អាជ្ញាធររាជធានីចាប់ផ្ដើមប្រើធរក្ដៅចំពោះក្រុមហ៊ុនបំផ្លាញផ្លូវសាធារ​ណៈ ឲ្យជួសជុលឡើងវិញ

248
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្ដើមអនុវត្តវិធានការប្រើធរក្ដៅលើកដំបូងចំពោះក្រុមហ៊ុនឯកជនណាដែលមានរថយន្តដឹកធ្ងន់បើកបំផ្លាញផ្លូវសាធារណៈក្នុងទីក្រុងឱ្យជួសជុលផ្លូវដែលខូចខាតនោះឡើងវិញ។ ការធ្វើបែបនេះរបស់អាជ្ញាធររាជធានីគឺសំដៅឱ្យក្រុមហ៊ុនដែលធ្វើឲ្យផ្លូវខូចទាំងនោះមានការទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើមិនបណ្ដោយឱ្យអ្នកបំផ្លាញរួចខ្លួនគ្មានការទទួលខុសត្រូវនោះទេ។

កន្លងមកលោកឃួង ស្រេង អភិបាលរាជធានីបានដាក់បញ្ជាដល់អាជ្ញាធរខណ្ឌនិងសង្កាត់ត្រូវមើលរថយន្តក្រុមហ៊ុនណាដឹកដី ដឹកដែក ដឹកខ្សាច់។ល។ធ្វើឱ្យខូចប្រេះបែកបាក់ស្រុតផ្លូវណាកន្លែងណាអាជ្ញាធរខណ្ឌសង្កាត់នោះត្រូវចាត់ការម្ចាស់ក្រុមហ៊ុនឱ្យមកទទួលខុសត្រូវ។

ជាក់ស្ដែងថ្មីៗនេះរថយន្តដឹកធ្ងន់របស់ក្រុមហ៊ុនឯកជនមួយបានបើកបំផ្លាញធ្វើឱ្យខូចស្រុតកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីមួយកន្លែងត្រង់ចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ក្រោយរកឃើញថារថយន្តរបស់ក្រុមហ៊ុនព្រីនស៌ធ្វើឱ្យខូចផ្លូវនោះអាជ្ញាធររាជធានីភ្នំពេញបានដាក់បញ្ជាឱ្យក្រុមហ៊ុនត្រូវធ្វើការជួសជុលអ៊ុតកៅស៊ូជាបេទីម នៅចំណុចដែលខូចស្រុតឱ្យបានស្អាតឡើងវិញ ដោយចាប់ផ្តើមអនុវត្តនៅដើមសប្ដាហ៍ទី១ ក្នុងមករា ឆ្នាំ២០២០ ខាងមុខនេះ ។ ជាមួយគ្នានេះដែរក្រុមហ៊ុនត្រូវធ្វើការជួសជុលគម្របអណ្តូង និងមាត់អណ្តូងលូដែលបានខូចបាក់បែកនៅចំណុចមុខការដ្ឋានសំណង់ ឱ្យបានស្អាតឡើងវិញ ។ពាក់ព័ន្ធការណែនាំខាងលើនេះក្រុមហ៊ុនបានយល់ព្រមទទួលអនុវត្តជួសជុលតាមការសម្រេច។

គួរបញ្ជាក់ថា៖ថ្មីៗនេះរដ្ឋបាលខណ្ឌ សែន សុខ បានរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហេង ងួន ប្រធានអង្គភាពផ្លូវថ្នល់ នៃមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាល លោកប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទឹកថ្លា និងអគ្គនាយកក្រុមហ៊ុន។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបញ្ជាក់ថា ដោយពិនិត្យឃើញថា នៅចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ លើផ្លូវសហព័ន្ធរុស្ស៊ី មានការខូចស្រុត និងទទួលបានប្រសាសន៍ដឹកនាំពី អភិបាលរាជធានីភ្នំពេញ ដូច្នេះរដ្ឋបាលខណ្ឌ សែន សុខ បានណែនាំឱ្យក្រុមហ៊ុនធ្វើការជួសជុលនៅចំណុចខូចស្រុតជាបន្ទាន់ឱ្យបានស្អាតឡើងវិញ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចកើតមានដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងវិថីនេះ និងសំណូមពរឱ្យក្រុមហ៊ុនបន្តចូលរួមសហការ និងយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពសាធារណៈនៅចំណុចមុខការដ្ឋានសំណង់ជាបន្តទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម