សម្តេចប្រកាសដាច់ខាតមិនឲ្យមាន​ហ្គេមអនឡាញនៅកម្ពុជា

387
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅ​យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសយ៉ាងដាច់ណាត់ថា មិនឲ្យមានហ្គេម​អន​ឡាញនៅកម្ពុជាទៀតនោះឡើយ បើមិនដូច្នោះកម្ពុជា នឹងក្លាយជាកន្លែងលាងលុយកខ្វក់ និងជង្រុកពួកម៉ាហ្វីយ៉ា ដែលកើតចេញពី​ហ្គេមអនឡាញនេះតែម្ដង ហើយស្វាគមន៍អ្នកជំនួញពិតប្រាកដ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា នៅសល់តែប៉ុន្មានថ្ងៃទៀត​ប៉ុណ្ណោះ ហ្គេម​អនឡាញនឹងបញ្ចប់វត្តមាននៅកម្ពុជាទាំងស្រុង ក្រោយដល់​ពេលកំណត់នៃការពន្យារសុពលភាពធ្វើអាជីវកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ប្រទេសណាបង្កើតឲ្យមានហ្គេមអនឡាញ ក៏បង្កើតចុះ ប៉ុន្ដែកម្ពុជាមិនបង្កើតឲ្យមានជាដាច់ខាត។

ក្នុងពិធីបើកបុណ្យសមុទ្រលើកទី៨ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការងឿងឆ្ងល់ចំពោះអ្នកដែលព្រួយបារម្ភ ក្រោយកម្ពុជាបិទហ្គេមអនឡាញ ថាអាជីវកម្មមានការធ្លាក់ចុះ បន្ទាប់ពីជនជាតិចិន​ចាកចេញពីប្រទេស​កម្ពុជា ដែលចំណុចនេះសម្ដេចបានចោទសួរថា «តើអ្នកចង់​បានអ្វី​ឲ្យពិតប្រាកដ?» ព្រោះនៅពេលចិនចូលមក ថាចូលមកច្រើន ដល់ពេល​ចេញ​ទៅវិញ ថាចេញទៅវិញច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មនុស្សមួយ​ចំនួនព្រួយបារម្ភអំពីបញ្ហាបាត់អនឡាញ (ហ្គេមអនឡាញ) នៅពេលដែលមានអនឡាញ នាំគ្នាព្រួយបារម្ភអំពីវត្តមានជនជាតិចិននៅកម្ពុជា នៅពេលដែលយើងបិទអនឡាញ គេព្រួយបារម្ភអំពីការបាត់ជនជាតិចិនពីកម្ពុជា តើអ្នកចង់បានអ្វីពិតប្រាកដ? សម្រាប់ខ្ញុំ ខ្ញុំសង្កេតឃើញថា បើសេដ្ឋកិច្ចកម្ពុជា​ពឹងពាក់តែលើអនឡាញ កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហា​សន្ដិសុខជាតិរបស់ខ្លួន យើងស្ថិតនៅក្រោមការគំរាមកំហែង នៃក្រុមម៉ាហ្វីយ៉ា​ដែលជ្រៀតចូលមកក្នុងប្រទេសរបស់យើងដើម្បីធ្វើសកម្មភាព យើងក៏ថិតនៅក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសនៃគោលដៅ នៃការលាងលុយកខ្វក់ តាមរយៈ​អនឡាញ។

យើងនឹងបាត់បង់នូវសុវត្ថិភាពអ្នកជំនួញធំៗ អ្នករកស៊ីធំៗដែលជាអ្នកមានប្រាក់​មិនហ៊ានចូលមកកម្ពុជា ដោយសារខ្លាចពួកក្រុមម៉ាហ្វីយ៉ា ដូច្នេះអ្វីក៏ដោយត្រូវមានការបង់ថ្លៃ យើងសុខចិត្តមិនមានអនឡាញ ក៏ប៉ុន្ដែយើង​ច្បាស់ជានាំមកនូវប្រទេសរបស់យើងប្រកបដោយមានសន្ដិសុខ ហើយយើងនាំមកនូវដោយអ្នកវិនិយោគសុចរិត និងអ្នកវិនិយោគដែលមាន​ប្រាក់កាសមករស់នៅកម្ពុជា។

ផ្ទុយទៅវិញ បើសិនជាវត្តមានអនឡាញបន្ដ កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះ ហើយរងគ្រោះមុនគេគឺសន្ដិសុខរបស់យើងតែម្ដង បន្ទាប់ទៅគឺ នឹងក្លាយជា​គោលដៅនៃការលាង​លុយកខ្វក់ ដែលនៅលើពិភពលោក កំពុងតែប្រយុទ្ធប្រឆាំង​នឹងការលាងលុយកខ្វក់ ព្រម​​ទាំងភេរវកម្មហិរញ្ញប្បទាន សម្រាប់ភេរវកម្មដែលជា​ចំណុចគ្រោះថ្នាក់។ ដូច្នេះនៅសល់​តែប៉ុន្មានថ្ងៃទៀត នឹងបាត់បង់ពីកម្ពុជា​ទាំងស្រុង​ហើយ»។

ដោយឡែក បញ្ហាមួយទៀតពាក់ព័ន្ធការធ្លាក់ចុះនៃវិស័យសំណង់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យសំណង់នៅប្រទេសកម្ពុជា មិនមែនបម្រើ​ឲ្យតែ​ហ្គេម​អនឡាញនោះទេ។ ប្រសិនបើគេឈប់ជួលផ្ទះ ឬអគារ​គួរតែយកទីតាំងនោះទៅប្រកបអាជីវកម្មផ្សេង ព្រោះអ្វីក៏ដោយត្រូវតែ​មានការបង់ថ្លៃ។

អ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់នោះ គឺការបិទអាជីវកម្មហ្គេម​អនឡាញ ដើម្បីកុំឲ្យកម្ពុជាក្លាយជាជម្រករបស់ពួកឧក្រិដ្ឋជនបរទេស ដែលធ្វើសកម្មភាពបោកប្រាស់ ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និង​ក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិច​ត្រូនិច អនឡាញ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ។

នៅក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុច​ដូចខាងក្រោម៖

១.មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវ​បង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច​តាមរយៈអ៊ិន​ធើ​ណិតអនឡាញ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។

២.ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៊ិនធើណិត​អនឡាញ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើ​សកម្មភាព​រហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។

៣.រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យ​ប្រកបអាជីកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធើណិត​អនឡាញទាំងក្នុង និងក្រៅកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខា​លើសារាចរណែនាំ​នេះតទៅ៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ