យាន​របស់ Boeing ក្លាយជា​យានអវកាស Nasa ដំបូង​ដែល​ចុះចត​លើដី

287
ចែករម្លែក

ក្រុមហ៊ុន​ផលិត​យន្តហោះ​ខ្នាត​យក្ស​របស់​អាម៉េរិក Boeing បាន​ចុះចត​យាន​របស់ខ្លួន​ជាបន្ទាន់ នៅ​វាល​ខ្សាច់​ក្នុង​រដ្ឋ​ញូ​វ ម៉ិ​ក​ស៊ី​កូ (New Mexico) សហរដ្ឋ​អាម៉េរិក កាលពី​រំលងអធ្រាត្រ​ឈាន ចូល​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ បន្ទាប់ពី​ជើង​ហោះ​សាកល្បង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS គំរាមកំហែង​ធ្វើឱ្យ​ខូច​កិច្ចប្រឹងប្រែង​របស់​ក្រុមហ៊ុន​នេះ ក្នុងការ​បញ្ជូន​អវកាសយានិក សម្រាប់​អង្គការ NASA នៅ​ឆ្នាំក្រោយ​។
​ ​
យាន​ដែលមាន​ឈ្មោះថា Starliner បាន​ចុះចត​នៅ​តំបន់​សាកល្បង​សព្វាវុធ​យោធា White Sands Missile Range នៅមុន​ពេល​មេឃ​ភ្លឺ ក្រោយ​បាញ់​បង្ហោះ​បានតែ ២ ថ្ងៃ​ក្នុង​បេសកកម្ម ដែល​ត្រូវ​ចំណាយពេល​ជាង​មួយ​សប្ដាហ៍​។
​ ​
ប៉ុន្មាន​នាទី​ក្រោយពី​យាន Starliner ហោះ​ចេញពី Cape Canaveral ក្នុង​រដ្ឋ​ផ្លរីដា កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែធ្នូ កំហុស​សូ​ហ្វ​វែ​រ​បាន​បង្ក​ឱ្យ​យាន​នេះ​ហោះចូល​ខុស​គន្លង បណ្ដាលឱ្យ​មន្ត្រី​ប្រញាប់ បញ្ជូន​វា​មកកាន់​ភពផែនដី​វិញ​ជំនួស​ឱ្យ​ការបន្ត​ហោះ​ទៅកាន់​ស្ថានីយ ISS​។
​ ​
បេសកកម្ម​ដែល​បរាជ័យ​នេះ គឺជា​ការដើរថយក្រោយ​ដ៏​អាម៉ាស់​មួយទៀត​សម្រាប់​ក្រុមហ៊ុន ផលិត​យន្តហោះ​មួយ​នេះ ដែល​កំពុង​ជួប​វិបត្តិ​សុវត្ថិភាព​ជុំវិញ​កំហុស​សូ​ហ្វ​វែ​រដែ​ល​បាន​បណ្ដាល ឱ្យ​យន្តហោះ​ធុន 737 MAX ចុះចត​បុកដី ក្រោយ​ការធ្លាក់​យន្តហោះ​ពីរ​គ្រឿង​។
​ ​
នៅពេល​យាន Starliner ចុះចត​ក្នុង​រដ្ឋ​ញូ​វ ម៉ិ​ក​ស៊ី​កូ កាលពី​រំលងអធ្រាត្រ​ឈានចូល​ព្រឹក ថ្ងៃអាទិត្យ ឆត្រយោង​ធំ​បាន​រលាស់​បើក​ទាំង ៣ ហើយ​ពោង​ខ្យល់​បាន​ប៉ោង​ឡើង​ជុំវិញ យាន​ដើម្បី​ជួយ​ទប់​កម្លាំង​ប៉ះទង្គិច​។
​ ​
ទោះជា​យ៉ាងណា មជ្ឈមណ្ឌល​គ្រប់គ្រង​បេសកកម្ម (Mission Control Center) បាន​និយាយថា “​អបអរសាទរ​យាន Starliner” ដោយ​ចាត់ទុក​វា​ជាការ​ចុះចត​ដោយ​ជោគជ័យ​។
​ ​
​សូមបញ្ជាក់ថា វា​ជា​យានអវកាស​ផលិត​ដោយ​អាម៉េរិក ដំបូងបង្អស់​ដែល​បាន​ចុះចត​លើដី បន្ទាប់ពី​វិល​ត្រលប់​ពី​គន្លង​តារាវិថី​វិញ​។ យានអវកាស​ដំបូងៗ​របស់​អង្គការ​ណា​សា ដូចជា​យាន Mercury យាន Gemini និង​យាន Apollo សុទ្ធតែ​ចុះចត​នៅក្នុង​សមុទ្រ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម