នគរបាលខេត្តកែបឃាត់ខ្លួនជន​សង្ស័យ​ពីរនាក់ករណីលួចចូលគណ​នី​ហ្វេសប៊ុកអ្នកដទៃ

236
ចែករម្លែក

ដោយ:បូកគោ/កែប ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យពីរនាក់ទៅសាលាដំបូងខេត្តកំពតពាក់ព័ន្ធករណីលួចចូលគណនីបណ្តាញព័ត៌មានសង្គមរបស់អ្នកដទៃ រួចទាក់ទងគេឯងផ្ញើលុយឱ្យពួកខ្លួន។

ពាក់ព័ន្ធនឹងករណីខាងលើ មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកែបបានប្រាប់ឱ្យដឹងថាសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកែប សហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបងបានតាមឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីឆបោកតាមរូបភាពសុំខ្ចីលុយ រួចតម្រូវឱ្យជនរងគ្រោះផ្ញើតាមវីងដល់ពួកគេ។

ក្រុមជនសង្ស័យបានលួចចូលគណនីបណ្តាញព័ត៌មានសង្គមរបស់លោកស្នងការខេត្តកែប ព្រមទាំងពលរដ្ឋពីរនាក់ផ្សេងទៀតយកទៅឆបោកគេឯងដោយសុំខ្ចីលុយ រួចផ្ញើតាមវីងចំនួន៩.៥០០ដុល្លារ និងបួនលានរៀលកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

មន្ត្រីសមត្ថកិច្ចដដែលបានបញ្ចាក់ថាតាមរយៈហេតុការណ៍នេះ សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវរហូតរកឃើញតម្រូវនៃមុខសញ្ញាសង្ស័យទើបសុំពន្លាតដែនសមត្ថកិច្ចចុះសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបងរហូតឈានទៅចាប់ខ្លួនជនសង្ស័យនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ហើយនាំមកកាន់ស្នងការដ្ឋានខេត្តកែបដើម្បីសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធី។

ជនសង្ស័យទាំងពីរនាក់ រួមមាន ១. ឈ្មោះសេង តារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ២. ឈ្មោះឈុន ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកលក់គ្រឿងយន្ត រស់នៅភូមិចម្ការសំរោង ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពីសាកសួររួច ពោលគឺនៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់សាលាដំបូងខេត្តកំពតដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក បក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម