមាណ​ជា ១០.០០០ នាក់​ផ្សេងទៀត ។

​នគរ ដាយ វៀត បានដឹងថា ភាពខ្លាំង​របស់​កងទ័ព ម៉ុង​ហ្គោល គឺ​ការធ្វើ​សង្គ្រាម នៅលើ​ខ្នង​សេះ ហើយ​ពួកគេ​បានដឹង​ចំណុចខ្សោយ​របស់​សត្វ ទើប​ពួកគេ​បាន ប្រើ​កងទ័ព​ដំរី​ក្នុងការ​ប្រយុទ្ធ តទល់​នឹង​ការឈ្លានពាន​របស់​កង​ទ័ព ម៉ុង​ហ្គោល នា​គ្រានោះ ធ្វើឱ្យ​កងទ័ព ម៉ុង​ហ្គោល ពិបាក រុលទៅមុខ ព្រោះ​កងទ័ព ម៉ុង​ហ្គោល ជិះសេះ ហើយ​សត្វ​សេះ ខ្លាច ដំរី​ផ្អើល​ច្រឡោត​ពិបាក​ដល់ កងទ័ព ម៉ុង​ហ្គោល ក្នុងការ​គ្រប់គ្រង និង បញ្ជា​សេះ​របស់​ពួកគេ​ក្នុង​ការចូល​ច្បាំង ។

​ប៉ុន្តែ​មិនយូរប៉ុន្មាន​មេទ័ព ម៉ុង​ហ្គោល បាន​រកឃើញ​ចំណុចខ្សោយ​របស់​សត្វ​ដំរី​ក៏​បញ្ជា​ឱ្យ​កងទ័ព របស់ខ្លួន “ បាញ់​ជើងដំរី ដោយ​ផ្លែ​ព្រួញ “ របស់​ពួកគេ ធ្វើឱ្យ​ដំរី​ផ្អើល លែងមាន​សណ្តាប់ធ្នាប់ ពោលគឺ​លែ​ស្តាប់​ការបញ្ជា ហើយ​ជា​លទ្ធផល​គឺ​កងទ័ព​របស់ អ​ធិ​រាជ្យ ត្រាន់ ថា​យ តុង មិនអាច​ទប់ទល់​កង​ទ័ព ម៉ុង​ហ្គោល បានឡើយ ទើប​អ​ធិ​រាជ្យ ត្រាន់ ថា​យ តុង ភៀស​ព្រះកាយ ហើយ​កងទ័ព ម៉ុង​ហ្គោល ចូលកាន់​កាប់​រាជធានី ថា​ង ឡុង ដោយ​ជោគជ័យ ។ ទោះយ៉ាងណា ខេត្ត​នានា​ជុំវិញ រាជធានី ថា​ង ឡុង ស្ថិតក្រោម​ការគ្រប់គ្រង​របស់ ដាយ វៀត នៅឡើយ ដូច្នេះ ពួកគេ​បាន​ដុតបំផ្លាញ​កសិដ្ឋាន និង ស្បៀងអាហារ ធ្វើឱ្យ​កងទ័ព ម៉ុង​ហ្គោល គ្មាន​ស្បៀង ។

​រាជការ សុង នៃ ប្រទេស ចិន ឯណោះ ទទួលបាន​ព័ត៌មាន​ខុស​ថា សេនាប្រមុខ Uriyangkhadai បាន​ដក​ចេញពី វៀតណាម ដោយសារ​បរិយាកាស​មិន​អំណោយផល ប៉ុន្តែ​ការណ៍​ពិត គឺ​សេនាប្រមុខ Uriyangkhadai បែរជា​ចាក​ចេញពី​រាជធានី ថា​ង ឡុង បន្ទាប់ពី​នៅ​ទីនោះ​បាន ៩ ថ្ងៃ ឆ្ពោះទៅ​លុកលុយ រាជវង្ស សុង ចិន គឺ​នៅ​តំបន់​ខេត្ត ក្វាង​ស៊ី ដោយ​វាយប្រហារ​ទៅលើ សាន​តុង និង ហ៊ើ​រ៍​ណាន ។

​ការវាយប្រហារ​ទៅលើ​កងទ័ព សុង ធ្វើឱ្យ​ស្លាប់ និង របួស​ទាំងសងខាង ហើយក៏​ខ្សោះ​អស់ កម្លាំងកំហែង​យ៉ាងខ្លាំង ។ ដោយបាន​ដឹង​អំពី​ស្ថានភាព​សត្រូវ​បែប​នោះ អ​ធិ​រាជ្យ ត្រាន់ ថា​យ តុង ដឹកនាំ​កងទ័ព ដាយ វៀត វាយប្រហារ​ទៅលើ​កងទ័ព ម៉ុង​ហ្គោល នៅ​កណ្តាល​អា​ធ្រា​ត​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ១២៥៨ ធ្វើឱ្យ​ម៉ុង​ហ្គោល បរាជ័យ​យ៉ាងដំណំ ហើយ​កងទ័ព ម៉ុង​ហ្គោល ក៏បាន​ត្រឡប់​ទៅ​ទឹកដី ចិន ដែល​ពួកគេ​ដណ្តើមបាន​មួយចំនួន​ទៅហើយ វិញ ។

​សម្រេច​សម្រួច​ទៅ ថ្វីបើ ដាយ វៀត បានឈ្នះ​សង្គ្រាម​នោះ ក៏ពិតមែន ប៉ុន្តែ ទឹកដី​របស់​ពួកគេ ក៏បាន​រង​ការ​ហិនហោច​ខ្ទេចខ្ទាំ​ណាស់ដែរ ។ បន្ទាប់ពី​នោះមក វៀតណាម​វិភាគ​ស្ថានការណ៍ បាន​យ៉ាង​ត្រឹមត្រូវ​ថា រាជការ សុង ដែលជា​អ្នកជិតខាង​របស់ខ្លួន ទន់ខ្សោយ​ហើយ ហើយ ដាយ វៀត ប្រមើល​ឃើញថា មិនយូរប៉ុន្មាន ម៉ុង​ហ្គោល នឹង​ក្តោប​ក្តាប់​ប្រទេស ចិន ទាំងមូល ជាក់​ជាមិនខាន ។​

​ម៉ុង​ហ្គោល បាន​ឈ្លានពាន​ទៅលើ​រាជវង្ស សុង ជា​បន្តបន្ទាប់ រហូត​គ្រប់គ្រង​ទឹកដី ចិន​ភាគច្រើន បំផុត ។ ប៉ុន្តែ​ព្រឹត្តិការណ៍​ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​អ្នក​ឈ្លានពាន គឺ នៅ​ឆ្នាំ ១២៧១ ពួក ម៉ុង​ហ្គោល ដែល​ឈ្លានពាន​ទឹកដី ចិន បាន​ស្ទើរ​ទាំងស្រុង​ទៅហើយ ក៏បាន​ប្រកាស​បង្កើត រាជវង្ស យាន ( 元 = YUAN ) នៅលើ​ទឹកដី ចិន ដោយមាន​រាជធានី ប៉េកាំង សព្វថ្ងៃនេះ ហើយ​ពួកគេ​ស្លៀកពាក់ និង ប្រព្រឹត្ត​របៀបរបបរ​ស់​នៅ ធ្វើការ និង ប្រ​ត្តិ​ប​ត្តិ​តាម​ប្រពៃណី​វប្បធម៌ ចិន នា​សម័យ​កាលនោះ ពោលគឺ​ពួក ម៉ុង​ហ្គោល ទាំងនោះ ធ្វើខ្លួន​ដូចជា​ជនជាតិ ចិន ដូច្នោះ​ដែរ ។ ទោះយ៉ាងណា ការប្រយុទ្ធ​រវាង កងទ័ព​រាជការ យាន របស់ ម៉ុង​ហ្គោល នៅ​ល​លើទឹក​ដី ចិន និង កងទ័ព​រាជការ សុង ដែលជា​ម្ចាស់​ទឹកដី បានអូសបន្លាយ​រហូត​ដល់​ឆ្នាំ ១២៧៩ ទើប​កម្ទេច កងទ័ព សុង បាន​ទាំងស្រុង គឺ​ដូច​អ្វីដែល​ជាការ​ប្រមើលមើល​របស់ ដាយ វៀត ពិតមែន ។

​គប្បី​រំឭកថា នគរ ដាយ វៀត និង នគរ ចម្ប៉ា គឺជា​រដ្ឋ​ចំណុះ រាជវង្ស សុង ចិន ជា​យូរហើយ ។ នៅពេលដែល រាចវង្ស យាន ម៉ុង​ហ្គោល បង្កើតឡើង​នៅលើ​ទឹកដី ចិន ហើយ ធ្វើខ្លួន​ជា ចិន ពិតប្រាកដ ពួកគេ បាន​ត្រួតត្រា នគរ ដាយ វៀត និង ចម្ប៉ា បន្ត​ពី សុង ដែរ ។​

​ប៉ុន្តែ អ​ធិ​រាជ្យ ត្រាន់ ថា​យ តុង នៃ នគរ ដាយ វៀត ស្ទាក់ស្ទើរ ក្នុងការ​ធ្វើជា​ចំណុះ​របស់ រាជការ យាន ។ ទោះយ៉ាងណា​រាជការ អ​ធិ​រាជ្យ ត្រាន់ បាន​បញ្ជូន សួយសារ អាករ ទៅ​រាជការ យាន រៀងរាល់ ៣ ឆ្នាំ ម្តង ហើយ​ថែមទាំង​ទទួលយក​មន្ត្រី​ត្រួតត្រា​របស់ យាន ទៀតផង ។ ប៉ុន្តែ ព្រះ​អ​ធិ​រាជ្យ វៀតណាម បាន​មិន​អើពើ​ចំពោះ​សវនកម្ម​របស់ យាន ម្តង​ហើយ​ម្តងទៀត ដោយ​គ្រាន់តែ​ផ្ញើ​សារ ចុះចូល​តែប៉ុណ្ណោះ ។

​គិត​ត្រឹម​ឆ្នាំ ១២៦៦ ស្តេច ត្រាន់ ថា​ញ់ តុង (​សោយរាជ្យ បន្ត​ពី​អ​ធិ​រាជ្យ ត្រាន់ ថា​យ តុង ) បាន​ព្យាយាម​រើបម្រះ ឬ កាត់បន្ថយ​ក​ភាព​ចំណុះ​របស់ ដាយ វៀត ចំពោះ រាជការ យាន ខណៈ យាន ចង់ ឱ្យ ដាយ វៀត ចុះចូល​ពេញលេញ ។ ប៉ុន្តែ​ដោយសារ ម៉ុង​ហ្គោល កំពុង​បន្ត​រុករាន ប្រទេស ចិន ជាពិសេស​ការប្រយុទ្ធ​ជាមួយ កងទ័ព សុង នៅតែ​បន្ត ទើប ម៉ុង​ហ្គោល​មិន​ធ្វើ សង្គ្រាម​ជាមួយ ដាយ វៀត ទេ ហើយ​ថែមទាំង​ចុះសន្ធិសញ្ញា​សន្តិភាព​ទៀតផង ។​

​តាមរយៈ​ការឈ្លានពាន ចិន នៅត្រឹម​ឆ្នាំ ១២៧៨-៧៩ កងទ័ព ម៉ុង​ហ្គោល បាន​ទៅដល់​ព្រំដែន ដាយ​វៀត ភាគ​ខាងជើង ។ អ​ធិ​រាជ្យ ត្រាន់ ថា​ញ់ តុង (​បន្ត​ពី ត្រាន់ ថា​យ តុង ) និង អ​ធិ​រាជ្យ​ថ្មី ញាន់ តុង (​បន្ត​ពី ត្រាន់ ថា​ញ់ តុង ) នៃ នគរ ដាយ វៀត បាន​ព្យាយាម​តស៊ូ​មិន​ព្រម​ទទួល​ការ ទាមទារ​ថ្មីៗ​របស់ ម៉ុង​ហ្គោល ដែល​តម្រូវឱ្យ អ​ធិ​រាជ្យ ដាយ វៀត​បង្ហាញ​វត្តមាន​នៅក្នុង​សវន​ការ របស់ ម៉ុង​ហ្គោល ប៉ុន្តែ​បាន​បញ្ជូន ត្រាន់ ឌី អាយ (​ដែល​ត្រូវជា​ម្ចាស់ មា របស់​ព្រះអង្គ ) ឱ្យទៅ ក្នុងឋានៈ​ជា បេសកជន ។ នៅ​ឆ្នាំ ១២៨១ អ​ធិ​រាជ្យ គូ​ប្លាយ នៃ រាជការ យាន បាន​ព្យាយាម លើក ឌី អាយ ធ្វើជា​ព្រះអង្គម្ចាស់ នៃ នគរ ដាយ វៀត ដើម្បី ពួកគេ ( យាន ) គ្រប់គ្រង ដាយ វៀត ទាំងស្រុង​ឱ្យបាន​ណែន​ក្នុង​ដៃ ប៉ុន្តែ ឌី អាយ និង ទាហាន​មួយក្រុម​តូច​របស់​ទ្រង់ ត្រូវបាន​កម្លាំង ដាយ វៀត ពួនស្ទាក់​សម្លាប់ ។ ទោះយ៉ាងណា​ជា​សរុបទៅ ក៏ ដាយ វៀត ស្ថិតក្នុង​កណ្តាប់ដៃ​រប​ស់ យាន ដដែល ។​

​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​កត់ត្រា​ថា នៅ​ឆ្នាំ ១២៧៩ នោះ ព្រះបាទ ឥន្ទ្រ​វរ្ម័នទី ២ ( គឺជា​បុត្រា និង ក៏​ជា​អ្នក​ស្នងរាជ្យ​បន្ត​ពី​ព្រះបាទ​ជ័យវរ្ម័ន ទី ៧ ) បានរួម​បញ្ចូល​គ្នា​រវាង​កងទ័ព​ខ្មែរ និង កងទ័ព ចម្ប៉ា ( ចម្ប៉ា គឺជា​ឈ្មោះ​នគរ​មួយ ដែល​ធ្លាប់មាន​វត្តមាន​នៅលើ​លោក​នេះ ចាប់ពី​ឆ្នាំ ១៩២ ដល់​ឆ្នាំ ១៨៣២ គឺជា​តំបន់​ភាគ​កណ្តាល និង ភាគខាងត្បូង នៃ ប្រទេស វៀតណាម សព្វថ្ងៃនេះ ពោលគឺ​នគរ ចម្ប៉ា បាន​រលាយ​ទៅជា​ផ្នែក​មួយ នៃ ប្រទេស វៀតណាម បច្ចុប្បន្ន ) លើក​ទៅ​វាយប្រហារ នគរ ដាយ វៀត ដែល​ពេលនោះ ដាយ វៀត ស្ថិតនៅក្រោម​ចំណុះ​របស់ រាជការ យាន ជា​លក្ខណៈ​មិន​ប្រាកដប្រជា ដូចដែល​បានលើកឡើង​ខាងដើម ។​

​ពេលនោះ គូ​ប្លាយ ក្នុងឋានៈ​ជា​ព្រះ​អ​ធិ​រាជ្យ យាន នៅលើ​ទឹកដី ចិន​ហើយ​ក្នុងឋានៈ​ជា​អាណា ព្យាបាល ដាយ វៀត បាន​បញ្ជូន​រាជទូត មក​ក្រុង អង្គរ នៃ អាណាចក្រ​ខ្មែរ ដើម្បី​ចរចា​បញ្ចប់ សង្គ្រាម ដោយ​ឈរលើ​ទំនាក់ទំនង​រវាង​ខ្មែរ និង ចិន ដែលមាន​រាប់ពាន់​ឆ្នាំ​មកហើយ ។ តាមពិត អាណាចក្រ​ខ្មែរ ដែលជា​មហា​អាណាចក្រ​មួយ ស្មើមុខ ស្មើ​មាត់ នឹង​មហា​អាណាចក្រ ចិន នឹង ឥណ្ឌា នា​សម័យ​កាលនោះ បាន​ចុះសន្ធិសញ្ញា​មេត្រី​នឹង​គ្នា​ជាមួយ ចិន តាំងពី​ខ្មែរ​នៅ​ជានគរ​ភ្នំ ឬ ហ្វ៊ូ​ណន ឯណោះ ដោយ​សន្យាថា​នឹងមិន​វាយប្រហារ​គ្នា ហើយ​ប្រសិនបើ​អាណាចក្រ​ណាមួយ រង​ការវាយប្រហារ អាណាចក្រ​ម្ខាង​ទៀត នឹង​ចូលខ្លួន​ទៅ​ជួយ ។

​ដោយហេតុ​នោះ បន្ទាប់ពី​នរគ​ភ្នំ បែកបាក់​ជា​ពីរ ទៅជា ចេនឡា​ទឹក និង ចេនឡា​គោក (​ចាប់ពី គ​.​ស ៦៦៧ ) នៅ​ឆ្នាំ ៧៥៤ ព្រះរាជបុត្រ​របស់ ចេនឡា​ដីគោក ព្រះនាម វេន​កាន​បាន​យាង​ទៅ ពឹង​ប្រទេស ចិន ហើយ ចិន ក៏បាន​បញ្ជូន​កងទ័ព​មកជួយ​ប្រយុទ្ធ​រហូត​យកឈ្នះ​លើ ចេនឡា​ទឹក ហើយ​បង្រួបបង្រួម​អាណាចក្រ​ខ្មែរ​ឡើយ​វិញ នៅ​ឆ្នាំ ៨០២ ។ ដោយ​យល់​លើ​ស្មារតី នៃ កិច្ចសន្យា​នោះ ទើប​ព្រះរាជា​ខ្មែរ បានបញ្ចប់​សង្គ្រាម​ប្រឆាំង ដាយ វៀត នា​គ្រានោះ​ទៅ ។​

ការឈ្លានពាន​លើក​ទី ២ របស់ ម៉ុង​ហ្គោល ទៅលើ ដាយ វៀត​
នៅ​ឆ្នាំ ១២៨៤ គូ​ប្លាយ បាន​បញ្ជូន​បុត្រា ព្រះនាម ថូ​ហ្កា​ន់ ( វៀតណាម​= ថូត ហ័ន )​ទៅ​ឈ្លា​ន ពាន នគរ ចម្ប៉ា ។ មិន​ខុសពី​ពេល​ឈ្លានពាន ចិន ដែរ ពេលនេះ ព្រះ​បុត្រា ថូ​ហ្កា​ន់​បាន​ទាម ទារ​ផ្លូវ​ពី​ស្តេច ត្រាន់ របស់ ដាយ វៀត ដែល​នឹង​អាច​ឡោមព័ទ្ធ ចម្ប៉ា ពី​ខាងជើង និង ខាងត្បូង ។ ខណៈ ស្តេច ដាយ វៀត ទទួលយក​សំណើ​របស់ ថូ​ហ្កា​ន់ ដោយ​ស្ទាក់ស្ទើរ គឺ​ដោយសារតែ ចៀស​មិន​រួច សេនាប្រមុខ ហ៊ុ​ង ដាវ នៃ នគរ ដាយ វៀត បាន​កេណ្ឌ​ទ័ព​ចំនួន ១៥.០០០ នាក់ និង បាន​ជួយ​ជនជាតិ ចាម ការពារ​ទឹកដី​របស់​ពួកគេ​ទៀតផង ដែល​ប្រការនេះ បានសេចក្តីថា ដាយ វៀត លេងល្បិច “ ទ្រូ​ប្រឹស ២ “ ដាក់ ម៉ុង​ហ្គោល ។​

​មិនតែប៉ុណ្ណោះ ក្នុង​គោលបំណង​ធ្វើឱ្យ​កម្លាំង ម៉ុង​ហ្គោល ចុះខ្សោយ គ្រួសារ​អភិជន​របស់ ដាយ វៀត បាន​បោះបង់ចោល​រាជធានី ថា​ង ឡុង ហើយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងត្បូង ហើយ​បាន ដុត​កម្ទេចចោល ភូមិ ស្រុក និង ផលដំណាំ​ផ្សេងៗ​ដូច​កាលពី​អតីត​ដែរ ។ ទីបំផុត កងទ័ព ម៉ុង​ហ្គោល បាន​ដកថយ​ទៅវិញ ពោលគឺ​ឈ្លានពាន ដាយ វៀត និង ចម្ប៉ា​មិនបាន​ជោគ ជ័យ​ឡើយ ប៉ុន្តែ ម៉ុង​ហ្គោល ក៏​មិន​ខូចខាត​ធំដុំ​ដែរ ។​

​ឆ្នាំ​បន្ទាប់ រាជការ ព្រះ​ចៅ​អ​ធិ​រាជ្យ គូ​ប្លាយ បាន​លើក ត្រាន់ អ៊ី​ច តាក់ ជា​ប្អូនប្រុស​របស់ ត្រាន់ ថា​ញ់ តុង ជា​ព្រះអង្គម្ចាស់​របស់ ដាយ វៀត ប្រចាំ រាជការ យាន​ដែល​តំណាង​នេះ​មិនមាន​ភាព ពេញលេញ​ឡើយ ដែល​បានសេចក្តីថា ទោះជា​រាជការ ដាយ វៀត នៅ​ជា​ចំណុះ​រាជការ យាន ក៏​មិនមែនជា​ចំណុះ​ទាំងស្រុង​ដែរ ពោលគឺ​រាជការ ដាយ វៀត នៅតែ​មិនបាន​ចុះ​ញ៉ម យាន ទាំងស្រុង​នៅឡើយ ។​

ការឈ្លានពាន​លើក​ទី ៣ របស់ ម៉ុង​ហ្គោល ទៅលើ ដាយ វៀត​
ពី​ឆ្នាំ ១២៨៧-១២៨៨ រាជការ យាន បាន​ដឹកនាំ​កងទ័ព​ប្រមាណ​ជា ៣០០.០០០ -៥០០.០០០ នាក់​ទៅ​ឈ្លានពាន ដាយ វៀត ម្តងទៀត ដោយ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេង​ពី​លើក​មុន​ដោយ​លើក​នេះ បន្ទាយ​ធំ​នៅលើ​ដី បាន​ពង្រាយ​ត្រឹមតែ​ពី​តំបន់ ហៃ ហ្វុ​ង​ហើយ​កងទ័ពជើងទឹក​គឹជា​អ្នក​ចូល ប្រយុទ្ធ ហើយក៏​គឺជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ជាង​មុន ។ ប៉ុន្តែ​មេទ័ព ត្រាន់ គួ​ក ទាន់​បាន​ទួល អ​ធិ​រាជ្យ ញ៉ា​ន់ តុង ថា គាត់​ប្រាកដជា​ធ្វើឱ្យ​ទ័ព​ឈ្លានពាន​បារ​ជ័យ​ដោយ​ងាយ ។​

​លើក​នេះ កងទ័ព ម៉ុង​ហ្គោល ទៅ​ឈ្លានពាន ដាយ វៀត ដោយ​ផ្លូវទឹក ប៉ុន្តែ​ពួកគេ​ត្រូវ​ដឹកជញ្ជូន ស្បៀង​តាម​ផ្លូវគោក ។ ដឹង​សភាព​បែប​នោះ កងទ័ព ដាយ វៀតបាន​ពួនស្ទាក់​សម្លាប់​កងទ័ព ដឹក​ស្បៀង​របស់ ម៉ុង​ហ្គោល ធ្វើឱ្យ​កងទ័ព ម៉ុង​ហ្គោល នៅ​សមរភូមិ​មុខ គ្មាន​ស្បៀង​ទើប​បង្ខំ ចិត្ត​ដកថយ​ទៅ ទឹកដី ចិន ដែល​កំពុង​គ្រប់គ្រង​ដោយ​រាជការ យាន របស់ ម៉ុង​ហ្គោល វិញ ។

​អ​ធិ​រាជ្យ គូ​ប្លាយ នៃ រាជការ យាន ពិរោធ ( ខឹង ) នឹង ព្រះ​បុត្រា ថូ​ហ្កា​ន់ យ៉ាងខ្លាំង​ក៏​ដាក់ទណ្ឌកម្ម ឱ្យ​ទ្រង់​ទៅ​នៅ យ៉ាង​ស៊ូ អស់​មួយជីវិត ។​ការបរាជ័យ​លើក​ទី ៣ នេះ​គឺជា​បរាជ័យ​ចុងក្រោយ របស់ ម៉ុង​ហ្គោល ហើយក៏​ជាការ​ឈ្លានពាន​ចុងក្រោយ​របស់ រាជការ យាន ទៅលើ ដាយ វៀត ដែរ ។ បន្ទាប់ពី​នោះមក រាជការ យាន របស់ ម៉ុង​ហ្គោល និង រាជការ ត្រាន់ វៀតណាម បាន​ប្តូរ​ឈ្លើយសឹក​គ្នា ។

​ខណៈ អ​ធិ​រាជ្យ ញ៉ា​ន តុង មានបំណង​ចង់​ថ្វាយ សួយសារអាករ ដល់​រាជការ យាន​ទំនាក់ទំនង របស់​ពួកគេ ក៏​កើតជា​ចំណោទ​ម្តងទៀត អំពី​ការចូល​សវនាការ នៃ រាជការ យាន ហើយ​ទំនាក់ ទំនង​ក្នុង​ភាពជា​សត្រូវ ក៏បាន​បន្ត ។​

​រាជវង្ស ត្រាន់ បានសម្រេច​ចិត្ត​ទទួលយក​ការគ្រប់គ្រង​ពី​រាជការ យាន ដោយ​ខ្លាចក្រែង​មាន សង្គ្រាម​តទៅទៀត គឺ​ព្រោះ​មើលឃើញថា ការដែល យាន មិនបាន​សម្រេច​ក្នុងការ​ឈ្លានពាន ៣ លើក​មកនេះ មិន​ត្រឹមតែ​មិនបាន​ធ្វើឱ្យ​ពួកគេ​រាងចាល​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​រាជការ យាន មាន​កំហឹង​កាន់តែខ្លាំង ហើយ​ប៉ង​នឹង​ឈ្លានពាន ដាយ វៀត ឱ្យ​ទាល់តែ​បាន ហើយ​ក្តី វិនាស​អន្តរាយ​ប្រាកដជា​ធំធេង និង ធ្ងន់ធ្ងរ​ជាង​បណ្តា​លើក​មុនៗ ។​

​ទោះយ៉ាងណា ស្តេច ដាយ វៀត មិន​ព្រម​ចូលរួម​ក្នុង​សវនាការ​របស់ យាន ដោយ ផ្ទាល់​ឡើយ គឺ​នៅ​ឆ្នាំ ១២៩៣ បានត្រឹមតែ​បញ្ជូន ដាវ​-​ទួ​-​គី ជា​តំណាង ហើយក៏​ត្រូវ អ​ធិ​រាជ្យ គូ​ប្លាយ របស់ រាជការ យាន ឃុំខ្លួន ។ ប៉ុន្តែ​ទីបំផុត អ្នក​ស្នងរាជ្យ របស់​ព្រះ​អ​ធិ​រាជ្យ គូ​ប្លាយ ព្រះនាម ទី​មួរ បាន​ដោះលែង​បេសកជន​ទាំងអស់ ដោយ​គ្រាន់តែ​ទទួលយក សួយសារអាករ​រហូត​ដល់ទី អវសាន នៃ រាជការ យាន នៅ​ឆ្នាំ ១៣៦៨ ។

យាន យាន់ យន់ ឬ យួន ?
​ការយក​អក្សរ នៃ ជាតិ​សាសន៍​មួយ ទៅ សរសេរ​ភាសា​ណា​ផ្សេងទៀត​រមែង​មាន​សូរសៀង​ជា ច្រើន​មិនអាច​សរសេរ​ឱ្យ​ត្រូវ ឬ ចំ​សូរសៀង នៃ ភាសា​នោះ​គ្រប់​ករណី​ឡើយ គឺ​ត្រឹមតែ​ស្រដៀង ឬ ជ្រលិះ​តែប៉ុណ្ណោះ ។ យ៉ាងណាមិញ ពាក្យ YUAN ភាសា ចិន ថា 元 ដែលជា​ឈ្មោះ រាជការ របស់​ជនជាតិ ម៉ុង​ហ្គោល បង្កើត និង នៅលើ​ទឹកដី ចិន ចាប់ពី​ឆ្នាំ ១២៧១ ដល់​ឆ្នាំ ១៣៦៨ ដូចដែល​បានលើកឡើង​ពី​ខាងដើម​ត្រួសៗ​មកនេះ អក្សរ​ខ្មែរ មិនអាច​សរសេរ​ឱ្យ “ ត្រូវ ឬ ឱ្យចំ “ សូរសៀង នៃ ពាក្យ​នេះ​បានទេ គឺអាច​ត្រឹមតែ​ស្រដៀង​តែប៉ុណ្ណោះ ហេតុនេះ​ទើប​ពេលខ្លះ គេ​បញ្ចេញ​ថា យាន យាន់ យន់ ឬ យួន ។​

​តាមរយៈ​ប្រវត្តិសាស្ត្រ គេ​សុទ្ធតែ​បានដឹងថា ដាយ វៀត ឬ វៀតណាម ធ្លាប់ជា​ចំណុះ​របស់ ចិន ជាច្រើន​ឆ្នាំ ប៉ុ​ន្ត​ខ្មែរ មិន​ធ្លាប់​ហៅ ដាយ វៀត ឬ វៀតណាម ថា ចិន ទេ ។ ចំណុច​នេះ គេ​អាច សន្និដ្ឋានបានថា ពី​សម័យបុរាណ នគរ​មួយ​ចំណុះ​នគរ​មួយទៀត គឺជា​រឿង​មិន​ចម្លែក​ទេ ហេតុនេះ ទើប​ខ្មែរ មិន​ចាប់អារម្មណ៍​ហៅ ដាយ វៀត ឬ វៀតណាម ថា ចិន ។​

​ប៉ុន្តែ នគរ​មួយ ក្លាយជា​ចំណុះ របស់​រាជការ​មួយ​ដែល​មិនមែនជា​ម្ចាស់​ទឹកដី ដែល​ក្នុង​បរិបទ​នេះ បាន​ដល់ ដាយ វៀត ឬ វៀតណាម ក្លាយជា​ចំណុះ រាជការ យាន របស់ ម៉ុង​ហ្គោល ប៉ុន្តែ​នៅ លើទឹក​ដី ចិន វា​ជា​រឿង​កម្រ​បានឃើញ ។ ហេតុនេះ ទើប ខ្មែរ ហៅ ដាយ វៀត ឬ វៀតណាម យួន ( យាន យាន់ យន់ ) ដែលជា​ឈ្មោះ​រាជការ ម៉ុង​ហ្គោល នៅលើ​ទឹកដី ចិន គឺ​ចង់​សម្គាល់ថា ដាយ វៀត ឬ វៀតណាម ចំណុះ រាជការ យាន នោះឯង ។​

​ទស្សនៈ​របស់​អ្នកនិពន្ធ​
​យើង​ឃើញថា ពាក្យ​ថា “ យួន “ ដែល ខ្មែរ ហៅ សំដៅ ទៅលើ ( ដាយ វៀត ឬ ) វៀតណាម នោះ ក៏​ព្រោះតែ​ពេលនោះ ពួកគេ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ រាជការ យាន ( យាន់ យន់ យួន ) ។ ប៉ុន្តែ​នៅពេល ប្រើពាក្យ​ថា “ យួន “ ហៅ ជនជាតិ ឬ ប្រទេស វៀតណាម នុះ ពួកគេ ( វៀតណាម ) មិន​សប្បាយចិត្ត​ឡើយ ហើយ​ថែមទាំង​អាច​ខឹង ឬ ស្អប់​អ្នក​ហៅ​ពួកគេ​បែប​នោះ ទៀតផង ។ ទោះយ៉ាងណា​នៅពេល​សុំ​ការ​ពន្យល់ថា ហេតុអ្វី​បានជា​ពួកគេ​ខឹង ឬ​មិន​សប្បាយ ចិត្ត​បែប​នោះ ជនជាតិ វៀតណាម ទាំងនោះ ជាទូទៅ មិនដឹងថា ហេតុអ្វី​ច្បាស់លាស់​ទេ ពួកគេ​ត្រឹមតែ​ចាត់ទុកថា ជន​ណា​ហៅ​ពួកគេ​ថា “ យួន “ ជន​នោះ​កំពុង​មាក់ងាយ​ពួកគេ តែប៉ុណ្ណោះ ។​

​យើង​អាច​សរុបសេចក្តី​ថា ជនជាតិ វៀតណាម ទោះជា​អ្នក​បានដឹង ឬ មិនបាន​ដឹង ក៏ដោយ​នៅ ពេល​ត្រូវ​ជន​ណា​ហៅថា “ យួន “ មិន​គប្បី​ខឹង ឬ មិន​សប្បាយចិត្ត​ឡើយ ព្រោះ​ពាក្យ​ថា “ យួន “ វា​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ពោលគឺ​វា​ជា​រឿង​ពិត ពី​អតីតកាល ដែល​គ្មាន នរណាម្នាក់​មាន​សមត្ថ​ភាព​កែប្រែ​បានឡើយ ហើយ​វា​ក៏​មិនគួរ​បិទបាំង ឬ បំភ្លេចចោល​ដែរ ។ ផ្ទុយទៅវិញ ជនជាតិ វៀតណាម គប្បី​ចាត់ទុក​ការហៅ​ទាំងនោះ​ថា ជាការ “ ក្រើនរំឭក “ ហើយ​ត្រូវ​សិក្សា និង ចងចាំ​ឱ្យបាន​ល្អ ដើម្បី កុំឱ្យ​ព្រឹត្តិការណ៍​ដូច​ក្នុង​ប្រវត្តិសាស្ត្រ​នោះ កើតឡើង​ចំពោះ​ពួកគេ​ម្តងទៀត ។​

​យ៉ាងណាមិញ សង្គម​ខ្មែរ ក៏​មិនគួរ​ប្រើពាក្យ​ថា “ យួន “ ហៅ​ចំពោះ វៀតណាម ទៀត​ដែរ ព្រោះ​គ្មាន​ចំណេញ​អ្វី​សោះ​ពី​ការធ្វើឱ្យ​ជនជាតិ​មួយ ជាពិសេស​អ្នកជិតខាង​យើង ឈឺចាប់ ក្នុង​បរិបទ​នេះ​។ ផ្ទុយទៅវិញ វា​អាច​នាំមក​នូវ​ផល​អវិជ្ជមាន ដូចជា​បង្កើត​ការ​ស្អប់ ឬ គំនុំ​ពី​ជនជាតិ វៀតណាម ចំពោះ​ខ្មែរ ទៅវិញ​ទេ ។​

​ផ្ទុយទៅវិញ ខណៈ​ប្រទេស​មាន​សុខសន្តិភាព​រដ្ឋាភិបាល​បើក​សិទ្ធិសេរីភាព​ក្នុងការ​សិក្សា​ស្រាវ ជ្រាវ​ឯកសារ​សម្បូរបែប ទាំង​ភាសាជាតិ ទាំង​ភាសាបរទេស បច្ចេកវិជ្ជា​ជឿនលឿន​ផ្តល់ លទ្ធភាព​យ៉ាង​ទូលំទូលាយ​ដល់​អ្នកសិក្សា​ស្រាវជ្រាវ ពោល​គឺជា​ឱកាសល្អ ខ្មែរ គប្បី​ចាប់យក ឱកាស​ដ៏​មិន​ធ្លាប់មាន​ក្នុង​សម័យមុនៗ​មកនេះ ដើម្បី សិក្សា ស្រាវជ្រាវ និង ចងក្រង ផ្សព្វផ្សាយ ចងចាំ​ទុកឱ្យ​បានល្អ ត្រឹម និង ត្រូវ ច្បាស់លាស់ ស៊ីជម្រៅ ទូលំទូលាយ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់ ក្រោយៗ​ទៀត នូវ​រាល់​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដើម្បី កុំឱ្យ​កំហុស​ក្នុង​ប្រវត្តិសាស្ត្រ​កើតឡើង ចំពោះ​ប្រទេស​ខ្មែរ​ម្តងទៀត ដ្បិត​ការមិន​ចេះ មិន​ចងចាំ មិន​យល់ដឹង​ឱ្យបាន​ត្រឹម និង ត្រូវ ច្បាស់លាស់ ស៊ីជម្រៅ​ទូលំទូលាយ នូវ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន គឺជា​មូលហេតុ​ដ៏​ចម្បង​បំផុត មួយ​នាំឱ្យ​កំហុស​កើតឡើង​ចំពោះ​ប្រទេសជាតិ​ដដែល​ជា​ដដែល​អស់​រយៈ​ពេល​រាប់ពាន់​ឆ្នាំ​មកហើយ រហូត​ក្លាយ​ពី​មហា​ប្រទេស មក​នៅ​ប៉ុន​សព្វថ្ងៃនេះ ៕ ដោយៈ មេសា​

គំនូរ​ពណ៌នា​អំពី​សង្គ្រាម​រវាង​កងទ័ព ដាយ វៀត ប្រឆាំង​ការឈ្លានពាន​លើក​ទី ៣ របស់ កងទ័ព យាន របស់ ម៉ុង​ហ្គោល ទៅលើ​ទឹកដី ដាយ​វៀត កាលពី​ឆ្នាំ ១២៨៨ ( ម៉ុង​ហ្គោល​ឈ្លានពាន )
​រូបសំណាក​អ​ធិ​រាជ្យ ត្រាន់ ថា​យ តុង ជា​អ​ធិ​រាជ្យ​ទី ១ នៃ រាជការ ដាយ វៀត ( ត្រាន ថា​យ តុង​)

ទីតាំងផ្សាយពាណិជ្ជកម្ម