យុទ្ធនាការ «កម្ពុជាស្អាត កំពត​ស្អាត» នាំយុវជនរាប់ពាន់នាក់ដើរ​ប្រមូលសំរាមក្នុងពិធីបុណ្យសមុទ្រ

352
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ រឿងសំរាមគឺជាបញ្ហាតូចមួយ ប៉ុន្តែបើប្រជាពលរដ្ឋមិនគិតគូរទុកដាក់វាឱ្យបានត្រឹមត្រូវនោះទេ វានឹងក្លាយជាបញ្ហាធំទៅវិញ។ នេះជាសម្ដីរបស់លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ ខណៈដែលលោកកំពុងដឹកនាំក្រុមយុវជនដើរប្រមូលសំរាមនៅតាមទីសាធារណៈនានាក្នុងក្រុងកំពត នាឱកាសពិធីបុណ្យសមុទ្រកន្លងទៅនេះ។

សកម្មភាពប្រមូលសំរាមនេះជាផ្នែកមួយនៃយុទ្ធនាការ «កម្ពុជាស្អាត កំពតស្អាត» ដែលត្រូវបានរៀបចំដោយនាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលកំពត រដ្ឋបាលក្រុងកំពត និងក្រុមយុវជនរាប់ពាន់នាក់ ក្នុងនោះមានមកពីក្រុមយុវអភិជនដើម្បីសង្គម និងបរិស្ថាន ក្រុមហ៊ុនប្រមូលសំរាម Ga Eia សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត កាកបាទក្រហមកម្ពុជា យុវជនស្រលាញ់សន្តិភាព ក្រុមកាយាឫទ្ធិជាដើម។

ក្នុងនាមតំណាងក្រសួងទេសចរណ៍ លោក ហ៊ួត រិទ្ធី បានឱ្យដឹងថា យុទ្ធនាការ « កំពតស្អាត» នេះត្រូវបានធ្វើឡើងរៀងរាល់ថ្ងៃ នាអំលុងពិធីបុណ្យសមុទ្រនៅខេត្តកំពត ដោយនៅថ្ងៃទី១៩ ខែធ្នូ ក្រុមការងារនៃនាយកដ្ឋានរបស់លោក សហការជាមួយរដ្ឋបាលខេត្តកំពត បានចុះយុទ្ធនាការដើរប្រមូលសំរាម និងសម្អាតបរិស្ថាននៅក្រុងកំពត ដែលមានអ្នកចូលរួមប្រមាណ ១០០០នាក់។ នាព្រឹកថ្ងៃទី២២ ខែធ្នូ យុទ្ធនាការដើរប្រមូលសំរាមនេះក៏ត្រូវបានធ្វើឡើងជាទ្រង់ទ្រាយធំម្ដងទៀត ដោយចាប់ផ្ដើមពីពហុកីឡដ្ឋានខេត្តកំពត បន្តសកម្មភាពរើសសំរាមទៅកាន់ទីសាធារណៈនានាថែមទៀត។

លោក ហ៊ួត រិទ្ធី បានបង្ហាញពីគោលបំណងនៃការចុះយុទ្ធនាការនេះថា «គឺយើងអត់ចង់ឱ្យមានសំរាមនៅពាសវាលពាសកាល បន្ទាប់ពីចប់ពិធីបុណ្យសមុទ្រ ដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាពខេត្តកំពត និងប្រទេសជាតិទាំងមូល។ គឺយើងធ្វើរាល់ថ្ងៃក្នុងអំលុងពិធីបុណ្យសមុទ្រនេះ មិនមែនធ្វើតែមួយថ្ងៃទេ»។

លោកបន្តថា សកម្មភាពរាល់ថ្ងៃនេះ ក៏មានមានចែកស្ទីកឃ័រ «កម្ពុជាស្អាត កំពតស្អាត» ជាច្រើនផងដែរ ដើម្បីបំផុសស្មារតីដល់អ្នកចូលរួម ប្រជាពលរដ្ឋ ភ្ញៀវទេសចរ កម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យឱ្យពួកគាត់ចូលរួមផ្សព្វផ្សាយពីយុទ្ធនាការ «កម្ពុជាស្អាត កំពតស្អាត» នេះឱ្យកាន់តែផុសផុលឡើង។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានលើកឡើងថា «ការចូលរួមយុទ្ធនាការកម្ពុជាស្អាត កំពតស្អាតនេះ មិនមែនលំៗដូចពាក្យគេរិះគន់ថា គ្រាន់តែធ្វើយកមុខ ថតសែលហ្វីនៅមុខកាមេរ៉ាយកគួរ ហើយគ្មានចេញជាដុំកំភួនអ្វីនោះទេ ប៉ុន្តែសកម្មភាពនេះបានជួយច្រើនណាស់ដល់ការសម្អាតបរិស្ថាន អនាម័យក្នុងក្រុង រួមចំណែកជួយឱ្យប្រទេសជាតិមានភាពស្អាត មានសោភ័ណភាព»។

លោកអភិបាលក្រុងកំពតបានបន្តថា ប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរទាំងឡាយដែលមកទស្សនាបុណ្យសមុទ្រ ក៏ទទួលបានការយល់ដឹងពីយុទ្ធនាការនេះផងដែរ ដែលនេះជាការជំរុញស្មារតីស្រលាញ់បរិស្ថានកាន់តែខ្លាំងឡើង។

ខំស្កាត់មកពីរាជធានីភ្នំពេញ យុវតី កញ្ញា ប៉ូវ សៀកលីន សមាជិកក្រុមយុវអភិជនដែលចូលរួមជាមួយមិត្តភក្តិក្នុងក្រុមប្រមាណ ១០០នាក់ទៀតនោះ បានបង្ហាញចំណាប់អារម្មណ៍ថា ទោះបីប្រឡាក់ដៃប្រឡាក់ខ្លួនប្រាណបន្តិចមែន ប៉ុន្តែពួកគេពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការចូលរួមសកម្មភាពប្រមូលសំរាមក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ ព្រោះបានចូលរួមសម្អាតបរិស្ថានហើយបានជួយផ្សព្វផ្សាយដល់អ្នកដទៃកាន់តែច្រើនថែមទៀត។

លោក ហ៊ួត រិទ្ធី មានសុទិដ្ឋិនិយមថា ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនកាន់តែមានស្មារតីយល់ដឹង និងយកចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថាន និងសំរាមខ្លាំងជាងមុន ទាំងការរៀបចំពិធីបុណ្យសមុទ្រ បុណ្យទន្លេ ព្រះរាជពិធីបុណ្យអុំទូក និងព្រឹត្តិការណ៍នានា។

លោកថា ភាពស្អាត និងបៃតង ព្រមទាំងការយកចិត្តទុកដាក់លើបញ្ហាសំរាម គឺជាការផ្សព្វផ្សាយកម្ពុជាស្អាត កម្ពុជាគួរឱ្យចង់ទស្សនា ទៅដល់បណ្ដាភ្ញៀវទេសចរអន្តរជាតិនានា ដែលជាកត្តាមួយជំរុញឱ្យមានកំណើនទេសចរនៅប្រទេសកម្ពុជា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម