ក្រុង​ស៊ីដនី ផ្គុំ “​ដើម​ណូអែល​ភ្លើង​ឆេះ​” តំណាងឱ្យ​សោកនាដកម្ម នៅ​អូស្ត្រាលី​

350
ចែករម្លែក

ដើម​ណូអែល​មួយ​ដែល​ត្រូវបាន​ផ្គុំ​ឡើង​ពី​កង់​ត្រូវ​ភ្លើង​ឆេះ កំណាត់ឈើ​ឆេះ​ខ្លោច និង​កណ្ដឹង អគ្គិភ័យ​ប្រមូលបាន​ពី​តំបន់​នានា​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ បាន​ក្លាយជា​និមិត្ត រូបតំណាង​ឱ្យ​រដូវ​កាល​ទេសចរណ៍​ដ៏​គួរឱ្យ​សោកសៅ​នៅ​ឆ្នាំនេះ​ក្នុង ប្រទេស​អូស្ត្រាលី​។
​ ​
យោងតាម​កាកបាតក្រហម​អូស្ត្រាលី ដែល​បាន​ជួយ​ផ្គុំ​ដើម​ណូអែល​នេះ​ក្នុង​យុទ្ធនាការ​រៃអង្គាស មូលនិធិ​ជួយ​ដល់​ជនរងគ្រោះ​ឱ្យដឹងថា “​ដើម​ណូអែល​ភ្លើង​ឆេះ​” (Burnt Christmas Tree) នេះ​ត្រូវ​បានដាក់​តាំងនៅ​សង្កាត់​ពាណិជ្ជកម្ម​កណ្ដាល​ក្រុង​ស៊ីដនី ជា “​និមិត្តរូប​តំណាងឱ្យ​ការ គាំទ្រ​ដល់​អ្នក​ដែល​បាន​បាត់បង់​ផ្ទះសម្បែង និង​របរ​រកស៊ី​ចិញ្ចឹមជីវិត​”​។
​ ​
វា​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន ដែល​ពលរដ្ឋ​អូស្ត្រាលី បាន​ធ្វើឡើង​ដើម្បី បំផុសស្មារតី​ថ្ងៃបុណ្យ​ឱ្យ​រស់រាន​ឡើងវិញ ខណៈ​ពួកគេ​កំពុង​ប្រឹង​ជម្នះ​គ្រោះ​ភ្លើង​ឆេះ​ព្រៃ អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ការបំពុល​ខ្យល់​បរិយាកាស ដែល​បាន​បណ្តាលឱ្យ​មនុស្ស ៨​នាក់ បាត់បង់​ជីវិត បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​អស់​ជាង ៧០០ ខ្នង និង​ដី​កសិកម្ម​អស់​ជាង ១,២ លាន​ហិកតា​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែធ្នូ ប្រទេស​អូស្ត្រាលី បានទទួល​រង​រលក​កម្ដៅ​ក្ដៅហែង ជា​ប្រវត្តិសាស្ត្រ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ជាង ២០០ កន្លែង​ក្នុង​រដ្ឋ​ចំនួន ៥ ធ្វើឱ្យ​ទីក្រុង​នានា ដែល​ស្ថិតនៅ​ចម្ងាយ​រាប់រយ​គីឡូ​ដី រួមទាំង​ក្រុង ស៊ីដនី ផង ត្រូវបាន​គ្របដណ្ដប់​ដោយផ្សែង​ពុល​៕ ដោយៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម