ម៉ូតូ​ខូច​ឈប់​ជួសជុល ​ត្រូវ​រថយន្ត​ដឹក​ទឹកកក​បុក​កិន​ពីលើ​ស្លាប់ រួច​រថយន្ត​បើក​រត់គេច​បាត់ស្រមោល​

309
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​កំពុង​ជួសជុល​ម៉ូតូ​សុខៗ ត្រូវ​រថយន្ត​​ដឹក​ទឹកកក​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បើក​គេចខ្លួនបាត់​។​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​អង្គារ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ជិត​ផ្លូវ​រទេះភ្លើង ក្នុងភូមិ​ចែង​មែ​ង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ប៉ែន ស្រស់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាង​ឡាន ស្នាក់នៅ​ជិត​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ផ្លាកលេខ កណ្ដាល 1N 6141 ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ម៉ូតូ​ជនរងគ្រោះ​បាន​ខូច​ហើយ ជនរងគ្រោះ​ក៏បាន​បណ្ដើរ​ម៉ូតូ​អែប​ខាង ដើម្បី​ជួសជុល​ម៉ូតូ​ ក៏មាន​រថយន្ត​ទឹកកក​មួយគ្រឿង​មិន​ចាំ​ផ្លាក​លេខ​ធ្វើដំណើរ​យ៉ាង​លឿន​ស្រប​ទិស​គ្នា ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង​រួច​កិន​ពីលើ​ស្លាប់​។ ចំណែក​រថយន្ត​បង្ក​បើក​គេច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​តាមផ្លូវ​ច្បាប់ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម