ចិននិងកូរ៉េខាងត្បូងស្វះស្វែងពង្រឹងទំនាក់ទំនងឱ្យប្រសើរឡើងវិញ

346
ចែករម្លែក

មេដឹកនាំកូរ៉េខាងត្បូងនិងចិនបាននិយាយនៅថ្ងៃចន្ទទី២៣ធ្នូនេះថាពួកគេទន្ទឹងរង់ចាំការធ្វើឱ្យប្រសើរឡើងនូវចំណងទាក់ទងបន្ទាប់ពីមានការខ្វែងគំនិតគ្នាជាយូរជុំវិញការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលអាម៉េរិក ដែលប៉េកាំងចាត់ទុកថាជាការគំរាមកំហែង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីនបានប្រាប់មេដឹកនាំចិនលោកស៊ីជីនពីងថាខណៈដែលភាគីទាំងពីរមានអារម្មណ៍ខកចិត្តចំពោះគ្នាមួយរយៈ វប្បធម៌និងប្រវត្តិសាស្ត្ររួមគ្នារបស់ពួកគេបានរារាំងពួកគេមិនឱ្យឃ្លាតឆ្ងាយពីគ្នាទាំងស្រុង។

លោកមូនបាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា “សង្ឃឹមថាក្តីសុបិនរបស់កូរ៉េខាងត្បូងនឹងមានប្រយោជន៍សម្រាប់ចិន ព្រោះក្តីសុបិនរបស់ចិនក្លាយជាឱកាសសម្រាប់កូរ៉េខាងត្បូង”។

នៅក្នុងសុន្ទរកថាបើករបស់លោកនៅក្នុងកិច្ចប្រជុំនៅឯវិមានប្រជាជននៅកណ្តាលទីក្រុងប៉េកាំង លោកស៊ីបានពណ៌នាអំពីទំនាក់ទំនងទ្វេភាគីនេះថាជា “ទំនាក់ទំនងដ៏មានសារសំខាន់នៅក្នុងពិភពលោកនិងជាទំនាក់ទំនងដែលមានឥទ្ធិពលក្នុងចំណោមបណ្តាប្រទេសលើពិភពលោក”។

ចំណងទាក់ទងរវាងប្រទេសជិតខាងនៅភាគឦសានបានធ្លាក់ចុះក្នុងឆ្នាំ ២០១៧ បន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូលបានទទួលយកការដាក់ពង្រាយប្រព័ន្ធខែលការពារអាកាស THAAD នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ ប៉េកាំងទទូចថាគោលបំណងពិតប្រាកដរបស់ THAAD គឺប្រើរ៉ាដាដ៏មានឥទ្ធិពលរបស់វាដើម្បីពិនិត្យមើលជ្រៅទៅក្នុងទឹកដីរបស់ចិនជាជាងការគំរាមពីមីស៊ីលរបស់កូរ៉េខាងជើង។

ដោយមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការព្រងើយកន្តើយ ចិនចាប់ផ្តើមធ្វើពហិការក្រៅផ្លូវការលើគ្រប់អ្វីៗទាំងអស់រាប់ចាប់ពីការធ្វើទស្សនកិច្ចរបស់ក្រុមចម្រៀងចិនទៅកាន់កូរ៉េខាងត្បូងរហូតដល់កម្មវិធីទូរទស្សន៍របស់កូរ៉េ ក្រុមចម្រៀងកូរ៉េនិងផលិតផលវប្បធម៌ផ្សេងទៀត។ ក្រុមហ៊ុនលក់រាយកូរ៉េខាងត្បូងដ៏ធំ Lotte ដែលបានផ្តល់ទីលានវាយកូនហ្គោលមួយសម្រាប់ផ្ទុកប្រព័ន្ធមីស៊ីលនេះត្រូវបានចិនចុចយកធ្វើជាមុខសញ្ញាធ្វើបាបមុនគេ ហើយប្រតិបត្តិការរកស៊ីរបស់ក្រុមហ៊ុននេះនៅចិនត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ សូម្បីតែការលក់យីហោរថយន្តកូរ៉េខាងត្បូងល្បីៗ ដូចជា Hyundai និង Kia បានធ្លាក់ចុះអស់រាប់ខែ៕ ដោយ៖ កញ្ញាដាលីស

លោកមូន (ឆ្វេង) ចាប់ដៃជាមួយលោកស៊ី ខណៈមេដឹកនាំទាំងពីរឈរថតមុនពេលប្រជុំកាលពីព្រឹកថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម