ដំរី សា​ន់តា ក្លស ជូនអំណោយ​ណូអែល​ដល់​សិស្សសាលា​ថៃ​

518
ចែករម្លែក

ដំរី​ជាច្រើន​ក្បាល ក្នុង​ឈុត​សា​ន់តា ក្លស ឬ លោកតា​ណូអែល បាន​ផ្តល់​អំណោយ​និង​ស្ករ​គ្រាប់ ដល់​សិស្ស​នៅ​សាលារៀន​ថៃ​មួយ​ទៅ​តាម​ប្រពៃណី​គ្រិស្តសាសនា ។​

​ការអបអរ​បុណ្យ​ណូអែល​(​គ្រី​សម៉ាស​)​នៅ​សាលា​ហ្ស៊ី​រ៉ា​សាតវីត​ថា​យ៉ា នៅក្នុង​ខេត្ត​អាយុ​ទ្យា ត្រូវបាន​អនុវត្ត​ធ្វើ​អស់​១៥​ឆ្នាំ​មកហើយ​ទោះជា​ថៃ​ជា​ប្រទេស​មាន​អ្នក​កាន់​សាសនា​​ព្រះពុទ្ធ​ស្ទើរ​មួយរយ​ភាគរយ​ក្តី​។​

​ឆ្នាំនេះ ដំរី​៤​ក្បាល​និង​ហ្ម​របស់​វា​ដែល​ក៏​ពាក់មួក​លោកតា​សាន់​តា​ក្លស បាន​ទៅ​សាលារៀន​ខាងលើ​និង​ចែក​អំណោយ​ណូអែល​ទៅកាន់​កូនសិស្ស​ដោយ​ទាំង​ដំរី​និង​កូនសិស្ស​​នាំ​គ្នា​បង្កើត​ជា​រូបរាង​ដើម​ណូអែល​យ៉ាង​សប្បាយ​។​

​ដំរី​ក៏បាន​រាំ​និង​សម្តែង​ទេពកោសល្យ​ផ្សេងៗ​ជូន​សិស្ស​ទស្សនា​ផងដែរ​។​

​កូនសិស្ស​សាលាបឋមសិក្សា​ម្នាក់​បាន​និយាយថា​«​ខ្ញុំ​រីករាយ​ណាស់​ដោយ​បាន​ឃើញ​ដំរី ។​ពួក​វា​ស្អាត​ណាស់ ។​ខ្ញុំ​ស្រឡាញ់​ដំរី​ពីព្រោះ​វា​រាំ​ស្អាត​ណាស់​»​។​

​សិស្ស​ម្នាក់​ទៀត​បាន​និយាយថា «​ពួក​វា​បាន​ធ្វើអោយ​ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា​មាន​មិត្ត​ច្រើន​។​ដំរី​ចែក​ស្ករ​គ្រាប់ តុក្កតា​និង​វត្ថុ​ដទៃទៀត​ច្រើន​»​។​

​ដំរី​ជា​សត្វ​តំណាង​ប្រទេស​ថៃ និង​មាន​វត្តមាន​ពេញ​ប្រវត្តិសាស្ត្រ​និង​អក្សរសិល្ប៍​ថៃ​។​ថៃ​មាន​អ្នក​កាន់​សាសនាព្រះពុទ្ធ​៩៨​ភាគរយ តែ​ការអបអរ​បុណ្យ​ណូអែល​ជា​ផ្នែក​មួយ​នៃ​​រដូវ​បុណ្យ​ដំណាច់​ឆ្នាំ​ក្នុងប្រទេស​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

ដំរី ត្រូវបាន​តុបតែង​លម្អ​ជា សា​ន់តា ក្លស ចែកដាដូនិងសម្តែង​ជូន​សិស្ស​ទស្សនា នៅ​សាលារៀន​មួយ​ក្នុង​ខេត្ត​អាយុ​ទ្យា កាលពី​ថ្ងៃ​២៣​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម