ពិធីបុណ្យ​សមុទ្រ​ខេត្តកំពត​រយៈពេល​បី​ថ្ងៃ​មាន​ភ្ញៀវ​មកលេង​ខេត្តកំពត​ប្រមាណ​៩០​ម៉ឺន​នាក់​

277
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត​រយៈពេល​បី​ថ្ងៃ​បាន​បញ្ច​ប់​ដោយ​ជោគជ័យ​ជាមួយ​វត្តមាន​ភ្ញៀវ​អញ្ជើញ​មក​ចូលរួម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​លើសពី​ការរំពឹងទុក​។ ជាមួយនេះដែរ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​មាន​លក្ខណៈ​ល្អប្រសើរ​គួរឱ្យ​មោទនៈ​បំផុត​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ភ្ញៀវ​ជិត​ឆ្ងាយ​ដែល​បាន​អញ្ជើញ​មក​ចូល​រួមមាន​ប្រមាណ​៩០​ម៉ឺន​នាក់​។ នេះ​ជា​បរិមាណ​ដ៏​លើសលប់ និង​ច្រើនជាង​ការ​រពឹង​ទុក​របស់​គណៈកម្មការ​រៀប​ចំ​ពិធី​ដែល​បាន​ព្យាករណ៍​ថា​ចំនួន​ភ្ញៀវ​អាចមាន​ប្រមាណ​៥០​ម៉ឺន​នាក់​នោះ​។
​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​លម្អិត​ថា​ សម្រាប់​ថ្ងៃ​ដំបូង ភ្ញៀវ​ដែល​ចូលមក​លម្ហែ​សប្បាយ​ទាំង​នៅក្នុង​ក្រុង ទាំង​តាម​ទី​កម្សាន្ត​នានា​ទូទាំង​ខេត្ត​មាន​ប្រហែល​២០​ម៉ឺន​នាក់​។ ចំណែក​ថ្ងៃ​បន្ទាប់​ចំនួន​ភ្ញៀវ​បាន​កើនឡើង​រហូតដល់​ប្រមាណ​៤០​ម៉ឺន​នាក់​។ ដោយឡែក​ក្នុង​ថ្ងៃ​បញ្ចប់ បរិមាណ​ភ្ញៀវ​បាន​ធ្លាក់​ចុះមក​នៅ​ប្រហែល​៣០​ម៉ឺន​នាក់​។

លោក​សយ ស៊ី​ណុល​បាន​បន្តថា​ ជាមួយ​បរិមាណ​នេះ​ផងដែរ​គឺមាន​ការកើនឡើង​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ដែល​ខេត្តកំពត​ជា​ម្ចាស់ផ្ទះ​ដូចគ្នា​នៃ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៤ ជុំ​ទី​១ ដោយ​កាលនោះ​ទេសចរ​មក​កម្សាន្ត​បានត្រឹមតែ​៣៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ចលករ​នាំឱ្យ​ការទទួល​ទេសចរ​បាន​សន្ធឹកសន្ធាប់​បែបនេះ​គឺ​អាស្រ័យ​ដោយ​កត្តា​សុខសន្តិភាព និង​សមិទ្ធផល​ថ្មីៗ ក៏ដូចជា​សក្តានុពល​ដ៏​សម្បូរបែប ព្រមទាំង​ភាព​រីកចម្រើន​យ៉ាង​គំ​ហុករ​បស់​ខេត្តកំពត​នាបច្ចុប្បន្ន​ដែលជា​ផ្នែក​សំខាន់​ក្នុងការ​ទាក់ទាញ និង​ផ្តល់​ភាពជឿជាក់​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​ឱ្យមក​កម្សាន្ត​។

លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​បន្ថែម​ទៀតថា អ្វីដែល​បំបាត់​បាន​នូវ​ភាព​ធុញទ្រាន់ និង​បង្កើន​ក្តី​ពេញចិត្ត​ចំពោះ​ដំណើរ​រ​ទៅកាន់​គោលដៅ​ផ្សេង ៗ​របស់​ភ្ញៀវ​នោះ គឺ​គ្រប់​ដងផ្លូវ​ទាំងអស់​នៅ​ទូទាំង​ខេត្ត​មិនមាន​ករណី​កកស្ទះ​ដូច​កាល​ពិធីបុណ្យ​ផ្សេងៗ នាពេល​កន្លងមក​។ នេះ​ជា​ការអនុវត្តន៍បាន​តាម​ពាក្យ​ណែនាំ និង​ការចង្អុលបង្ហាញ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​វិធីសាស្ត្រ​ថ្មីៗ​ពី​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តកំពត ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ក៏ដូចជា​សមត្ថកិច្ច​តាម​គោលដៅ​នីមួយៗ​។​

​ក្នុង​ដំណើរ​អញ្ជើញ​ទស្សនា​ស្តង់​ពិព័រណ៍​ផលិតផល​នានា នៅ​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ មុន​ពិធី​បិទ​ព្រឹត្តិការណ៍​បុណ្យ​ដ៏​ឱ​ឡា​រឹក​នេះ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ ភាពជោគជ័យ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ​នឹង​ធ្វើឱ្យ​សាធារណជន​ទូទៅ​ស្គាល់​ខេត្តកំពត​កាន់តែច្បាស់ ពិសេស​សក្តានុពល​ដែលមាន​ទាំង​ប៉ុន្មាន​ក្នុង​ខេត្ត​ភាគ​និរតី​នេះ​។ អ្វី​ជា​កត្តា​ទាក់ទាញ​ខ្លាំង​សម្រាប់​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ខេត្តកំពត​គឺ​ឱកាស​នៃ​ការនាំយក​ផលិតផល​របស់ខ្លួន​ដែល​ខេត្ត​ដទៃ​មិនអាច​ធ្វើ​បានមក​ដាក់តាំង​បង្ហាញ​ឱ្យ​ភ្ញៀវ​បានឃើញ និង​ស្គាល់​ភ្លក់​រសជាតិ​ដោយផ្ទាល់ ដូចជា​ផ្លែ​ទុរេន ម្រេច ចេកអំបូង​ជាដើម​៕ ល​/Ha