ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​រវាង​ជនសង្ស័យ​និង​សមត្ថកិច្ច ខណៈ​ដេញ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​

534
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រដេញ​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ចែកចាយ​គ្រឿងញៀន ខណៈ​កំពុង​ចែកចាយ​គ្រឿងញៀន និង​មានការ​ផ្ទុះអាវុធ​ទៅវិញទៅមក​ជាច្រើន​គ្រាប់ ទើប​បង្ក្រាបបាន​ជនសង្ស័យ​ចំនួន​២​នាក់ ដកហូត​ម៉ូតូ​មួយគ្រឿង​និង​កាំភ្លើងខ្លី​មួយ​ដើម​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​៩០ ផ្លូវ​៣១៥ ក្រុម​៩០ ភូមិ​៧ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។

​ជនសង្ស័យ​ទី​១-​ឈ្មោះ មាស សិលា ហៅ សីលា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ដីឡូត៍​លេខ​៩០ ផ្លូវ​លេខ​៣១៥ ក្រុមទី​៣៣ ភូមិ​៧ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។ ២-​ឈ្មោះ គិត ម៉េង​លី ហៅ លី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ និស្សិត​ ស្នាក់​នៅផ្ទះ​ដីឡូត៍​លេខ​៩០ ផ្លូវ​លេខ​៣១៥ ក្រុមទី​៣៣ ភូមិ​៧ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​បាន​តាមដាន​ជា​យូរ​មកហើយ លុះ​នៅ​យប់កើតហេតុ​ទើប​ធ្វើការ​តាមដាន​ពីក្រោយ​ជនសង្ស័យ​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់​ពេលនោះជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​រហូត​ទៅដល់​ស្តុ​ប​ផ្សារ​មាន់​អាំង ដើម្បី​ចែកចាយ​គ្រឿងញៀន។​ភ្លាមនោះ កម្លាំង​នគរបាល​ក៏បាន​ប្រដេញ​តាម​រហូត​ជនសង្ស័យ​ជិះ​ចូល​ផ្ទះ​និង​បាន​បាញ់​ទៅលើ​សមត្ថកិច្ច​ជា​ចំនួន​៤​គ្រាប់ ទើប​សមត្ថកិច្ច​បាញ់​រំដោះខ្លួន​ចំនួន​១​គ្រាប់​វិញ​។

​សមត្ថកិច្ច​បាន​បន្តថា ពេលនោះ​កម្លាំង​នគរបាល​ឡោមព័ទ្ធ និង​សម្រុក​ចូលចាប់​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​ដកហូត​អាវុធខ្លី​មួយ​ដើម​ម៉ាក SIGSOWER P320 រួមទាំង​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1GD 4729 ផងដែរ​។

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការនគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម