សម្តេច​ជំរុញ​ឲ្យ​មានការ​សិក្សា​ធនធាន​បាតសមុទ្រ ដើម្បី​រក​ឲ្យ​ឃើញ​សក្តានុព​ល​របស់​ជាតិ និង​អភិរក្ស​ឡើងវិញ​

419
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នៅ​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ក្នុង​ជុំ​ទី​២ នៅ​ខេត្តកំពត ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​» មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ជំរុញ​ឲ្យ​មានការ​សិក្សា​ធនធាន​បាតសមុទ្រ ដើម្បី​ឈ្វេងយល់​សក្តា​នុព​ល​របស់​ជាតិ និង​អភិរក្ស​ធនធាន​បាតសមុទ្រ​របស់​កម្ពុជា​។

​ស្របពេល​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​ឱវាទ​ឱ្យ​ក្រសួងបរិស្ថាន​និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​រួមគ្នា​ដើម្បី​ពិនិត្យមើល​ធនធាន​បាតសមុទ្រ​របស់​កម្ពុជា​នៅ​ខេត្តកំពត ខណៈដែល ខេត្ត​នេះ​បានប្រែក្លាយពី​ខេត្ត​ដែល​អន់​ជាងគេ​កាលពី​ពេលមុន ហើយ​បាន​វិវឌ្ឍន៍​ខ្លួន​ទៅជា​ខេត្ត​ដ៏​មាន​សក្តានុពល​នាពេល​បច្ចុប្បន្ន​និង​អនាគត ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​បន្ថែមទៀតថា កម្ពុជា គឺជា​ប្រទេស​មាន​សក្តានុពល​ច្រើន ដោយសារ​មាន​ធនធានធម្មជាតិ​សម្បូរបែប និង​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ សម្តេច​បាន​សង្កត់ធ្ងន់​ដែរ​ថា កម្ពុជា​ក្រៅពី​មាន​អង្គរវត្ត គឺ​នៅមាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ជាច្រើន ដូចជា​សមុទ្រ និង​ទន្លេ ដែលមាន​ទេសភាព​ល្អ​ស្អាត ដែល​រាជរដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់ ដើម្បី​នាំមក​នូវ​វិបុលភាព​ជូន​ជាតិ សម្រាប់​ជា​ជ្រុង​មួយ​នៃ​សេវា​កំណើន​ប្រាក់ចំណូល​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ដាក់ចេញ​នូវ​បញ្ជា​ដាច់​ណាត់​ថា យើង​ត្រូវ​រក្សា​ឱ្យបាន​នូវ​សមុទ្រ​ស្អាត សមុទ្រ​បៃតង ហើយ​ត្រូវ​យកចិត្តទុកដាក់​ការពារ​តំបន់ឆ្នេរ រក្សា​សិទ្ធ​ជា​ឆ្នេរ​ស្អាត​បំផុត​លើ​សកលលោក ជាពិសេស​គឺ​ហាម​ដាច់ខាត​ការចាក់ដី​យក​ឆ្នេរសមុទ្រ​ដាច់ខាត​។ សម្តេច បាន​បញ្ជា​បន្ទាន់​ឱ្យលោក​ជា សុផារ៉ា និង​អភិបាល​ខេត្តកោះកុង ត្រូវ​យកចិត្តទុកដាក់​ករណី​ចាក់ដី​យក​ឆ្នេរសមុទ្រ ដោយ​សម្តេច​តេ​ជោ ទទួលបាន​ព័ត៌មាន​ថា មាន​មន្ត្រី​យោធា​ដែលមាន​បុណ្យ​ស័ក្តិកំពុង​ល្មើសច្បាប់​ចាក់ដី​លុប​ឆ្នេរ ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​។​

​ត្រង់ចំណុច​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហើប​យ៉ាង​ដូច្នេះ​ថា « អ្នក​ដែល​ពាក់ព័ន្ធ​រឿង​ចាក់ដី​ចូល​សមុទ្រ​នៅ​ខេត្តកោះកុង គឺជា​មន្ដ្រី​យោធា បើសិន​ដូច្នោះ​មែន ​ប្រហែល​សម្ដេច​មិន​ទុក​ឲ្យ​មានឈ្មោះ​ជា​យោធា​ទៀត​នោះឡើយ​»​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា ភារកិច្ច​ទទួលខុសត្រូវ​តំបន់ឆ្នេរ ជា​ភារកិច្ច​របស់​គណៈ​អភិបាលខេត្ត​នីមួយៗ ដែល​ត្រូវ​មើល​ឲ្យ​ដិតដល់ ហើយ​ក្រៅពី​ទប់ស្កាត់​ការចាក់ដី​លុប​ឆ្នេរ​យក​ដី សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា គ្រប់ភាគី​ពាក់​ព​ន្ធ័​ត្រូវ​ធានាថាឆ្នេរសមុទ្រ​កម្ពុជា នឹងមិន​ត្រូវបាន​បំផ្លាញ​ដោយ​ទឹកស្អុយ ឬ ការកាប់​ព្រៃកោងកាង ដើម្បី​ទន្ទ្រាន​យក​ដី​នោះទេ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ខេត្ត​អាច​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​បាន គឺដោយសារ​សន្តិភាព ដែល​កម្ពុជា​ទទួលបាន​ដោយ​លំបាក ប៉ុន្តែ​សន្តិភាព​បាន​នាំមក​នូវ​សេចក្តីសុខ​ចម្រើន​។​

​គួរ​បញ្ជាក់ថា ដើម្បី​ចូលរួម​អបអរ​សារ​ទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​២០-២២ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ខេត្តកំពត ក្រសួងបរិស្ថាន​បាន​ចូលរួម​ដាក់តាំង​បង្ហាញ​ឯកសារ សមិទ្ធផល និង​សកម្មភាព​អភិវឌ្ឍន៍​លើ​វិស័យ​បរិស្ថាន ឧបករណ៍​បរិស្ថាន​ផ្សេងៗ និង​ការសម្តែង​សិ​ល្បៈរបាំ​ទាក់ទង​នឹង​សក្តានុពល​ធនធានធម្មជាតិ​សមុទ្រ​កម្ពុជា ដែល​បង្កប់​ដោយសារ​អប់រំ និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ និង​មហាជន​ទាំងអស់​ចូលរួម​ការថែរក្សា គ្រប់គ្រង​ធនធានធម្មជាតិ សម្រាប់​ការរស់នៅ​ដោយ​ចីរភាព​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម