ក្រសួង​លើកទឹកចិត្ត​ដល់​អ្នកបង្កើត​គំនិត និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​នៅ​ឧទ្យាន​ជាតិ​កែប​

277
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម ជាមួយ​អាជ្ញាធរខេត្ត​កែប សម្ភោ​ធ​បូជនីយដ្ឋាន​ឧទ្ទិស​ជូន​លោក DEBENATH CHRISTIAN នៅ​ឧទ្យាន​ជាតិ​កែប​។ លោក​កេ​ន ស​ត្ថា អភិបាលខេត្ត​កែប បាន​បញ្ជាក់ថា​កន្លងមក​រដ្ឋបាលខេត្ត​កេ​ប បាន​អនុវត្ត​គោលនយោបាយ​បរិស្ថាន​ស្អាត ការគ្រប់គ្រង​សំរាម​នៅតាម​តំបន់ឆ្នេរ និង​ទីប្រជុំជន​នានា​ក្នុង​ខេត្ត ក៏ដូចជា​ការងារ​ការ​ពារ ការអភិរក្ស និង​ការអភិវឌ្ឍន៍​ឧទ្យាន​ជាតិ​កែប​នេះ​តែម្តង​។ លោក​បន្ថែមថា ការរៀបចំ​ពិធី​នៅថ្ងៃនេះ​សំដែង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងបរិស្ថាន​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។

​នៅក្នុង​ឱកាស​នោះ លោក សាយ សំ​អាល់ បាន​លើកឡើងថា​ការបង្កើត​តំបន់ការពារធម្មជាតិ​មានរឿង​រ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ដោយ​ការរៀបចំ​ឧទ្យាន​ជាតិ​ចាប់ផ្តើម​ដំបូង​តាមរយៈ​ការសិក្សា​សណ្ឋាន​ដី ធនធានធម្មជាតិ នៅក្នុង​ទស្សវត្ស​ឆ្នាំ​១៩៦០ ដំបូង​ឡើយ​នៅ​ឧទ្យាន​ជាតិ​គីរីរម្យ ក្រោម​ស្នា​ព្រះ​ហ​ស្ថ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​។ ក្រោយមក​កម្ពុជា​បាន​បង្កើត​ឧទ្យាន​ជាតិ​នៅ​ក្នង​ទស្សវត្ស​ឆ្នាំ​១៩៩០ និង​ជា​បន្តបន្ទាប់​បាន​បង្កើត​តំបន់ការពារធម្មជាតិ​ជាច្រើន​កន្លែង​ថែមទៀត ដែល​បច្ចុប្បន្ន​តំបន់ការពារធម្មជាតិ​នៅ​កម្ពុ​ជាមាន​ផ្ទៃដី​ប្រមាណ​៧,៥​លាន​ហិច​តា​។​

​លោក​រដ្ឋមន្ត្រី បាន​ចាត់ទុកថា លោក DEBENATH CHRISTIAN បាន​គិតគូរ​ខ្ពស់​លើ​ការធ្វើ​ទេសចរណ៍​នៅ​កម្ពុជា តាម​គម្រោង​បង្កើត​កន្លែង​រំហែ​កម្សាន្ត​នៅ​កម្ពុជា​។ លោក បានជ្រើសរើស​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​កែប ដោយសារ​មាន​ប្រវត្តិសាស្ត្រ​ដែល​ជនជាតិ​បារាំង នាពេល​កន្លងមក​បាន​ចាត់ទុកថា​ជាទី​ក្រុង​គុជ​នៅ​អាស៊ី​។ រដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​ថា ស្នាដៃ​ប្រវត្តិសាស្ត្រ​នៃ​ជនជាតិ​បរទេស​តែង​ចាត់ទុក​ខេត្ត​កែប និង​ខេត្តកំពត​ជា​ទិសដៅ​កម្សាន្ត​នៅ​កម្ពុជា​តាំងពី​យូ​លង់​ណាស់​មក​ដែរ ជាពិសេស​មាន​សាលា ឬ​ព្រះវិហារ​សាសនា​គ្រឹះ នៅលើ​ភ្នំ​បូកគោ​ជាដើម​។ លោក​បាន​បន្ថែម​ដែរ​ថា ក្រសួងបរិស្ថាន យកចិត្តទុកដាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឬ​អ្នក​ទាំងឡាយណា ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា ហើយ​បាន​បរិច្ចាគ​កំលាំងកាយ ប្រាជ្ញា​ស្មារតី ក៏ដូចជា​ធនធាន​ថវិកា ក្នុង​គោលដៅ​ចូលរួម​ជួយ​ថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ ហើយ​នៅពេលនេះ ក្រសួងបរិស្ថាន បាន​បង្កើត​បូ​ជនី​ដ្ឋា​ន​ដើម្បី​រំលឹក​នូវ​គុណូបការៈ ក៏ដូចជា​ស្នាដៃ​របស់លោក DEBENATH CHRISTIAN ដែល​បាន​ផ្តូ​ច​ផ្តើមគំនិត​ជួយ​ក្នុង​កិច្ចការ​អភិរក្ស ក៏ដូចជា​ការងារ​អភិវឌ្ឍ​ឧទ្យាន​ជាតិ​នេះ​ផងដែរ តាមរយៈ​ការត្រួសត្រាយ​ផ្លូវ ដាក់​ស្លាក​សញ្ញា បង្ហាញ​ទីតាំង និង​គូស​ផែនទី​ទស្សនា​ឧទ្យាន​ជាតិ​ជាដើម​។ ជាមួយគ្នានេះ​លោក​បានបង្ហាញ​ផងដែរ​ពី​កា​រីកចម្រើន​នៃ​ខេត្ត​ព្រះសីហនុ ដែល​នឹង​អាច​ចែករំលែក​ថែមទៀត​ដល់​ខេត្ត​ជិតខាង ជាពិសេស​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅ​ខេត្ត​កែប ដែល​ជាទី​មនោ​រម្យ​។ ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅ​ខេត្ត​កែប នឹង​រួមចំណែក​លើ​ការអភិវឌ្ឍន៍​ខេត្ត​កែប ជាពិសេស​ការរៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៃ​ឧ​ទ្យា​ជាតិ​កែប​នេះ​បានល្អ​ប្រសើរ​ថែមទៀត​។

​គួរ​បញ្ជាក់ថា លោក DEBENATH CHRISTIA ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៥៦ ហើយ​បាន​ស្លាប់​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ នៅ​ខេត្តកំពត ។ លោក​បានមក​លែង​កែប​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៩២ ហើយ​បន្ទាប់មក​នៅ​ឆ្នាំ​២០០២ គាត់​ក៏បាន​មក​ប្រកប​អាជីវកម្ម​បើកហាង​កាហ្វេ​មួយកន្លែង មាន​ឈ្មោះថា LAD ZEP cafe ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ឧទ្យាន​ជាតិ​កែប​។ នៅ​ឆ្នាំ​២០០៤ គាត់​ក៏បាន​សម្រេចចិត្ត​មក​រស់នៅក្នុង​ខេត្ត​កែប​ជា​អចិន្ត្រៃយ៍​។
​ដោយ​ចិត្ត​ស្រលាញ់​ធម្មជាតិ​នៅ​ខេត្ត​កែប លោក DEBENATH CHRISTIAN​បាន​សិក្សា​ស្វែងយល់​អំពី​ធនធានធម្មជាតិ តំបន់ឆ្នេរ និង​កោះ​នៅ​ខេត្ត​កែប ជាពិសេស​ឧទ្យាន​ជាតិ​កែប​នេះ​តែម្តង​។ ក្នុងនោះ​នៅ​ឆ្នាំ​២០០៨ លោក​បានចាប់ផ្តើម​គូស​ផែនទី​ទេសចរណ៍​នៃ​ឧទ្យាន​ជាតិ​កែប និង​រៀបចំ​បំពាក់​ផ្លាកសញ្ញា​បង្ហាញផ្លូវ​នៅតាម​បណ្តោយ​ផ្លូវ​ក្នុង​ឧទ្យាន​ជាតិ​សម្រាប់​ភ្ញៀវទេសចរ ដើរ​ទស្សនា​មានដូចជា​៖​ទេសភាព​ខេត្តកំពត ទឹកធ្លាក់​ស្រី​តា​ល់ កំពូល​ផ្លូវ ទេសភាព​នៃ​ឆ្នេរ​អង្កោល ស្រះ​ទឹកតូច ខ្ទម​យាយជី ថ្ម​ថ្ងៃ​លិច ព្រះ​អង្គរតូច ភ្នំ​កែប ទេសភាព​ខាងជើង ទេសភាព​ខាងលិច ដើមឈើ​ប្រហោង ផ្លូវ​យាយជី ផ្លូវ​ទៅកាន់​ឋាន​សួរ ផ្លូវ​ភ្ជាប់ ផ្ទះ​សេះ ផ្លូវ​ព្រៃស្បាត ផ្លូវ​ផ្តៅ ព្រះអង្គរ​ឈរ ផ្លូវ​ទំនប់ទឹក ចំការ​ដូង​ទេសភាព​នៃ​កោះ ប្រាសាទ​ក្នុងព្រៃ​។ ក្រៅពីនេះ លោក​ក៏បាន​សិក្សា​បន្ថែមទៀត​អំពី​ដើមឈើ សត្វព្រៃ និង​ផ្កា​ព្រៃ​ដោយមាន​ដាក់​ផ្លាកសញ្ញា​រួមជាមួយ​អត្ថាធិប្បាយ ជា​ព័ត៌មាន​ដល់​ភ្ញៀវ​ទេសចរណ៍​បានដឹង​ផងដែរ​។ ក្រសួងបរិស្ថាន​បានសម្រេច​រៀបចំ​កសាង​បូជនីយដ្ឋាន ដឹកនាំ​ដោយ លោក​សូត យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដើម្បី​ទុកជា​ទីកន្លែង​រំលឹក​អនុស្សាវរីយ៍ និង​ឧទ្ទិស​ដល់​ស្នាដៃ​ទាំងឡាយ​របស់លោក ដែល​មាននៅ​ខេត្ត​កែប​រហូតមកដល់​សព្វ​ថ្ងៃនេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម